​អភិបាលរងខេត្តព្រះសីហនុថ្មី ប្ដេជ្ញាខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីចូលរួមអភិវឌ្ឍន៍ខេត្តព្រះសីហនុ អោយកាន់តែរីកចម្រើន

​ខេត្តព្រះសីហនុ៖ ពិធីប្រកាសផ្ទេរភារកិច្ច និងចូលកាន់មុខតំណែង អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ។នៅមជ្ឈមណ្ឌលមង្គលសេដ្ឋាច័ន្ទ ស្ថិតក្នុងភូមិ៦ សង្កាត់លេខ៤ ។
​យោងតាមអនុក្រឹត្យលេខ ៣៧២ អ.នក្រ.តត របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការផ្ទេរភារកិច្ចរបស់មន្ត្រីរាជការ បានសម្រេចផ្ទេរភារកិច្ច លោក សួស សិរីសួស្តី មន្ត្រីថ្នាក់លេខ៤ ពីអភិបាលរង នៃគណៈអភិបាលខេត្តក្រចេះ មកជា អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ។
​ថ្លែងក្នុងឱកាសដ៏វិសេសវិសាលនេះ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានអានរបាយការណ៍ស្វាគមន៍ និងសម្ដែងនូវការអបអរសាទរយ៉ាងកក់ក្តៅចំពោះ លោក សួស សិរីសួស្តី ដែលត្រូវបានរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ផ្តល់សេចក្តីទុកចិត្តផ្ទេរភារកិច្ចមកកាន់មុខតំណែងថ្មីនាពេលនេះ។
​ឯកឧត្តមអភិបាលខេត្ត បានសង្កត់ធ្ងន់លើកិច្ចការងារដឹកនាំរដ្ឋបាលខេត្ត ដោយស្នើនិងលើកទឹកចិត្តដល់ លោកអភិបាលរងថ្មី ត្រូវ​យកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តតួនាទី ភារកិច្ច ដែលថ្នាក់ដឹកនាំប្រគល់ជូន ប្រកបដោយមនសិការវិជ្ជាជីវៈ និងស្មារតីទទួលខុសត្រូវខ្ពស់។
​ចូលរួមចំណែកដឹកនាំរដ្ឋបាលខេត្តព្រះសីហនុ ឱ្យទទួលបានការអភិវឌ្ឍ និងរីកចម្រើនស្របតាមគោលនយោបាយ ច្បាប់ និងបទដ្ឋានគតិយុត្តជាធរមាន។​ពង្រឹងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ធានាឱ្យបាននូវប្រសិទ្ធភាព ភាពស្អាតស្អំ តម្លាភាព និងឆ្លើយតបបានទាន់ពេលវេលាចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ ដើម្បីលើកកម្ពស់អភិបាលកិច្ចល្អ និងយុត្តិធម៌សង្គម។
​ទន្ទឹមនឹងនេះ ឯកឧត្តម ម៉ាង ស៊ីណេត ក៏បានថ្លែងការអបអរសាទរ និងកោតសរសើរចំពោះ លោក ហែម ដារិទ្ធ ដែលត្រូវបានថ្នាក់ដឹកនាំផ្ទេរភារកិច្ចពីអភិបាលរងខេត្តព្រះសីហនុ ទៅកាន់មុខតំណែងថ្មីជា អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ។ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះស្នាដៃ និងការខិតខំប្រឹងប្រែងបំពេញភារកិច្ចយ៉ាងល្អប្រសើរក្នុងការរួមចំណែកអភិវឌ្ឍខេត្តព្រះសីហនូនាពេលកន្លងមក ព្រមទាំងបានជូនពរលោកឱ្យទទួលបានជោគជ័យក្នុងតួនាទីថ្មី។
​​ លោក សួស សិរីសួស្ដី អភិបាលរងខេត្តព្រះសីហនុ ដែលទើបតែងតាំងថ្មី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល និងបានធ្វើការប្ដេជ្ញាចិត្តយ៉ាងមុតមាំថា៖
​នឹងខិតខំប្រឹងប្រែងឱ្យអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងនាំយកបទពិសោធន៍ការងារកន្លងមក ដើម្បីចូលរួមសហការដឹកនាំ និងអភិវឌ្ឍន៍ខេត្តព្រះសីហនុឱ្យកាន់តែមានភាពលូតលាស់រីកចម្រើនបន្ថែមទៀត។ ព្រមទាំងប្ដេជ្ញាអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌វិជ្ជាជីវៈ ដោយតម្កល់ផលប្រយោជន៍ជាតិ។
ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្តព្រះសីហនុ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចសាមគ្គីភាពផ្ទៃក្នុងបានយ៉ាងល្អ រហូតសម្រេចបាសមិទ្ធផលលើគ្រប់វិស័យ។​ក្នុងស្មារតីនេះ ដើម្បីបន្តពង្រឹងកិច្ចការងារដឹកនាំឱ្យកាន់តែមានប្រសិទ្ធភាព ឯកឧត្តមរដ្ឋលេខាធិកាបានគូសបបានគូសបញ្ជាក់នូវការណែនាំមួយចំនួនដូចជា ការពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ៖ ស្នើដល់ឯកឧត្តមអភិបាលខេត្ត មន្ទីរ-អង្គភាព កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រមទាំងរដ្ឋបាលក្រុង-ស្រុក និងឃុំ-សង្កាត់ ត្រូវផ្តល់ការគាំទ្រ និងសហការជិតស្និទ្ធជាមួយ លោក សួស សិរីសួស្តី ដែលទើបទទួលបានការតែងតាំងថ្មី ដើម្បីរួមគ្នាថែរក្សាស្ថេរភាពនយោបាយ ព្រមទាំងធានាសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គម រួមគ្នាដឹកនាំ ដើម្បីការអភិវឌ្ឍន។ឯកឧត្តមបានជម្រុញនិងលើកទឹកចិត្តដល់រដ្ឋបាលខេត្ត ត្រូវយកចិត្តទុកដាក់ខ្ពស់លើការថែរក្សា ការពារសម្បត្តិធម្មជាតិ រួមមាន៖ តំបន់ឆ្នេរ កោះ និងព្រៃកោងកាង ព្រោះខេត្តព្រះសីហនុជាខេត្តដែលមានសក្ដានុពលសេដ្ឋកិច្ចដ៏ខ្លាំងក្លារបស់កម្ពុជា ជាពិសេសគឺតំបន់ឆ្នេរសមុទ្រដែលត្រូវបានទទួលស្គាល់ថាជាឆ្នេរស្អាតបំផុតលើសកលលោកផងដែរ។