ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដឹកនាំកិច្ចប្រជុំតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

ខេត្តព្រះសីហនុ៖ នារសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ នេះ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំប្រចាំខែ ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងតាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសំឡេងពីចម្ងាយ (Zoom) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីអភិបាលរាជធានី-ខេត្ត និងថ្នាក់ដឹកនាំសមត្ថកិច្ចពាក់ព័ន្ធទូទាំងប្រទេស។
សម្រាប់រដ្ឋបាលខេត្តព្រះសីហនុ កិច្ចប្រជុំនេះត្រូវបានធ្វើឡើងនៅសាលប្រជុំធំសាលាខេត្ត (ដឺរិច ម្លប់ជ្រៃ) ដោយមានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ព្រមទាំងប្រធានមន្ទីរ-អង្គភាព និងមន្ត្រីជំនាញពាក់ព័ន្ធមួយចំនួនទៀត។

ក្នុងកិច្ចប្រជុំនេះមានការពិភាក្សាលើបញ្ហាប្រឈម លើកឡើងពីចំណុចខ្វះខាត យុទ្ធសាស្ត្ររបស់ក្រុមឧក្រិដ្ឋជនដែលតែងតែផ្លាស់ប្តូររូបភាព និងស្វែងរកដំណោះស្រាយរួមដើម្បីបង្កើនប្រសិទ្ធភាពការងារ។ ការដាក់ចេញទិសដៅបន្ត ពង្រឹងកិច្ចសហការរវាងអាជ្ញាធរដែនដី និងកងកម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ក្នុងការស្រាវជ្រាវ និងឈានទៅលុបបំបាត់រាល់សម្បុកបទល្មើសអនឡាញឱ្យបានទាន់ពេលវេលា។
នៅក្នុងឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានដាក់ចេញនូវបទបញ្ជា និងណែនាំយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរដែនដី ក៏ដូចជាសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ខ្ពស់លើការងារសន្តិសុខ ស្ថិរភាពសង្គម ជាពិសេសការរឹតបន្តឹងការគ្រប់គ្រងវត្តមានជនបរទេស។
ជាទីបញ្ចប់ ឆ្លើយតបទៅនឹងបទបញ្ជាណែនាំរបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង និងបានធ្វើការណែនាំ ក៏ដូចជាផ្ដាំផ្ញើផ្ទាល់ដល់មន្ត្រី និងកងកម្លាំងប្រដាប់អាវុធពាក់ព័ន្ធទាំងអស់ ត្រូវរួមសហការគ្នាអនុវត្តនូវរាល់គោលការណ៍ដែលបានដាក់ចុះមកឱ្យមានប្រសិទ្ធភាព និងតម្លាភាពខ្ពស់។ ទន្ទឹមនឹងនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញឱ្យមន្ត្រីគ្រប់លំដាប់ថ្នាក់ ត្រូវបន្តពង្រឹងសមត្ថភាពការងារ បង្កើនការយកចិត្តទុកដាក់ និងការទទួលខុសត្រូវលើភារកិច្ច ដើម្បីធានាឱ្យបាននូវ សន្តិសុខ សុវត្ថិភាព ជូនដល់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកវិនិយោគទុនស្របច្បាប់ ព្រមទាំងរួមគ្នាលុបបំបាត់រាល់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឱ្យអស់ពីទឹកដីខេត្តព្រះសីហនុ ៕
អត្ថបទ ៖ កញ្ញា មឿន ស្រីមុំ