ជើងហោះហើររាប់រយត្រូវលុបចោលនៅភាគឦសាន USA ដោយសារបញ្ហាបច្ចេកទេស! ខណៈមេដឹកនាំនានាអញ្ជើញមកចូលរួមអង្គមហាសន្និបាតUN ប៉ុន្តែយន្តហោះលោក Trump នៅដំណើរការធម្មតា
ជើងហោះហើររាប់រយត្រូវបានលុបចោលនៅតំបន់ភាគឦសានសហរដ្ឋអាមេរិក ដោយសារបញ្ហាបច្ចេកទេសនៅមជ្ឈមណ្ឌលគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសក្នុងតំបន់ដ៏សំខាន់មួយ។ ហេតុការណ៍នេះបានធ្វើឱ្យសកម្មភាពហោះហើរនៅអាកាសយានដ្ឋានធំៗទាំងអស់ក្នុងតំបន់ទីក្រុងញូវយ៉កត្រូវផ្អាកដំណើរការអស់រយៈពេលជាច្រើនម៉ោងកាលពីថ្ងៃចន្ទម្សិលមិ ញនេះ ខណៈដែលមេដឹកនាំបរទេសជាច្រើនបានកំពុងធ្វើ ដំណើរតាមយន្តហោះនានាដើម្បីចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ។ ទោះជាយ៉ាងណាក៏ដោយ ជើង ហោះហើររបស់ប្រធានាធិបតី Donald Trump ពីទីក្រុងវ៉ាស៊ីនតោនទៅកាន់ទីក្រុងញូវយ៉ក នៅតែអាចដំណើរការហោះហើរចេញបានធម្មតាតាមការគ្រោងទុក។ បញ្ហាបច្ចេក ទេសនេះបានកើតឡើងនៅទីតាំងរបស់រដ្ឋបាលអាកាសចរ ណ៍សហព័ន្ធ ឬ (FAA) ក្នុងទីក្រុង Philadelphia ដែលជាទីតាំងដដែល ធ្លាប់បង្កឱ្យមានការរំខានជាច្រើនដងនៅអាកាស យានដ្ឋានអន្តរជាតិ Newark Liberty កាលពីនិទាឃរដូវឆ្នាំ ២០២៥។ មជ្ឈមណ្ឌលគ្រប់គ្រងក្នុងតំបន់បែបនេះមានខ្សែបញ្ជូនទិន្នន័យចំនួនពីរគឺ ខ្សែមេ (primary) និងខ្សែបម្រុង (backup)។ FAA បានឱ្យដឹងថា សៀគ្វីនៅលើខ្សែមេបានខូចនៅព្រឹកថ្ងៃចន្ទ ហើយនៅពេលដែលប្រព័ន្ធព្យាយាមប្តូរទៅប្រើខ្សែបម្រុងវិញ បុគ្គលិកបានរកឃើញថាខ្សែបញ្ជូនទិន្នន័យប្រភេទ fiber optic ត្រូវបានដាច់។ រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន លោក Sean Duffy បានលើកឡើងថា ក្រុមការ ងារសំណង់របស់ក្រុមហ៊ុន Amtrak គឺជាអ្នកទទួលខុសត្រូវចំពោះបញ្ហានេះ។ លោកបានប្រាប់អ្នកសារព័ត៌មានថា៖ បញ្ហាទាំងនេះគឺជាបញ្ហាដែលមិនមែនជារឿងថ្មីសម្រាប់យើងនោះទេ។ យើងដឹងថាបញ្ហាទាំងនេះអាចកើតឡើងបាន ដោយលោកបានសង្កត់ធ្ងន់លើតម្រូវការថវិកាសម្រាប់ការជួសជុលកែលម្អប្រព័ន្ធទាំងមូល។ លោកបានបន្ថែមថា៖ យើងដឹងថាអ្វីដែលត្រូវជួសជុល ហើយវានឹងទាមទារឱ្យមានកិច្ចសហប្រតិ បត្តិការជាមួយសភាដើម្បីធ្វើឱ្យស្ថានភាពនេះអាចប្រសើរឡើងបាន។ ការដាច់ប្រព័ន្ធនេះបានប៉ះពាល់ដល់ជើងហោះ ហើរសម្រាប់ទីក្រុង Philadelphia ក៏ដូចជាអាកាសយានដ្ឋាន Kennedy, LaGuardia និង Newark ផងដែរ។ នៅមុនពេលរសៀលនោះ ជើងហោះហើរមួយចំនួនបានចាប់ផ្តើមដំណើរការឡើងវិញនៅអាកាសយានដ្ឋាន LaGuardia, Kennedy និង Philadelphia។ ទោះជាយ៉ាងណាក៏ដោយ ការពន្យារពេលជាច្រើនម៉ោង ត្រូវបានគេរំពឹងថានឹងបន្តកើតមានពេញមួយថ្ងៃទៀត។ ក្រុមហ៊ុនអាកាសចរណ៍មួយចំនួនបានអនុញ្ញាតឱ្យអតិថិជនរបស់ពួកគេផ្លាស់ប្តូរជើងហោះហើរដោយមិនគិតថ្លៃបន្ថែម។ FAA បានណែនាំដល់អ្នកដំណើរឱ្យពិនិត្យមើលស្ថានភាពជើងហោះ ហើររបស់ពួកគេជាមួយក្រុមហ៊ុនអាកាសចរណ៍រៀងៗខ្លួន មុនពេលធ្វើដំណើរទៅកាន់អាកាសយានដ្ឋានទាំងនោះ៕
សម្រួលអត្ថបទ៖ សុផារិន្ទ



