ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ផ្តល់ការតម្រង់ទិសដល់គណៈកម្មការជំនាញទទួលបន្ទុកតាមវិស័យនីមួយៗទាំង៤ នៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់
(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ៤កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពស.២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ បានដឹកនាំកិច្ចប្រជុំលើកទី១ របស់គណៈកម្មការជំនាញទទួលបន្ទុកតាមវិស័យទាំង៤ នៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាប្រធាន និងសមាជិក សមាជិកា នៃគណៈកម្មការជំនាញទទួលបន្ទុកតាមវិស័យទាំង៤។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត មានប្រសាសន៍ថា ការជួបជុំរបស់យើងទាំងអស់គ្នាក្នុងកិច្ចប្រជុំនេះ គឺជាការចាប់ផ្តើមការងារដ៏មានជម្រៅ និងមានសមានគតិភាពទៅដល់ការអនុវត្តការកែទម្រង់ជាក់ស្តែងនៅតាមគ្រប់ក្រសួង ស្ថាប័នទាំងអស់របស់រាជរដ្ឋាភិបាល បន្ទាប់ពីយើងបានបញ្ចប់កិច្ចការជាច្រើនពាក់ព័ន្ធនឹងការរៀបចំទស្សនទាន គោលនយោបាយ យុទ្ធសាស្រ្ត កម្មវិធី និងផែនការសកម្មភាពនានា ក្នុងក្របខ័ណ្ឌនៃការកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល។ ដូច្នេះ កិច្ចការសំខាន់របស់យើងនាពេលនេះ គឺការរុញកិច្ចការកែទម្រង់ច្បាប់ឱ្យទៅដល់គ្រប់ក្រសួង ស្ថាប័ន ពិសេសការរៀបចំក្របខ័ណ្ឌយន្តការ នៅតាមក្រសួង ស្ថាប័ននីមួយៗ ដោយរួមបញ្ចូលគ្នានូវមុខងារចំនួន ៣ គឺ៖ ការងារនីតិកម្ម, ការងារកែទម្រង់ច្បាប់ និងការវាយតម្លៃផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត (RIA)។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការបន្តថា ការចូលរួមអនុវត្តរបស់គ្រប់ក្រសួង ស្ថាប័ន គឺជាកត្តាកំណត់ជោគជ័យនៃការកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល សំដៅឈានទៅកសាងបូរណភាពនៃប្រព័ន្ធច្បាប់ និងនីតិរដ្ឋនៅកម្ពុជា។
ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ក៏បានគូសរំលេចឡើងវិញ អំពីតួនាទីនិងភារកិច្ចសំខាន់ៗរបស់គណៈកម្មការជំនាញទទួលបន្ទុកតាមវិស័យនីមួយៗទាំង៤ ដូចមានកំណត់ក្នុងសេចក្ដីសម្រេចលេខ២៤ សសរ ចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ស្ដីពីការបង្កើតគណៈកម្មការជំនាញទទួលបន្ទុកតាមវិស័យ នៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ដើម្បីជាការតម្រង់ទិសក្នុងការអនុវត្តការងារចំពោះមុខ។ ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការបានគូសបញ្ជាក់ថា គណៈកម្មការជំនាញពុំមែនជាអ្នកតាក់តែងច្បាប់ជំនួសឱ្យក្រសួង ស្ថាប័នទេ ប៉ុន្តែដើរតួនាទីជាអន្តរកម្មរវាងគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ និងក្រសួង ស្ថាប័ននានា និងជួយពង្រឹងការរៀបចំ និងការអនុវត្តនូវកម្មវិធី