ការប្រគល់វត្ថុអនុស្សាវរីយ៍ជូនលោកសាស្ត្រាចារ្យ Chen Qiang ក្រោយបញ្ចប់វគ្គសិក្សាស្តីពី «សារៈសំខាន់នៃបច្ចេកវិទ្យា VR និង AR ក្នុងការបរិវត្តន៍កម្មព័ត៌មានឌីជីថល»
រដ្ឋធានីប៉េកាំង ប្រទេសចិន — ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦
នៅក្នុងដំណើរការនៃវគ្គបណ្តុះបណ្តាលអន្តរជាតិ ស្តីពី «ប្រព័ន្ធផ្សព្វផ្សាយថ្មី ដើម្បីជំរុញការអភិវឌ្ឍឧស្សាហកម្មប្រកបដោយគុណភាពខ្ពស់ សម្រាប់បណ្តាប្រទេសអាស៊ាន» នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ នេះ លោកសាស្ត្រាចារ្យ Chen Qiang មកពីសាកលវិទ្យាល័យទំនាក់ទំនងចិន (Communication University of China) បានអញ្ជើញធ្វើបទបង្ហាញយ៉ាងស៊ីជម្រៅ ស្តីពី «ការអនុវត្តបច្ចេកវិទ្យាការពិតនិម្មិត (Virtual Reality – VR) និងការពិតបន្ថែម (Augmented Reality – AR) ក្នុងការទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយសម័យទំនើប» ជូនដល់សិក្ខាកាមតំណាងបណ្តាប្រទេសអាស៊ាន ព្រមទាំងមន្ត្រីនៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា (ទទក)។
នៅក្នុងបទឧទ្ទេសនាមនោះ លោកសាស្ត្រាចារ្យបានគូសបញ្ជាក់ថា វិស័យប្រព័ន្ធផ្សព្វផ្សាយបច្ចុប្បន្នពុំមែនជាការបញ្ជូនព័ត៌មានតាមបែបប្រពៃណីទៀតឡើយ ពោលគឺទាមទារឱ្យមានការទាញយកផលប្រយោជន៍ជាអតិបរមាពីការរីកចម្រើននៃបច្ចេកវិទ្យាទំនើប ដើម្បីបង្កើនភាពទាក់ទាញ និងជំរុញការចូលរួមយ៉ាងសកម្មពីសំណាក់ទស្សនិកជន។ ការធ្វើសមាហរណកម្មបច្ចេកវិទ្យា VR និង AR នឹងជួយឱ្យស្ថាប័នសារព័ត៌មានមានភាពបត់បែនទាន់សភាពការណ៍ក្នុងយុគសម័យឌីជីថល និងឆ្លើយតបចំតម្រូវការដ៏សម្បូរបែបរបស់អ្នកទស្សនាជំនាន់ថ្មី។
លោកសាស្ត្រាចារ្យបានបកស្រាយលម្អិតអំពីលក្ខណៈបច្ចេកទេសស្នូលទាំងពីរ រួមមាន៖
– បច្ចេកវិទ្យា VR (Virtual Reality)៖ ជាបច្ចេកវិទ្យាបំប្លែងបរិយាកាស ដោយនាំអ្នកប្រើប្រាស់ចូលទៅក្នុងពិភពឌីជីថលទាំងស្រុង និងកាត់ផ្តាច់ចេញពីពិភពពិតជុំវិញខ្លួន។ បច្ចេកវិទ្យានេះនាំទស្សនិកជនឱ្យ «ឈានជើងចូលទៅក្នុង» ទីតាំង ឬព្រឹត្តិការណ៍ជាក់ស្តែងណាមួយ (ឧទាហរណ៍៖ ការប្រើប្រាស់វ៉ែនតា VR ដើម្បីទស្សនាក្នុងទម្រង់ ៣៦០ ដឺក្រេ) ដែលបង្កើតនូវបទពិសោធ និងអារម្មណ៍រស់រវើកដូចស្ថិតនៅក្នុងទិដ្ឋភាពពិតជាក់ស្តែង។
– បច្ចេកវិទ្យា AR (Augmented Reality)៖
ជាបច្ចេកវិទ្យាដែលរួមបញ្ចូលគ្នារវាងរូបភាព ក្រាហ្វិក 3D ឬទិន្នន័យឌីជីថល ទៅក្នុងទិដ្ឋភាពនៃពិភពជាក់ស្តែង។ វារួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើឱ្យការបង្ហាញព័ត៌មាន ឬការរៀបចំក្នុងស្ទូឌីយោមានភាពរស់រវើក ទាក់ទាញ និងងាយយល់ (ឧទាហរណ៍៖ ការបញ្ចាំងក្រាហ្វិកស្ថិតិអណ្តែតលើអាកាសក្បែរពិធីករក្នុងស្ទូឌីយោ ឬការអនុវត្តលើបណ្តាញសង្គម)។
លោកសាស្ត្រាចារ្យ Chen Qiang បានសង្កត់ធ្ងន់ជាចុងក្រោយថា៖ – –បរិវត្តកម្មការផ្សាយព័ត៌មានឌីជីថល តាមរយៈការបត់បែនទាន់ពេលវេលា និងការទាញយកប្រយោជន៍ពីបច្ចេកវិទ្យាទំនើបដូចជា VR និង AR ដោយឈរលើមូលដ្ឋាននៃការប្រកាន់ខ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈ ទំនុកចិត្ត និងជំនឿជាក់ពីសាធារណជន គឺជាគន្លឹះគ្រឹះដ៏សំខាន់បំផុត ដើម្បីធានាឱ្យស្ថាប័នសារព័ត៌មានអាចបន្តឈរជើង និងរក្សាបាននូវតម្លៃស្នូលរបស់ខ្លួនប្រកបដោយចីរភាព»។
បន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាលដ៏មានអត្ថន័យនេះ តំណាងសិក្ខាកាម និងមន្ត្រីទូរទស្សន៍ជាតិកម្ពុជា ក៏បានប្រគល់វត្ថុអនុស្សាវរីយ៍ជូនដល់លោកសាស្ត្រាចារ្យ Chen Qiang ដើម្បីជាកិច្ចថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចែករំលែកនូវចំណេះដឹង បទពិសោធ និងបច្ចេកវិទ្យាថ្មីៗដ៏មានតម្លៃដល់គណៈប្រតិភូទាំងអស់៕

អត្ថបទដោយ និងរូបភាព៖ ប្រាក់ សេងហួ ទទក


