សាលារៀនសុវណ្ណភូមិ ប្រកាសដាក់ឱ្យប្រើប្រាស់កម្មវិធីអប់រំអន្តរជាតិ SACE មកពីអូស្ត្រាលី ជាមួយឱកាសទទួលបានសញ្ញាបត្រពីរ
សាលារៀនសុវណ្ណភូមិ នៃស្ថាប័នអប់រំ NTC Group បានរៀបចំ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវកម្មវិធីសិក្សាអន្តរជាតិ SACE (South Australian Certificate of Education) មកពីប្រទេសអូស្ត្រាលី ដើម្បីឆ្លើយតបទៅនឹងតម្រូវការអប់រំកម្រិតអន្តរជាតិ និងផ្តល់ឱកាសសិក្សាកាន់តែទូលំទូលាយជូនដល់សិស្សានុសិស្សកម្ពុជា។
ពិធីសម្ពោធដាក់ឱ្យអនុវត្ដជាផ្លូវការ នូវកម្មវិធីសិក្សាSACE International និងកម្មវិធីប្រគល់វិញ្ញាបនបត្របញ្ចប់ការសិក្សាឆ្នាំ២០២៥-២០២៦ នៃកម្មវិធីសិក្សាអន្តរជាតិបីភាសា ខ្មែរអង់គ្លេស ចិន នេះ ធ្វើឡើងកាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតអូស្រ្តាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា លោកឧកញ៉ា ជា ធីឡាយ អគ្គនាយក ស្ថាប័នអប់រំ NTC Group និង លោក Matt Clarke ប្រធានអភិវឌ្ឍន៍អាជីវកម្ម SACE International និងមានការចូលរួមពីថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ បុគ្គលិកសិក្សា អ្នកអាណាព្យាបាល សិស្សានុសិស្ស ជិត២ពាន់នាក់ នៅរាជធានីភ្នំពេញ ។
លោកឧកញ៉ា ជា ធីឡាយ បានឱ្យដឹងថា កម្មវិធី SACE នេះ ជាកម្មវិធីអប់រំស្តង់ដារអន្តរជាតិដែលទទួលស្គាល់ និងគាំទ្រពេញលេញពីរដ្ឋាភិបាលអូស្ត្រាលីភាគខាងត្បូង ហើយត្រូវបានប្រើប្រាស់ជាង ៤០ ឆ្នាំមកហើយនៅក្នុងប្រទេសជុំវិញពិភពលោក។
លោកឧកញ៉ា បន្ថែមថា កម្មវិធីសិក្សានេះ ក្រោយពីកាេធ្វើការប្រកាសជាផ្លូវការនេះទៅ សាលារៀនសុវណ្ណភូមិ គឺជានសាលារៀនដែលទទួលស្គាល់ជាលក្ខណៈអន្តរជាតិ ព្រោះពេលដែលសិស្សរៀនចប់កម្មវិធី SACE ពីសាលារៀនសុវណ្ណភូមិទៅ សិស្សសុវណ្ណភូមិអាចកាន់សញ្ញាបត្រនោះ ទៅរៀននៅសកលវិទ្យាល័យណាមួយក៏បាន នៅទូទាំងពិភពលោក ដែលគេទទួលស្គាល់ជាផ្លូវការនូវគុណភាពនៃការរៀនរបស់សិស្សនេះ។ ពិសេសសម្រាប់យើងទាំងអស់គ្នា ឬក៏សាធារណជននោះ កម្មវិធីមួយដែលមានផលចំណេញច្រើន សម្រាប់អស់លោក លោកស្រី ជាមាតាបិតាសិស្ស ជាពិសេសសិស្សានុសិស្ស ព្រោះបើបានរៀនកម្មវិធីនេះហើយ នឹងខុសប្លែកពីសិស្សផ្សេង ដែលរៀនកម្មវិធីចំណេះទូទៅធម្មតា បើបញ្ចប់ថ្នាក់ទី ១២ ដូចគ្នា។
លោកឧកញ៉ា ជា ធីឡាយ បានបញ្ជាក់បន្ថែមថា ការនាំយកកម្មវិធី SACE មកអនុវត្តនេះ គឺជាមោទនភាព និងជាជំហានវិវត្តន៍ដ៏សំខាន់របស់សាលារៀនសុវណ្ណភូមិ ក្នុងការប្រែក្លាយខ្លួនជាគ្រឹះស្ថានសិក្សាស្តង់ដារអន្តរជាតិ ដែលផ្តល់ជូននូវគុណភាពអប់រំខ្ពស់ ក្នុងតម្លៃសមរម្យស្របតាមជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជាទូទៅ។
ជាមួយគ្នានេះ ឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា បានអបអរសាទរចំពោះការដាក់ឱ្យអនុវត្តកម្មវិធីសិក្សាថ្មីនេះ និងបានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់លោកឧកញ៉ា ជា ធីឡាយ ព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ជាន់ថ្នាក់ ក្នុងការបន្តអភិវឌ្ឍកម្មវិធីសិក្សា និងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃវិស័យអប់រំ។
ក្រៅពីការប្រកាសដាក់ឱ្យអនុវត្តកម្មវិធី SACE International ពិធីនេះក៏បានរៀបចំចែកវិញ្ញាបនបត្របញ្ចប់ឆ្នាំសិក្សា ជូនសិស្សានុសិស្សផងដែរ ដែលជាឱកាសមួយដើម្បីអបអរសាទរចំពោះសមិទ្ធផល និងការខិតខំប្រឹងប្រែងរបស់សិស្សានុសិស្សក្នុងការបំពេញការសិក្សាប្រកបដោយការតស៊ូ និងការទទួលខុសត្រូវ។
សិស្សានុសិស្សដែលទទួលបានវិញ្ញាបនបត្រនៅក្នុងឱកាសនេះ ត្រូវបានលើកទឹកចិត្តឱ្យបន្តខិតខំសិក្សា អភិវឌ្ឍចំណេះដឹង និងជំនាញរបស់ខ្លួន ព្រមទាំងប្រើប្រាស់ឱកាសដែលទទួលបានពីកម្មវិធីសិក្សាអន្តរជាតិ ដើម្បីកសាងសមត្ថភាពនិងត្រៀមខ្លួនក្លាយជាធនធានមនុស្សដែលមានគុណភាពសម្រាប់សង្គមជាតិ។
គួរបញ្ជាក់ផងដែរថា ស្ថាប័នអប់រំ អិន ធី ស៊ីគ្រុប តែងតែបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបណ្តុះបណ្តាលសិស្សានុសិស្ស ស្របតាមបាវចនា “គុណភាព វិន័យ សេវាកម្ម” ដើម្បីចូលរួមចំណែកអភិវឌ្ឍវិស័យអប់រំនៅប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើន និងឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុងសតវត្សទី២១៕




