ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អញ្ជើញប្រគល់សម្ភារៈការិយាល័យរដ្ឋបាល ដល់រដ្ឋបាលឃុំអំពិលទឹក និងចុះសួរសុខទុក្ខប្រធានភូមិ អតីតប្រធាន និងអនុប្រធានភូមិ ដែលមានជំងឺ និងចាស់ជរា នៅឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង

ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង រួមជាមួយនឹងក្រុមការងារ បានអញ្ជើញប្រគល់សម្ភារៈការិយាល័យរដ្ឋបាលដល់រដ្ឋបាលឃុំអំពិលទឹក និងចុះសួរសុខទុក្ខប្រធានភូមិ អតីតប្រធាន និងអនុប្រធានភូមិ ដែលកំពុងមានជំងឺ និងចាស់ជរា នៅឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បាននាំនូវប្រសាសន៍ផ្ដាំផ្ញើរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលជានិច្ចកាលសម្ដេចតែងតែគិតគូរពីអតីតមន្ត្រីរាជការគ្រប់ស្រទាប់វណ្ណៈ។ 

ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកប្រធានភូមិ អតីតប្រធាន និងអនុប្រធានភូមិ ទាំង ៤ រូប ដែលបានបម្រើសេវារដ្ឋបាលសាធារណៈ និងសម្របសម្រួលការងារជូនបងប្អូនប្រជាពលរដ្ឋដោយមិនគិតការនឿយហត់ ក្នុងរយៈពេលកន្លងមក។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ក៏បាននាំយកនូវសម្ភារៈប្រើប្រាស់មួយចំនួន រួមមានកុំព្យូទ័រ ម៉ាស៊ីនព្រីន ម៉ាស៊ីនបញ្ជាំងស្លាយ និងផ្ទាំងបញ្ជាំងស្លាយ ដែលជាអំណោយរបស់លោក យោគ សុវណ្ណារ៉ា ជាក្រុមការងារចុះមូលដ្ឋានឃុំអំពិលទឹក ជូនដល់រដ្ឋបាលឃុំអំពិលទឹកផងដែរ។ ការផ្ដល់ជូនសម្ភារៈការិយាល័យប្រើប្រាស់ខាងលើនេះ គឺជាផ្នែកមួយដ៏សំខាន់ក្នុងការជំរុញ និងពង្រឹងប្រសិទ្ធភាពនៃការផ្ដល់សេវាសាធារណៈ និងសម្រាប់តម្រូវការប្រើប្រាស់ជាចាំបាច់ក្នុងកិច្ចការងាររដ្ឋបាលរបស់ឃុំអំពិលទឹក៕