ឯកឧត្តម កឹម គុណវឌ្ឍន៍ ៖ សៀវភៅ និងការអាន មិនត្រឹមតែជាប្រភពចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែជាស្ពានសម្រាប់ការផ្លាស់ប្តូរវប្បធម៌ បទពិសោធន៍ និងការពង្រឹងមិត្តភាពរវាងប្រជាជនកម្ពុជា-ចិន ព្រមទាំងជំរុញការតភ្ជាប់ និងការរៀនសូត្ររបស់យុវជន

ភ្នំពេញ៖ ឯកឧត្តម កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការ តំណាងឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា សៀវភៅ និងការអាន មិនត្រឹមតែជាប្រភពចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែជាស្ពានសម្រាប់ការផ្លាស់ប្តូរវប្បធម៌ បទពិសោធន៍ និងការពង្រឹងមិត្តភាពរវាងប្រជាជនកម្ពុជា-ចិន ជាពិសេសការតភ្ជាប់ និងការរៀនសូត្ររបស់យុវជនជំនាន់ក្រោយ។

ការថ្លែងនេះធ្វើឡើងក្នុងពិធីបើក «ព្រឹត្តិការណ៍អំណានសហគ្រិនភាពយុវជន កម្ពុជា-ចិន (Tomorrow’s Boss)» និងពិធីសម្ពោធទូដាក់សៀវភៅ «ភាពកក់ក្តៅពីភាគខាងត្បូង បង្កើនទំនាក់ទំនងតាមរយៈសៀវភៅ» នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងព័ត៌មាន ក្រោមអធិបតីភាព ឯកឧត្តម ផឹង ពីន អនុប្រធានផ្នែកឃោសនាការនៃគណៈកម្មាធិការបក្សកុម្មុយនិស្តចិនខេត្តយូណាន និងជាប្រធានការិយាល័យកសាងអរិយធម៌ខាងស្មារតីនៃគណៈកម្មាធិការបក្សកុម្មុយនិស្តចិនខេត្តយូណាន ។

ឯកឧត្តម កឹម គុណវឌ្ឍន៍ បានលើកឡើងថា ទំនាក់ទំនងកម្ពុជា-ចិន កំពុងបន្តរីកចម្រើន និងពង្រឹងលើគ្រប់វិស័យ ហើយការផ្លាស់ប្តូររវាងប្រជាជន វប្បធម៌ និងយុវជន គឺជាមូលដ្ឋានសំខាន់ក្នុងការពង្រឹងចំណងមិត្តភាពរវាងប្រទេសទាំងពីរ។ ក្នុងន័យនេះ ការអាន និងការចែករំលែកសៀវភៅ អាចជួយបើកទូលាយការយល់ដឹងពីប្រវត្តិសាស្ត្រ វប្បធម៌ ចំណេះដឹង និងបទពិសោធន៍របស់គ្នាទៅវិញទៅមក។

ឯកឧត្តមបានបញ្ជាក់ថា «Tomorrow’s Boss» គឺជាវេទិកាដែលផ្តោតលើការលើកកម្ពស់ស្មារតីសហគ្រិនភាព នវានុវត្តកម្ម និងការរៀនសូត្ររបស់យុវជនកម្ពុជា-ចិន។ តាមរយៈការអាន និងការផ្លាស់ប្តូរបទពិសោធន៍ យុវជនអាចពង្រឹងចំណេះដឹង សមត្ថភាព និងគំនិតច្នៃប្រឌិត ដើម្បីចាប់យកឱកាសពីបច្ចេកវិទ្យា និងសេដ្ឋកិច្ចឌីជីថល។

ជាមួយគ្នានេះ ការបង្កើតទូដាក់សៀវភៅ «ភាពកក់ក្តៅពីភាគខាងត្បូង» នៅក្រសួងព័ត៌មាន ត្រូវបានចាត់ទុកថា ជាសកម្មភាពជាក់ស្តែងមួយសម្រាប់លើកកម្ពស់ការអាន និងពង្រីកការផ្លាស់ប្តូរចំណេះដឹង និងវប្បធម៌រវាងកម្ពុជា និងចិន។ ទន្ទឹមនឹងនេះ កិច្ចសហប្រតិបត្តិការផលិតកម្មវិធីទូរទស្សន៍រវាងទូរទស្សន៍ជាតិកម្ពុជា (TVK) និងមជ្ឈមណ្ឌលផ្សព្វផ្សាយអន្តរជាតិខេត្តយូណាន ក៏ជាផ្នែកមួយនៃការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកព័ត៌មាន និងសោតទស្សន៍រវាងភាគីទាំងពីរ។

ឯកឧត្តម កឹម គុណវឌ្ឍន៍ បានលើកទឹកចិត្តយុវជនកម្ពុជា និងចិន ឱ្យបន្តសិក្សា អានសៀវភៅ ចែករំលែកចំណេះដឹង និងបទពិសោធន៍ ព្រមទាំងប្រើប្រាស់ស្មារតីច្នៃប្រឌិត និងនវានុវត្តកម្ម ដើម្បីអភិវឌ្ឍសមត្ថភាព និងត្រៀមខ្លួនក្លាយជាកម្លាំងសំខាន់សម្រាប់អនាគត។

ឯកឧត្តមរដ្ឋលេខាធិការ បានសង្កត់ធ្ងន់ថា ក្រសួងព័ត៌មានបានបញ្ជាក់ពីការបន្តសហការយ៉ាងជិតស្និទ្ធជាមួយដៃគូចិន លើការផ្លាស់ប្តូរព័ត៌មាន វប្បធម៌ ចំណេះដឹង និងការអភិវឌ្ឍធនធានមនុស្ស ដើម្បីរួមចំណែកពង្រឹងទំនាក់ទំនង និងមិត្តភាពកម្ពុជា-ចិន ឱ្យកាន់តែស៊ីជម្រៅ និងរឹងមាំពីជំនាន់មួយទៅជំនាន់មួយ៕