មេដឹកនាំប្រទេស G7 អញ្ជើញថតរូបជាផ្លូវការក្នុងកិច្ចប្រជុំកំពូលឆ្នាំ២០២៦! ក្រោយពីលោក Trump ឆ្លៀតបញ្ជាក់ប្រាប់អ៊ីស្រាអែលថារឿងក្រុម Hezbollah នៅលីបង់ទុកឱ្យស៊ីរីចាត់ចែងជំនួសចុះ

មេដឹកនាំនៃក្រុមប្រទេសឧស្សាហ៍កម្មឈានមុខទាំង៧ ឬ G7 បានជួបប្រជុំគ្នាដើម្បីពិភាក្សាអំពីស្ថានភាពសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន និងកិច្ចព្រមព្រៀងបណ្ដោះអាសន្នរបស់លោកប្រធានាធិបតីអាមេរិក Donald Trump ផងដែរ ដើម្បីបញ្ចប់ជម្លោះជាមួយរដ្ឋអ៊ីស្លាមអ៊ីរ៉ង់។ កិច្ចប្រជុំកំពូល G7 ពេញមួយថ្ងៃដំបូងនៃប្រទេសឧស្សាហកម្មឈានមុខគេទាំងអស់ បានធ្វើឡើងនៅក្នុងទីក្រុង Evian-les-Bains របស់ប្រទេសបារាំង។ ក្រោយពីលោកប្រធានាធិបតី Trump បានប្រកាសពីកិច្ចព្រមព្រៀងមួយ ដើម្បីបញ្ចប់សង្គ្រាមរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់រយៈពេល៣ខែកន្លះមកនេះប្រឆាំងនឹងអ៊ីរ៉ង់ មុនពេលលោកមកចូលរួមកិច្ចប្រជុំកំពូលនេះ។ ប៉ុន្តែមុនចូលរួមកិច្ចប្រជុំ និង ថតរូបជុំគ្នាជាមួយមេដឹកនាំទាំងអស់ លោកប្រធានាធិបតី Trump បានជួបសន្ទនាជាមួយនឹងព្រះមហាក្សត្រកាតា គឺព្រះអង្គម្ចាស់ Sheikh Tamim bin Hamad al-Thani នៅខាងក្រៅកិច្ចប្រជុំកំពូល G7 នៅប្រទេសបារាំង ដោយលោក Trump និយាយថា៖ លោកបានស្នើឱ្យស៊ីរីជួយប្រឆាំងនឹងក្រុមហេសបូឡានៅក្នុងប្រទេសលីបង់។ ហើយលោកក៏បានស្នើទៅកាន់ប្រទេសអ៊ីស្រាអែលអនុញ្ញាតឱ្យស៊ីរីមើលការខុសត្រូវជំនួសជាមួយក្រុមហេសបូឡាវិញ។ “ពីព្រោះតាមពិតទៅពួកគេនឹងធ្វើការងារនេះបានល្អជាង”។ ប្រទេសស៊ីរីមានទំនាក់ទំនងស្មុគស្មាញយូរអង្វែងមកហើយជាមួយប្រទេសលីបង់ ដោយកងទ័ពស៊ីរីរក្សាការកាន់កាប់យោធានៅក្នុងប្រទេសនេះស្រាប់ចាប់តាំងពីឆ្នាំ ១៩៧៦ ដល់ឆ្នាំ ២០០៥។ លោក Trump ក៏បាននិយាយផងដែរថា លោក “មិនសប្បាយចិត្តទេ” ជាមួយនឹងរបៀបដោះស្រាយរបស់អ៊ីស្រាអែលទៅលើក្រុមហេសបូឡានៅក្នុងប្រទេសលីបង់។ ពួកគេគួរតែអាចធ្វើការងារបានលឿនជាងមុន” ដោយសំដៅទៅលើប្រតិបត្តិការរបស់អ៊ីស្រាអែលដើម្បីកំណត់គោលដៅលើក្រុមសកម្មប្រយុទ្ធហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់នៅលីបង់នោះតែម្តង។ លោកបញ្ជាក់ថា «វាគ្រាន់តែជាដំណើរបន្តទៅមុខជារៀងរហូត។ ហើយនៅពេលដែលរឿងនោះកើតឡើង វាបង្ហាញពីផលវិបាកចំពោះកិច្ចព្រមព្រៀងដ៏ធំមួយជាមួយអ៊ីរ៉ង់នោះតែម្តង»។ សូមរំលឹកថាក្រុមប្រទេស G7 រួមមានបារាំង សហរដ្ឋអាមេរិក កាណាដា អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន និងចក្រភពអង់គ្លេស។ ប្រទេសជាភ្ញៀវនៅក្នុងកិច្ចប្រជុំកំពូលនេះរួមមាន ប្រេស៊ីល អេហ្ស៊ីប ឥណ្ឌា កេនយ៉ា កូរ៉េខាងត្បូង កាតា អ៊ុយក្រែន និងអារ៉ាប់រួម៕

សម្រួលអត្ថបទ៖ សុផារិន្ទ