ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី លើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋានទាំងអស់ ឱ្យបន្តពង្រឹងកិច្ចសហការគ្នាយ៉ាងជិតស្និទ្ធ

ខេត្តព្រះសីហនុ៖ នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ ២០២៦ ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះ សំណាលជាមួយក្រុមប្រឹក្សាឃុំ ស្មៀនឃុំ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សរុបជាង ១០០ នាក់ មកពី ១៤ ឃុំ ក្នុងស្រុកស្ទឹងហាវ និងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ពិធីនេះបានប្រព្រឹត្តទៅនៅទីស្នាក់ការក្រុមហ៊ុន អិមអធី រាប់ប៊ើរ ផ្លេនថេសិន (MRT Rubber Plantation) ស្ថិតក្នុងភូមិឬទ្ធី១ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

ក្នុងឱកាសនោះឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី បានពាំនាំនូវការសួរសុខទុក្ខយ៉ាងកក់ក្តៅ និងបានថ្លែងអំណរគុណចំពោះអាជ្ញាធរមូលដ្ឋាន រួមមាន ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ និងកងកម្លាំងនគរបាលរដ្ឋបាលឃុំទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋនាពេលកន្លងមក។

ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិត បានផ្តល់អនុសាសន៍ណែនាំ និងការលើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋានទាំងអស់ ឱ្យបន្តពង្រឹងកិច្ចសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បី៖

 -បង្កើនប្រសិទ្ធភាពសេវាសាធារណៈ៖ ខិតខំផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស មានតម្លាភាព និងគណនេយ្យភាព។

 -ពង្រឹងសន្តិសុខមូលដ្ឋាន៖ យកចិត្តទុកដាក់លើការថែរក្សាសន្តិសុខ សុវត្ថិភាព និងរបៀបរៀបរយសាធារណៈ តាមរយៈការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

 -ដោះស្រាយបញ្ហាប្រឈម៖ ក្តាប់ឱ្យជាប់នូវក្តីកង្វល់ និងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីចូលរួមដោះស្រាយជូនពួកគាត់បានទាន់ពេលវេលា។

ពិធីសំណេះសំណាលនេះបានបញ្ចប់ទៅក្រោមបរិយាកាសស្និទ្ធស្នាល និងរីករាយក្រៃលែង ដែលស្តែងឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំព្រឹទ្ធសភា ចំពោះសុខទុក្ខ និងការងាររបស់អាជ្ញាធរថ្នាក់មូលដ្ឋាន។

នៅក្នុងឱកាសនោះផងដែរ ឯកឧត្តមបណ្ឌិត និងលោកជំទាវ បានរៀបចំអាហារថ្ងៃត្រង់យ៉ាងសមរម្យជូនដល់គណៈប្រតិភូរួមដំណើរ និងអ្នកចូលរួមទាំងអស់ ព្រមទាំងបានឧបត្ថម្ភកាដូអនុស្សាវរីយ៍រួមមាន ពងមាន់ ប្រហិត សាច់ក្រក និងសាច់ចង្កាក់ ជូនដល់អ្នកចូលរួមជាង ១០០ នាក់ សម្រាប់យកទៅពិសាជាមួយគ្រួសារនៅគេហដ្ឋានផងដែរ៕

អត្ថបទ/រូបភាព៖ ផូង ថៃ