ឯកឧត្តម នេត្រ ភក្ត្រា៖ កំណែទម្រង់ធនធានមនុស្ស ជាគន្លឹះកសាងក្រសួងព័ត៌មានឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាពខ្ពស់
ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា ការកែទម្រង់ និងពង្រឹងធនធានមនុស្ស គឺជាគន្លឹះដ៏សំខាន់ក្នុងការកសាងស្ថាប័នឱ្យកាន់តែរឹងមាំ មានប្រសិទ្ធភាព និងអាចឆ្លើយតបបានទាន់ពេលវេលាទៅនឹងតម្រូវការការងារក្នុងវិស័យព័ត៌មាន និងសោតទស្សន៍។
ការលើកឡើងនេះធ្វើឡើងនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ ក្នុងឱកាសឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំ ដើម្បីវាយតម្លៃលទ្ធផល និងសមិទ្ធផលពាក់កណ្តាលអាណត្តិ ព្រមទាំងពិនិត្យផែនការការងារសម្រាប់ឆ្នាំ២០២៧-២០២៨ របស់ក្រសួងព័ត៌មាន ដែលប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺថ្ងៃទី១៧-១៨ ខែសីហា ឆ្នាំ២០២៦។
ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ការពង្រឹងធនធានមនុស្ស គឺជាមូលដ្ឋានដ៏សំខាន់សម្រាប់កសាងស្ថាប័នឱ្យមានភាពរឹងមាំ និងប្រសិទ្ធភាព។ ដូច្នេះ ក្រសួងត្រូវមានមន្ត្រីដែលមានចំនួនគ្រប់គ្រាន់ និងមានសមត្ថភាពសមស្រប ដើម្បីបំពេញភារកិច្ចដែលកាន់តែមានទំហំធំ និងស្មុគស្មាញ។
ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា ចំណុចសំខាន់មួយដែលត្រូវពិនិត្យ គឺតើក្រសួងមានធនធានមនុស្សគ្រប់គ្រាន់ ដើម្បីឆ្លើយតបទៅនឹងបន្ទុកការងារដែរឬទេ។ ដោយហេតុនេះ ការពង្រឹងសមត្ថភាពមន្ត្រីត្រូវធ្វើឱ្យស្របតាមទំហំ និងតម្រូវការការងាររបស់ក្រសួង។
ឯកឧត្តម នេត្រ ភក្ត្រា បានសង្កត់ធ្ងន់ថា ការជ្រើសរើស និងតែងតាំងមន្ត្រី ត្រូវផ្អែកលើគុណវុឌ្ឍិ សមត្ថភាព និងស្នាដៃការងារ។ ជាមួយគ្នានេះ ក្រសួងក៏បានដាក់ឱ្យអនុវត្តប្រព័ន្ធលើកទឹកចិត្ត ដើម្បីជំរុញមន្ត្រីឱ្យខិតខំបំពេញការងារ និងបង្កើនប្រសិទ្ធភាពការងាររបស់ខ្លួន។
ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា កំណែទម្រង់ស្ថាប័នត្រូវដើរទន្ទឹមគ្នាជាមួយការពង្រឹងវិន័យរបស់មន្ត្រី ដើម្បីធានាឱ្យការអនុវត្តការងារមានប្រសិទ្ធភាព តម្លាភាព និងការទទួលខុសត្រូវ។
ឯកឧត្តមបានជំរុញឱ្យបន្តពង្រឹងស្ថាប័ន និងពង្រីកមុខងាររបស់អង្គភាពនានា ឱ្យអាចឆ្លើយតបបានកាន់តែមានប្រសិទ្ធភាពទៅនឹងការវិវត្ត និងតម្រូវការថ្មីៗក្នុងវិស័យព័ត៌មាន និងសោតទស្សន៍។
ឯកឧត្តមរដ្ឋមន្ត្រីក៏បានសង្កត់ធ្ងន់ថា កំណែទម្រង់ដែលបានអនុវត្តក្នុងរយៈពេល៣ឆ្នាំកន្លងមក ត្រូវបង្ហាញជាលទ្ធផលជាក់ស្តែង តាមរយៈការធ្វើឱ្យស្ថាប័នមានសមត្ថភាពកាន់តែប្រសើរ និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋកាន់តែមានប្រសិទ្ធភាព។
កិច្ចប្រជុំរយៈពេល២ថ្ងៃនេះ ជាផ្នែកមួយនៃការបន្តអនុវត្តកំណែទម្រង់ស្ថាប័ន និងធនធានមនុស្សរបស់ក្រសួងព័ត៌មាន ក្នុងគោលដៅកសាងស្ថាប័នឱ្យកាន់តែរឹងមាំ មានវិន័យ ប្រសិទ្ធភាព និងអាចបំពេញតួនាទី និងភារកិច្ចបានស្របតាមការវិវត្តនៃវិស័យព័ត៌មាន និងសោតទស្សន៍ក្នុងយុគសម័យឌីជីថល៕







