ពិធីសម្ពោធដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីហិរញ្ញប្បទានអាកាសធាតុនៅកម្ពុជា (Cambodia Climate Finance Facility “CCFF”) 

នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦, ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) សហការជាមួយក្រុមហ៊ុន Mekong Strategic Capital (MSC) បានរៀបចំពិធីសម្ពោធដាក់ឱ្យអនុវត្តជាផ្លូវការនូវ «កម្មវិធីហិរញ្ញប្បទាន អាកាសធាតុនៅកម្ពុជា (Cambodia Climate Finance Facility – CCFF)» ដែលប្រព្រឹត្តនៅសណ្ឋាគារសុខា ភ្នំពេញ ក្រោមអធិបតីភាពរបស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាតំណាង ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង-ស្ថាប័ន, ធនាគារជាតិនៃកម្ពុជា, ដៃគូអភិវឌ្ឍន៍ អន្តរជាតិ, គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ, និងក្រុមហ៊ុនឯកជនពាក់ព័ន្ធផ្សេងទៀត។ 

ជាលទ្ធផល, កម្មវិធី CCFF ដែលជាកម្មវិធីហិរញ្ញប្បទានអាកាសធាតុថ្នាក់ជាតិដំបូងគេបង្អស់នៅអាស៊ី សម្រាប់វិស័យឯកជន ក្រោមការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ក្រសួងបរិស្ថាន ត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ជាមួយនឹងដើមទុន ចំនួន ១០០ លានដុល្លារអាម៉េរិក អនុម័តដោយមូលនិធិអាកាសធាតុបៃតង (GCF) ដែលមានធនាគារអភិវឌ្ឍន៍កូរ៉េ (KDB) ជាស្ថាប័នមានសម្បទា (Accredited Entity), ធនាគារ ARDB ជាប្រតិបត្តិករ, និង ក្រុមហ៊ុន MSC ជាទីប្រឹក្សាបច្ចេកទេស។ ព្រឹត្តិការណ៍ ដ៏មានសារៈសំខាន់នេះ សម្រេចបាននូវលទ្ធផល និងចំណុចគន្លឹះចម្បងៗដូចខាងក្រោម÷ 

(១). ប្រកាសជាផ្លូវការដាក់ឱ្យអនុវត្តកម្មវិធីហិរញ្ញប្បទានអាកាសធាតុនៅកម្ពុជា និង ចុះហត្ថលេខាលើ កិច្ចព្រមព្រៀងនៃកម្មវិធី CCFF ។ 

(២). កម្មវិធីបានចាប់ផ្តើមបើកដំណើរការការផ្តល់ឥណទានបៃតងសម្បទាន បៃតង និងការផ្តល់ឥណទានបោះដុំដល់គ្រឹះស្ថានហិរញ្ញវត្ថុក្នុងស្រុក ( ចំនួន ៥ ដែលរួមមាន÷ (១) ថាមពលកកើតឡើងវិញ, (២) ថាមពលប្រកបដោយប្រសិទ្ធភាព។

(៣) ប្រព័ន្ធធារាសាស្ត្រ, (៤) កសិកម្ម ព្រៃឈើ និងការប្រើប្រាស់ដី, និង (៥) ការដឹកជញ្ជូន ដែលមានការបំភាយឧស្ម័នផ្ទះកញ្ចក់ទាប។

(៣). អង្គពិធីបានសម្រេចលទ្ធផលយ៉ាងផ្លែផ្កា តាមរយៈការធ្វើបទបង្ហាញអំពីកម្មវិធី CCFF និងលក្ខណៈ សម្បត្តិរបស់អតិថិជនសក្តានុពលដែលអាចទទួលបានឥណទាន, ព្រមទាំងការរៀបចំកិច្ចពិភាក្សា ជាក្រុមចំនួន ២ លើសក្តានុពលនៃកម្មវិធី CCFF ក្នុងការបើកផ្លូវសម្រាប់ឥណទានបៃតងនៅកម្ពុជា និង នីតិវិធីរួមទាំងលក្ខខណ្ឌតម្រូវក្នុងការទទួលបានហិរញ្ញប្បទាន ដើម្បីត្រៀមលក្ខណៈសម្បត្តិ ក្នុងការស្នើសុំឥណទាន។ 

ជាទីបញ្ចប់, ឯកឧត្តម រស់ សីលវ៉ា បានគូសបញ្ជាក់ថា កម្មវិធី CCFF គឺជាគំរូដ៏សំខាន់ ក្នុងការកៀរគរ ទុនឯកជន ស្របតាមគោលដៅអាកាសធាតុជាតិ (NDC 3.0)។ ជាមួយគ្នានេះ ក្នុងសុន្ទរកថាបិទ ឯកឧត្តមបណ្ឌិត កៅ ថាច បានបង្ហាញការប្តេជ្ញាចិត្តខ្ពស់ក្នុងការជំរុញប្រតិបត្តិការឥណទាន ឱ្យមានប្រសិទ្ធភាពបំផុត។