នាវាចម្បាំងកាណាដា HMCS Regina ចូលចតនៅកម្ពុជា ដើម្បីរឹតចំណងមិត្តភាព និងធ្វើលំហាត់ហ្វឹកហ្វឺនរួមគ្នា
ក្រុងព្រះសីហនុ៖ នាព្រឹកថ្ងៃអង្គារ ទី២២ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ១០:០០ នាទីព្រឹក នាវាចម្បាំងរបស់កងទ័ពជើងទឹកនៃប្រទេសកាណាដា ដែលមានឈ្មោះថា HMCS Regina (FFH334) បានចូលចតជាផ្លូវការនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងប្រទេសកម្ពុជា។
លក្ខណៈបច្ចេកទេសរបស់នាវា
– មានប្រវែងបណ្តោយ៖ ១៣៤.២ ម៉ែត្រ
– ទទឹង៖ ១៦.៥ ម៉ែត្រ
– ជម្រៅទឹក៖ ៧.១ ម៉ែត្រ
– ទម្ងន់ផ្ទុក៖ ៤,៧៩៥ តោន
មាននាវឹកសរុប ២៥៥ នាក់ ដឹកនាំដោយលោកវរនាវីឯក Darren Sleen។
ក្នុងពិធីទទួលស្វាគមន៍ជាផ្លូវការនេះ ភាគីកងទ័ពជើងទឹកភូមិន្ទកម្ពុជាត្រូវបានដឹកនាំដោយ លោកឧត្តមនាវីត្រី អ៊ិន សុខេមរា មេបញ្ជាការរងមូលដ្ឋានសមុទ្ររាម តំណាងកងទ័ពជើងទឹកភូមិន្ទកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីនាយនាវី និងយោធិនជាច្រើនរូប។ ពិធីនេះបាន ប្រព្រឹត្តិទៅក្នុងបរិយាកាស្និទ្ធស្នាល រីករាយ និងមានភាពកក់ក្តៅចំពោះគ្នាទៅវិញទៅមក។
សូមបញ្ជាក់ថា បេសកកម្មនៃការចូលចតនេះ មានគោលបំណងសំខាន់ក្នុងការរឹតបន្តឹងទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ។
អំឡុងពេលទស្សនកិច្ចនេះ កងនាវិកនៃប្រទេសកាណាដា នឹងមានកម្មវិធីផ្លាស់ប្តូរបទពិសោធន៍ ហ្វឹកហ្វឺនរួមគ្នា ព្រមទាំងការប្រកួតកីឡាមិត្តភាពជាមួយកងទ័ពជើងទឹកភូមិន្ទកម្ពុជា ដើម្បីបង្កើនភាពស្និទ្ធស្នាល និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត៕
អត្ថបទ: មន សូត្រ
រូបភាព: មូលដ្ឋានសមុទ្ររាម



