ឯកឧត្តម ឃឹង សារ៉ាត់ និងលោកជំទាវ អញ្ជើញជាអធិបតីក្នុងពិធីសិតព្រះពុទ្ធរូបស្ពាន់ចំនួន ៣ ព្រះអង្គ នៅវត្តភ្នំតូច ខេត្តតាកែវ
ខេត្តតាកែវ៖ នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងលោកជំទាវ ឆាយ សាលីន ព្រមទាំងឯកឧត្តម ឧត្តមសេនីយ៍ឯក ឆយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ និងលោកជំទាវ ដែលជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុង ពិធីសិតព្រះពុទ្ធរូបដែលកសាងអំពីស្ពាន់ចំនួន ៣ ព្រះអង្គ នៅវត្តភ្នំតូច ស្ថិតក្នុងភូមិភ្នំតូច ឃុំសូរភី ស្រុកបាទី ខេត្តតាកែវ។
ពិធីនេះមានការនិមន្ត និងអញ្ជើញចូលរួមពីព្រះសង្ឃ គណៈកម្មការអាចារ្យវត្ត មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ ប្រជាការពារ ព្រមទាំងប្រជាពុទ្ធបរិស័ទជាច្រើនរូប ដោយបានប្រព្រឹត្តទៅក្នុងបរិយាកាសប្រកបដោយសទ្ធាជ្រះថ្លា និងសាមគ្គីភាព។
ក្នុងឱកាសដ៏មានអត្ថន័យនេះ ឯកឧត្តម ឃឹង សារ៉ាត់ និងលោកជំទាវ បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ដែលបានចូលរួមធ្វើបុណ្យ និងចូលរួមចំណែកជាមួយព្រះសង្ឃ គណៈកម្មការវត្ត និងពុទ្ធបរិស័ទ ដើម្បីលើកស្ទួយ និងអភិវឌ្ឍវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងជាផ្នែកមួយដ៏សំខាន់នៃអត្តសញ្ញាណ វប្បធម៌ និងប្រពៃណីដ៏ល្អផូរផង់របស់ជាតិខ្មែរ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ឃឹង សារ៉ាត់ បានលើកឡើងថា ការចូលរួមកសាង និងថែរក្សាសមិទ្ធផលព្រះពុទ្ធសាសនា គឺជាការចូលរួមចំណែកដ៏មានតម្លៃក្នុងការថែរក្សាប្រពៃណី ទំនៀមទម្លាប់ វប្បធម៌ និងសីលធម៌សង្គម។ ការរួមគ្នារបស់ព្រះសង្ឃ អាជ្ញាធរ និងប្រជាពុទ្ធបរិស័ទ នឹងក្លាយជាកម្លាំងសាមគ្គីដ៏សំខាន់ក្នុងការធ្វើឱ្យវិស័យព្រះពុទ្ធសាសនាកាន់តែរីកចម្រើន និងលេចចេញជាសមិទ្ធផលដើម្បីបម្រើដល់សេចក្តីត្រូវការរបស់សហគមន៍។
ឯកឧត្តមបានបន្តថា «រួមគ្នាដើម្បីកសាងវិស័យព្រះពុទ្ធសាសនា ឱ្យមានការរីកចម្រើន» គឺជាស្មារតីនៃការចូលរួមរបស់ពុទ្ធបរិស័ទគ្រប់ទិសទី ដោយផ្តោតលើការកសាងសមិទ្ធផលដែលអាចប្រើប្រាស់បានយូរអង្វែង និងផ្តល់ផលប្រយោជន៍ដល់ព្រះសង្ឃ និងពុទ្ធបរិស័ទនៅក្នុងមូលដ្ឋាន។
ដោយឡែក ព្រះចៅអធិការវត្តភ្នំតូច និងគណៈកម្មការអាចារ្យវត្ត បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម ឃឹង សារ៉ាត់ និងលោកជំទាវ និងឯកឧត្តម ឆយ គឹមខឿន និងលោកជំទាវ ដែល មានសទ្ធាជ្រះថ្លា ចូលរួមក្នុងការកសាងសមិទ្ធផលព្រះពុទ្ធសាសនានៅក្នុងវត្តភ្នំតូច ព្រមទាំងបានចាត់តាំងក្រុមការងារចុះពិនិត្យសំណង់ ឧបដ្ឋានសាលា ដើម្បីសិក្សាបច្ចេកទេស និងរៀបចំផែនការបន្តកសាងដំបូលឱ្យបានរឹងមាំ និងសមរម្យ។
ការចូលរួមរបស់សប្បុរសជន ព្រះសង្ឃ អាជ្ញាធរ និងប្រជាពុទ្ធបរិស័ទក្នុងការកសាងសមិទ្ធផលនានា មិនត្រឹមតែជាការរួមចំណែកផ្នែកសម្ភារៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបង្ហាញពី សាមគ្គីភាព សទ្ធាជ្រះថ្លា និងការចូលរួមថែរក្សាមរតកព្រះពុទ្ធសាសនា និងវប្បធម៌ជាតិ ឱ្យបន្តស្ថិតស្ថេរ និងរីកចម្រើនសម្រាប់ព្រះសង្ឃ ពុទ្ធបរិស័ទ និងកូនចៅជំនាន់ក្រោយ។
ពិធីសិតព្រះពុទ្ធរូបស្ពាន់ចំនួន ៣ ព្រះអង្គ នៅវត្តភ្នំតូច នាពេលនេះ ក៏ជាព្រឹត្តិការណ៍មួយដែលឆ្លុះបញ្ចាំងពីស្មារតីសាមគ្គីភាព និងសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទ ក្នុងការរួមគ្នាលើកស្ទួយវិស័យព្រះពុទ្ធសាសនា និងចូលរួមកសាងសមិទ្ធផលសាធារណៈសម្រាប់ប្រើប្រាស់ជាប្រយោជន៍រួមក្នុងសហគមន៍។
ជាមួយគ្នានេះ ឯកឧត្តម ឃឹង សារ៉ាត់ និងលោកជំទាវ បានឧបត្ថម្ភបច្ច័យចំនួន ៨,០០០ ដុល្លារអាម៉េរិក សម្រាប់ចូលរួមកសាង បល្ល័ង្កព្រះ និងបានចូលរួមចំណែកជួយដល់ការកសាង ដំបូលឧបដ្ឋានសាលា របស់វត្ត ដែលមានទំហំប្រមាណ ៣០ម៉ែត្រ គុណ ៥០ម៉ែត្រ។
ក្រៅពីនេះ ក៏មានការចូលរួមឧបត្ថម្ភដល់ការងារមូលដ្ឋាន និងអ្នកចូលរួមក្នុងពិធី ដោយក្នុងនោះមានការឧបត្ថម្ភជូនសាលាស្រុកចំនួន ១លានរៀល សាលាឃុំចំនួន ៥០ម៉ឺនរៀល កម្លាំងប៉ូលីសស្រុកចំនួន ៥០ម៉ឺនរៀល កម្លាំងអាវុធហត្ថស្រុកចំនួន ៥០ម៉ឺន ក្រុមភ្លេងចំនួន ៥០ម៉ឺនរៀល ប្រជាការពារចំនួន ៥០ម៉ឺនរៀល និងលោកយាយ លោកតា ក្នុងម្នាក់ៗចំនួន ១ម៉ឺនរៀលផងដែរ។




