ក្រសួងការងារព្រមានចាត់វិធានការតាមច្បាប់ចំពោះបុគ្គល ឬក្រុមហ៊ុនផ្សាយព័ត៌មានការងារ ឬបញ្ជូនពលករទៅធ្វើការនៅក្រៅប្រទេសដោយខុសច្បាប់
ភ្នំពេញ ៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ សូម ជម្រាបជូនដល់សាធារណជន ជាពិសេសប្រជាពលរដ្ឋខ្មែរ ដែលមានបំណងស្វែងរកការងារធ្វើនៅក្រៅប្រទេសឱ្យបានជ្រាបថា ថ្មីៗនេះ ក្រសួងតែងកត់សម្គាល់ឃើញថាមាន ជនឆ្លៀតឱកាសបានផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គម អំពីការសម្របសម្រួលផ្តល់សេវា និងរត់ការជួយ ប្រជាពលរដ្ឋខ្មែរដើម្បីទៅធ្វើការនៅក្រៅប្រទេស ដោយពុំមានការអនុញ្ញាតពីក្រសួងការងារនិងបណ្តុះបណ្តាល វិជ្ជាជីវៈឡើយ។
ដើម្បីធានាបាននូវការធ្វើទេសន្តរប្រវេសន៍ការងារដោយសុវត្ថិភាព ការការពារសិទ្ធិ និងអត្ថប្រយោជន៍ ស្របច្បាប់របស់ប្រជាពលរដ្ឋខ្មែរ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមបញ្ជាក់អំពីយន្តការផ្លូវការដែល កំពុងអនុវត្តក្នុងការបញ្ជូនជនទេសន្តរប្រវេសន៍ការងារខ្មែរទៅធ្វើការនៅក្រៅប្រទេសដោយស្របច្បាប់មានចំនួន ២ ដូចខាងក្រោម៖
១. យន្តការបញ្ជូនតាមរយៈរដ្ឋនិងរដ្ឋ៖ យន្តការនេះត្រូវបានគ្រប់គ្រងនិងអនុវត្តផ្ទាល់ដោយក្រសួង ការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយរដ្ឋាភិបាលនៃបណ្តាប្រទេសទទួល រួមមាន៖
សាធារណរដ្ឋកូរ៉េ៖ វិស័យឧស្សាហកម្ម កសិកម្ម និងសំណង់ រដ្ឋអ៊ីស្រាអែល៖ វិស័យកសិកម្ម។
២. យន្តការបញ្ជូនតាមរយៈឯកជននិងឯកជន៖ យន្តការនេះអនុវត្តតាមរយៈទីភ្នាក់ងារផ្តល់សេវា ការងារក្រៅប្រទេស ដែលទទួលបានការអនុញ្ញាតពីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ
សម្រាប់បណ្តាប្រទេស ដូចខាងក្រោម៖
ប្រទេសជប៉ុន៖ កម្មសិក្សាការី និងពលករជំនាញ
ប្រទេសម៉ាឡេស៊ី៖ ផ្នែកទូទៅ និងសេវាកម្មតាមផ្ទះនិងសណ្ឋាគារ
ប្រទេសសិង្ហបុរី៖ ផ្នែកទូទៅ (កម្មន្តសាល សំណង់ កែច្នៃ ផលិត ជួសជុលនាវា និងសេវាកម្ម) និងស្ត្រីជំនួយការផ្ទះ
តំបន់រដ្ឋបាលពិសេសហុងកុង៖ ស្ត្រីជំនួយការផ្ទះ
ប្រទេសវៀតណាម៖ វិស័យឧស្សាហកម្ម និងសំណង់
– បណ្តាប្រទេសអារ៉ាប់៖ ផ្នែកបដិសណ្ឋារកិច្ច និងសណ្ឋាគារ។
សាធារណជន អាចស្វែងរកបញ្ជីឈ្មោះបច្ចុប្បន្នភាពទីភ្នាក់ងារផ្តល់សេវាការងារក្រៅប្រទេសបានតាមរយៈ គេហទំព័រផ្លូវការរបស់ក្រសួងតាមរយៈតំណភ្ជាប់ www.mlvt.gov.kh ឬកម្មវិធីទូរសព្ទដៃរបស់ក្រសួង “MLVT Services” ឬតាម “បញ្ហារសេវាសាធារណៈចល័តរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ” និងតាមរយៈ តំណរភ្ជាប់ https://tracking.ocwc.co/។
ដើម្បីចៀសវាងការធ្លាក់ខ្លួនជាជនរងគ្រោះនៃអំពើជួញដូរមនុស្ស និងការកេងប្រវ័ញ្ចកម្លាំងពលកម្ម ក្រសួងសូមក្រើនរំលឹកដល់សាធារណជន និងប្រជាពលរដ្ឋខ្មែរដែលមានបំណងទៅធ្វើការនៅក្រៅប្រទេសត្រូវ៖
១. ស្វែងយល់ឱ្យបានច្បាស់លាស់អំពីនីតិវិធីទៅធ្វើការនៅក្រៅប្រទេសដោយស្របច្បាប់។
២. មិនត្រូវជឿលើការឃោសនាបោកប្រាស់របស់មេខ្យល់ ឬបុគ្គលដែលអះអាងថាអាចបញ្ជូនទៅធ្វើការ នៅក្រៅប្រទេសបានលឿន ដោយមិនបាច់ឆ្លងកាត់នីតិវិធីស្របច្បាប់។
៣. ពិនិត្យ និងផ្ទៀងផ្ទាត់បញ្ជីឈ្មោះទីភ្នាក់ងារផ្តល់សេវាការងារក្រៅប្រទេសជាមួយក្រសួងការ បណ្តុះបណ្តាលវិជ្ជាជីវៈ ឬមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈរាជធានី ខេត្ត។
៤. ជ្រើសរើសតែទីភ្នាក់ងារផ្តល់សេវាការងារក្រៅប្រទេសណា ដែលទទួលបានការអនុញ្ញាតពីក្រសួង ការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈតែប៉ុណ្ណោះ។
ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះបុគ្គល ឬក្រុមហ៊ុន ទាំងឡាយណា ដែលផ្សព្វផ្សាយព័ត៌មានឱកាសការងារ ឬសម្របសម្រួលបញ្ជូនពលករទៅធ្វើការនៅក្រៅប្រទេស ដោយខុសច្បាប់ និងគ្មានការអនុញ្ញាតពីក្រសួង៕



