កូនត្នោតចំនួន ៣ពាន់ដើមត្រូវបានដាំបន្ថែមតាមព្រំដែនកម្ពុជា-វៀតណាម ក្នុងស្រុកបន្ទាយមាសបន្ទាប់ពីដាំបាន ១ម៉ឺន ៧ពាន់ដើមក្នុងស្រុកកំពង់ត្រាច
នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ អាជ្ញាធរខេត្តកំពតរួមនឹងមន្ទីរជំនាញពាក់ព័ន្ធ អាជ្ញាធរស្រុកបន្ទាយមាស និងប្រជាពលរដ្ឋបានរៀបចំពិធីយើងនាំគ្នាចូលរួមដាំកូនត្នោត ចំនួន ៣០០០ដើម ដើម្បីអបអរសាទរពិធី « រុក្ខទិវា» ៩ កក្កដា ឆ្នាំ២០២៦ ដើម្បីបរិស្ថានបៃតង និងមរតកវប្បធម៌ជាតិ ស្ថិតនៅភូមិសំរោងចិន ឃុំព្រៃទន្លេ ស្រុកបន្ទាយមាស ខេត្តកំពត ក្រោមធិបតីភាពឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត និងឯកឧត្តម តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្ត។
មានមតិសំណេះសំណាលនាឱកាសនោះ ឯកឧត្តម ម៉ៅ ធនិន បានគូសបញ្ជាក់យ៉ាងច្បាស់អំពីសារៈសំខាន់ និងអត្ថប្រយោជន៍ជាច្រើនឥតគណនានៃដើមត្នោត ដែលមិនត្រឹមតែផ្តល់ផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច និងជីវភាពរស់នៅប៉ុណ្ណោះទេ ប៉ុន្តែដើមត្នោតគឺជាដួងព្រលឹង និងជាអត្តសញ្ញាណជាតិដ៏រឹងមាំ តំណាងឱ្យទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលខេត្ត បានធ្វើការជំរុញ និងលើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមយកចិត្តទុកដាក់ថែរក្សា ការពារ និងបន្តដាំដើមត្នោតឱ្យបានកាន់តែច្រើនបន្ថែមទៀត។ ជាពិសេស ឯកឧត្តមបានផ្តួចផ្តើមគំនិតដល់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម ឱ្យចូលរួមបង្កើតអនុស្សាវរីយ៍ប្រកបដោយអត្ថន័យ ដោយគូស្វាមីភរិយាថ្មីពេលមកចុះសំបុត្រអាពាហ៍ពិពាហ៍ អាចឆ្លៀតចូលរួមដាំដើមត្នោតម្នាក់មួយដើម ដើម្បីទុកជាកេរដំណែល និងជាចំណែកជួយការពារព្រំដែនធម្មជាតិឱ្យកាន់តែមានភាពស្រស់បំព្រងតរៀងទៅ។
ឯកឧត្តម ម៉ៅ ធនិន បានបន្តថា នេះជាលើកទី៤ហើយ ដែលបានធ្វើពិធីដាំកូនត្នោតចំនួន ៣ពាន់ដើម បន្ទាប់ពីបានដាំចំនួន ៣ដងរួចមកហើយក្នុងស្រុកកំពង់ត្រាច កាលពីឆ្នាំ២០២២-២០២៣ និងឆ្នាំ២០២៤ ដែលទាំង៤លើកនេះសរុបកូនត្នោតដែលបានដាំចំនួន ២ម៉ឺនដើម។ ការដាំដើមត្នោតតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម នេះ គឺមានគោលដៅដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន តាមរយៈការទាញផលប្រយោជន៍ពីដើមត្នោត ក៏ដូចជានាពេលអនាគត តំបន់ទាំងនេះនឹងអាចក្លាយទៅជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ តាមរយៈការមកទស្សនាកម្សាន្ត និងទិញផលិតផលដែលធ្វើចេញពីដើមត្នោតផងដែរ។
យោងតាមរបាយការណ៍របស់លោក ចាន់ រិទ្ធិ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពត បានឱ្យដឹងថា នាពេលកន្លងមក មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពត បានរៀបចំពិធីដាំដើមត្នោត ចំនួន ០៣លើកមកហើយ នៅតាមបណ្ដោយព្រំដែនកម្ពុជា-វៀតណាម នៅក្នុងស្រុកកំពង់ត្រាច ដែលលើកទី១ នៅឆ្នាំ២០២២ ដាំដើមត្នោតនៅសងខាងផ្លូវខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា-វៀតណាម ប្រវែង ១០គីឡូម៉ែត្រ ដែលមានកូនត្នោតចំនួន ៥.០០០កូន ពីចំណុចតន់ហន់ ស្ថិតនៅភូមិព្រៃព្រូស ភូមិព្រះទ្រហឹង ភូមិកោះត្នោត និងភូមិកោះតាកូវ ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត។ លើកទី២ នៅឆ្នាំ២០២៣ ដាំដើមត្នោតនៅសងខាងផ្លូវខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា-វៀតណាម ប្រវែង ៥គីឡូម៉ែត្រ ដែលមានកូនត្នោតចំនួន ៧.៥០០ដើម នៅចំណុចអន្លង់ថ្ងាន់ ស្ថិតនៅភូមិអន្លង់ថ្ងាន់ ឃុំឬស្សីស្រុកខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត។ លើកទី៣ នៅឆ្នាំ២០២៤ ដាំដើមត្នោតនៅសងខាងផ្លូវខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា-វៀតណាម ប្រវែង ៣គីឡូម៉ែត្រ ដែលមានកូនត្នោតចំនួន ៤.៥០០ដើម នៅចំណុចកោះវែង ភូមិកោះចំការ ឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត។ ដោយលើកទី ៤ក្នុងឆ្នាំ២០២៦នេះ ដាំកូនត្នោតចំនួន ៣.០០០ដើម ស្ថិតនៅភូមិសំរោងចិន ឃុំព្រៃទន្លេ ស្រុកបន្ទាយមាស ខេត្តកំពត ដែលសរុបទាំង៤លើក កូនត្នោតទាំងអស់សរុបចំនួន ២០.០០០ដើម៕
អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត




