បាតុភូត El Nino បានកើនឡើងកាន់តែធ្ងន់ធ្ងរទៅៗបានគំរាមកំហែងដល់តំបន់អាស៊ី បង្ករជាគ្រោះរាំងស្ងួត ទឹកជំនន់ បន្តធ្វើឱ្យតម្លៃស្បៀងអាហារកើនឡើងនៅទូទាំងពិភពលោកដែរ

សញ្ញាទាំងអស់បង្ហាញថា បាតុភូត El Nino ក្នុងឆ្នាំនេះនឹងមានកម្រិតធ្ងន់ធ្ងរបំផុតមិនធ្លាប់មាន។ អ្នកជំនាញលើកឡើងថា បាតុភូតនេះអាចបង្កឱ្យមានគ្រោះរាំងស្ងួតធ្ងន់ធ្ងរនៅក្នុងតំបន់អាស៊ី និងបាតុភូតអាកាសធាតុធ្ងន់ធ្ងរផ្សេងទៀតនៅទូទាំងពិភពលោក ដែលគំរាមកំហែងដល់សន្តិសុខស្បៀងសម្រាប់មនុស្សរាប់លាននាក់។ El Nino គឺជាផ្នែកមួយនៃវដ្តអាកាសធាតុតាមបែបធម្មជាតិដែលធ្វើឱ្យសីតុណ្ហភាពទឹកសមុទ្រកើនឡើង ប៉ុន្តែសម្រាប់ឆ្នាំនេះ វាត្រូវបានគេរំពឹងថានឹងបង្កឱ្យមានគ្រោះរាំងស្ងួត ឡើងកំដៅកម្ដៅខ្លាំង ឬ (heat waves) ទឹកជំនន់ និងការរំខានផ្សេងៗទៀតដែលពាក់ព័ន្ធនឹងអាកាសធាតុក្នុងកម្រិតធ្ងន់ធ្ងរថ្មីមួយទៀត នៅតំបន់អាមេរិកខាងត្បូង អាហ្វ្រិក និងអាស៊ី។ តំបន់អាស៊ីអាគ្នេយ៍គឺជាតំបន់មួយក្នុងចំណោមតំបន់ដែលងាយរងគ្រោះបំផុតដោយសារអាកាសធាតុនៅលើពិភពលោក។ តំបន់នេះកំពុងជួបប្រទះវិបត្តិថាមពលដែលបង្កឡើងដោយសង្គ្រាមនៅអ៊ីរ៉ង់ស្រាប់ទៅហើយ។ បាតុភូត El Nino កំពុងបង្កឱ្យមានភ្លើងឆេះព្រៃនៅតាមតំបន់កសិកម្ម ធ្វើឱ្យធនធានទឹកសម្រាប់ទីក្រុងធំៗត្រូវថយចុះ និងប៉ះពាល់ដល់ការនេសាទត្រីនៅក្នុងតំបន់។ លោក Kareff Rafisura ប្រធានផ្នែកកាត់បន្ថយហានិភ័យគ្រោះមហន្តរាយនៅគណៈកម្មការសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក (UNESCAP) បានមានប្រសាសន៍ថា៖ បច្ចុប្បន្នភាពទៅរួច ៩០% បានកើតឡើងរួចហើយ ដែលបាតុភូត El Nino នេះនឹងកើនឡើងដល់កម្រិតខ្លាំងបំផុតនៅចុងឆ្នាំនេះ។ លោកបានបន្ថែមថា៖ ហេតុផលទីពីរគឺថា មានលទ្ធភាពខ្ពស់ណាស់ (រហូតដល់៦៩% គិតត្រឹមសប្តាហ៍មុន) ដែលបាតុភូត El Nino នេះនឹងក្លាយជាបាតុភូតដ៏ខ្លាំងបំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ ១៩៥០ មក។ រដ្ឋាភិបាលនានានៅអាស៊ី ដែលបានប្រើប្រាស់ទុនបម្រុងហិរញ្ញវត្ថុរបស់ខ្លួនដើម្បីកាត់បន្ថយផលប៉ះពាល់ពីសង្គ្រាម (ដូចជាការកើនឡើងថ្លៃថាមពល និងការខ្វះខាតជី) ដែលវាមានលទ្ធភាពតិចតួចក្នុងការទប់ទល់នឹងបាតុភូត El Nino ដែលកាន់តែធ្ងន់ធ្ងរឡើងនៅឆ្នាំនេះ ហើយត្រូវបានព្យាករណ៍ថានឹងឈានដល់កម្រិតកំពូលនៅខែធ្នូខាងមុខដែរ៕

សម្រួលអត្ថបទ៖ សុផារិន្ទ