ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រគល់សម្ភារៈបច្ចេកទេសដល់មន្ទីរព័ត៌មានរាជធានី-ខេត្តទាំង ២៥ និងណែនាំឱ្យប្រើប្រាស់ចំទិសដៅ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារព័ត៌មាន
ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានប្រគល់សម្ភារៈ និងឧបករណ៍បច្ចេកទេស រួមមាន កាមេរ៉ា កុំព្យូទ័រយួរដៃ និងឧបករណ៍ចាំបាច់ផ្សេងៗ ដល់មន្ទីរព័ត៌មានរាជធានី-ខេត្តទាំង ២៥ ដើម្បីគាំទ្រ និងពង្រឹងប្រសិទ្ធភាពការងារផ្នែកព័ត៌មាន និងសោតទស្សន៍នៅមូលដ្ឋាន។
ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរព័ត៌មានរាជធានី-ខេត្ត ឱ្យយកចិត្តទុកដាក់ប្រើប្រាស់សម្ភារៈ និងឧបករណ៍ដែលទទួលបាន ឱ្យចំទិសដៅ មានប្រសិទ្ធភាព និងមានការទទួលខុសត្រូវ ដោយផ្តោតជាសំខាន់លើការផលិត និងផ្សព្វផ្សាយព័ត៌មានដែលមានគុណភាព ត្រឹមត្រូវ រហ័ស និងមានប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ។
ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា សម្ភារៈទាំងនេះមិនមែនសម្រាប់ប្រើប្រាស់តែជាទ្រព្យសម្បត្តិរបស់អង្គភាពនោះទេ ប៉ុន្តែត្រូវយកទៅប្រើប្រាស់ឱ្យអស់លទ្ធភាព ដើម្បីបម្រើការងារព័ត៌មាននៅមូលដ្ឋាន និងជួយឱ្យមន្ទីរព័ត៌មានរាជធានី-ខេត្ត មានសមត្ថភាពកាន់តែប្រសើរក្នុងការចុះយកព័ត៌មាន ផលិតមាតិកា និងផ្សព្វផ្សាយសមិទ្ធផលការងាររបស់រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន និងអាជ្ញាធរមូលដ្ឋាន។
ជាមួយគ្នានេះ ឯកឧត្តម នេត្រ ភក្ត្រា បានណែនាំឱ្យមន្ត្រីប្រើប្រាស់ឧបករណ៍បច្ចេកទេសប្រកបដោយការថែទាំ និងគ្រប់គ្រងឱ្យបានល្អ ព្រមទាំងត្រូវចេះប្រើប្រាស់បច្ចេកវិទ្យាទំនើប និងបណ្តាញផ្សព្វផ្សាយឌីជីថល ដើម្បីឱ្យការផ្សព្វផ្សាយព័ត៌មានរបស់មន្ទីរព័ត៌មាននៅរាជធានី-ខេត្ត អាចឆ្លើយតបបានទាន់ពេលវេលា ទៅនឹងការរីកចម្រើននៃបច្ចេកវិទ្យា និងតម្រូវការព័ត៌មានរបស់សាធារណជន។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជំរុញឱ្យមន្ត្រីព័ត៌មាននៅមូលដ្ឋាន បង្កើនស្មារតីទទួលខុសត្រូវ វិជ្ជាជីវៈ និងសីលធម៌ក្នុងការងារ ដោយត្រូវផ្តល់អាទិភាពដល់ព័ត៌មានពិត មានប្រភពច្បាស់លាស់ និងមានតម្លៃសម្រាប់សង្គម ព្រមទាំងចូលរួមទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានមិនពិត និងព័ត៌មានដែលអាចបង្កការភាន់ច្រឡំក្នុងសង្គម។
ការប្រគល់សម្ភារៈបច្ចេកទេសដែលបម្រើ ឲ្យវិស័យព័ត៌មាន បានធ្វើឡើងនៅរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ នាទីស្តីការក្រសួង ហើយការផ្តល់នូវ កាមេរ៉ា កុំព្យូទ័រ យួរដៃ និង ឧបករណ៍ ផ្សេងៗ ទាំងនេះ ចាត់ទុកជាការបន្តពង្រឹងសមត្ថភាព និងធនធានរបស់មន្ទីរព័ត៌មានរាជធានី-ខេត្ត ដើម្បីឱ្យអង្គភាពព័ត៌មាននៅមូលដ្ឋានកាន់តែមានលទ្ធភាពក្នុងការបំពេញតួនាទីជាស្ពានព័ត៌មានរវាងរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ ព្រមទាំងរួមចំណែកលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការងារព័ត៌មាននៅទូទាំងប្រទេស៕