និងផែនការសកម្មភាពនានាដែលគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់បានដាក់ចុះ និងនាំយកនូវកម្មវិធី និងផែនការសកម្មភាពទាំងនេះទៅអនុវត្តនៅស្ថាប័នសាមីរបស់ខ្លួន។ ជារួម គណៈកម្មការជំនាញជួយគិតគូររៀបចំក្របខ័ណ្ឌរួម ក្នុងការរៀបចំប្រព័ន្ធ និងផ្តល់ការតម្រង់ទិសឱ្យដើរនៅលើផ្លូវជាមួយគ្នា ឆ្ពោះទៅគោលដៅជាមួយគ្នា តាមគោលការណ៍រួម ប៉ុន្តែមិនត្រូវឱ្យបាត់នូវភាពជាម្ចាស់ និងភាពបន់បែនរបស់ក្រសួង ស្ថាប័នឡើយ។
ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ ក៏បានផ្តល់ការណែនាំផងដែរអំពីរបៀបរបបនៃការបំពេញការងារ ដែលនឹងត្រូវរៀបចំបទបញ្ជាផ្ទៃក្នុង និង SOP នាពេលខាងមុខ និងលើកទឹកចិត្តដល់គណៈកម្មការជំនាញទាំង៤ ត្រូវធ្វើការដោយប្រទាក់ក្រឡាគ្នាដើម្បីជំរុញការងារកែទម្រង់ច្បាប់នេះឱ្យដំណើរការទៅមុខទៅតាមទិសដៅដែលបានកំណត់ ទោះបីធនធានយើងនៅមានកម្រិត ទាំងថវិកា និងមនុស្ស។ ទន្ទឹមនេះ ចំពោះមុខត្រូវផ្តោតលើកិច្ចការអាទិភាពមួយចំនួនដូចជា៖ ការរៀបចំធ្វើបច្ចុប្បន្នភាពផែនការសកម្មភាពរួម ក្នុងក្របខ័ណ្ឌគណៈកម្មការដឹកនាំការកែទម្រង់ច្បាប់, ការរៀបចំផែនការនីតិកម្ម និងផែនការសកម្មភាពរបស់ក្រសួងស្ថាប័ន, ការរៀបចំគោលការណ៍ពាក់ព័ន្ធនឹងការតាក់តែងច្បាប់ ការអនុវត្តច្បាប់ និងការតាមដានវាយតម្លៃការអនុវត្តច្បាប់និងលិខិតបទដ្ឋានគតិយុត្ត ព្រមទាំងផែនការកសាងសមត្ថភាពស្ថាប័ន ពិសេសស្ថាប័នដែលត្រូវកសាងច្បាប់ច្រើន និងមានបច្ច័យខ្លាំងដល់វិស័យធុរកិច្ច និងក្រសួងស្ថាប័នខ្លះដែលមានភាពទន់ខ្សោយនៅឡើយ ព្រមទាំងវិស័យដែលទាមទារជំនាញបច្ចេកទេសខ្លាំង ដូចជាពាក់ព័ន្ធនឹង AI ជាដើម។ ជាមួយគ្នានេះ ត្រូវជួយការរៀបចំគំរូទម្រង់ផែនការសកម្មភាពរបស់ក្រសួង ស្ថាប័នប្រចាំឆ្នាំ និងទម្រង់របាយការណ៍សមិទ្ធកម្មរបស់ក្រសួង ស្ថាប័នប្រចាំត្រីមាស និងប្រចាំឆ្នាំផងដែរ។ ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ ក៏បានផ្តល់ការណែនាំឱ្យពន្លឿនការរៀបចំមជ្ឈមណ្ឌលទិន្នន័យច្បាប់ (Legal Data Center) និងបន្តជំរុញការស្រាវជ្រាវនិងតាក់តែងក្រមពាណិជ្ជកម្ម និងការរៀបចំទស្សនទានសម្រាប់ការរៀបចំក្រមរដ្ឋបាល។
អង្គប្រជុំក៏បានធ្វើការពិភាក្សាផងដែរ អំពីសេចក្តីព្រាងអនុក្រឹត្យស្តីពីការកំណត់និងការពិពណ៌នាមុខតំណែងវិជ្ជាជីវៈច្បាប់ ពិសេសការកំណត់គុណវុឌ្ឍិ ទាំងមុខតំណែងវិជ្ជាជីវៈឯកទេស និងមុខតំណែងវិជ្ជាជីវៈទូទៅ ក៏ដូចជាប្រាក់បំណាច់ និងកម្រិតឋានៈដែលត្រូវមានលក្ខណៈប្រហាក់ប្រហែលគ្នា (Equivalent) ធៀបនឹងមុខតំណែងគ្រប់គ្រង។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ បានផ្តល់ការណែនាំដល់ក្រុមការងារប្រមូលធាតុចូលពីក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីអាចបញ្ជូនសេចក្តីព្រាងអនុក្រឹត្យនេះទៅក្រសួងមុខងារសាធារណៈតាមកាលកំណត់។







