ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញសំណេះសំណាល និងកោតសរសើរដល់អ្នកសង្កេតការណ៍ស្ម័គ្រចិត្ត ក្នុងការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ

ព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង បានអញ្ជើញសំណេះសំណាល និងថ្លែងអំណរគុណអ្នកសង្កេតការណ៍ស្ម័គ្រចិត្ត ដែលបានចូលរួមក្នុងដំណើរការប្រឡងប្រជែងជ្រើសរើសមន្ត្រី ដើម្បីបម្រើការងារតាមក្រសួង ស្ថាប័ន។ ពិធីនេះប្រព្រឹត្តទៅនៅសាលាភូមិន្ទរដ្ឋបាល ដោយមានការអញ្ជើញចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ពីថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ តំណាងអង្គភាពប្រឆាំងអំពើពុករលួយ តំណាងគ្រឹះស្ថានសិក្សាសាធារណៈ ព្រមទាំងអ្នកសង្កេតការណ៍សាធារណជន និង ស.ស.យ.ក. ជាច្រើនរូប។

តាមរបាយការណ៍សង្ខេបរបស់ ឯកឧត្តម វន សុវណ្ណារី អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានជម្រាបជូនថា៖ សារៈសំខាន់នៃការចូលរួមសង្កេតការណ៍

គោលបំណងធានាតម្លាភាពក្នុងដំណើរការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល និងបង្កើនទំនុកចិត្តពីមហាជនលើប្រព័ន្ធរដ្ឋបាលសាធារណៈ ព្រមទាំងមានវត្តមានជាប្រចាំពីថ្នាក់ដឹកនាំ និងមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ (ACU) អ្នកសង្កេតការណ៍ស្ម័គ្រចិត្ត និងអ្នកសារព័ត៌មាន។

អ្នកសង្កេតការណ៍ឆ្លងកាត់ការប្រឡង ៥៨ លើក ដោយអ្នកសង្កេតការណ៍ស្ម័គ្រចិត្តមកពីមជ្ឈដ្ឋានចំនួន ៣ ធំៗ រួមមាន៖

១.តំណាងសាធារណជនទូទៅចំនួនចុះឈ្មោះសរុប៩,៣៤២ នាក់ (ស្រី ៥៩%) ដោយឡែកចំនួនដែលត្រូវបានជ្រើសរើស និងចូលរួមជាក់ស្តែងគឺ៧៥៣ នាក់ (ស្រី ៣៨៤ នាក់)។

២.តំណាងសាកលវិទ្យាល័យ និងវិទ្យាស្ថានចំនួនសរុប ៥៣៤ នាក់ (ស្រី ១៧០ នាក់)។

៣.តំណាងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ចំនួនសរុប ៧៤០ នាក់ (ស្រី ៤១១ នាក់)។ ក្រៅពីការសង្កេតការណ៍ ពួកគេបានជួយសម្របសម្រួលការងារផ្សេងៗ ដូចជា សម្រួលរំហូរចរន្តបេក្ខជន ត្រួតពិនិត្យបេក្ខជន និងផ្តល់ព័ត៌មាននៅតាមមណ្ឌលប្រឡង។

បន្ទាប់ពីបានស្ដាប់នូវរបាយការណ៍សង្ខេបរួចមក ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍លើកឡើងនៅក្នុងអង្គពិធីថា ការអញ្ជើញជួបសំណេះសំណាលនេះ ធ្វើឡើងដើម្បីសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះស្មារតីលះបង់ និងការចូលរួមយ៉ាងសកម្មរបស់អ្នកសង្កេតការណ៍ស្ម័គ្រចិត្តទាំងអស់

ក៏ដូចជាសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ដែលបានចំណាយពេលវេលា និងកម្លាំងកាយចិត្ត ចូលរួមឃ្លាំមើលក្នុងដំណើរការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ឱ្យបម្រើការងារតាមបណ្តាក្រសួង-ស្ថាប័ននានា នាពេលកន្លងមកនេះ។

វត្តមានរបស់អ្នកសង្កេតការណ៍ស្ម័គ្រចិត្ត បានរួមចំណែកយ៉ាងសំខាន់ក្នុងការធានាឱ្យដំណើរការប្រឡងប្រជែងទាំងមូល ប្រព្រឹត្តទៅដោយភាពត្រឹមត្រូវ យុត្តិធម៌ តម្លាភាព និងមិនអាចអ្នកណាម្នាក់អន្តរាគមន៍បានឡើយ ដែលនេះជាការឆ្លុះបញ្ចាំងពីការអនុវត្តគោលការណ៍ «អ្នកចេះគឺជាប់ ជាប់ដោយមោទន អ្នកធ្លាក់គឺធ្លាក់ដោយអស់ចិត្ត» ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។