ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចុះពិនិត្យមើលខ្សែច្រវាក់ផលិតកម្មក្រុមហ៊ុន THACO AGRI ក្នុងខេត្តក្រចេះ ដែលផ្តល់ឱកាសការងារប្រមាណ ២ម៉ឺននាក់ និងផ្ទេរជំនាញបច្ចេកទេសកសិកម្មទំនើប
(ក្រចេះ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត និងពិនិត្យមើលជាក់ស្ដែងនូវខ្សែច្រវាក់ផលិតកម្មរបស់ក្រុមហ៊ុន THACO AGRI នៅតំបន់ពហុកសិកម្មស្នួល ស្ថិតក្នុងឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ នាព្រឹកថ្ងៃសៅរ៍ ទី៣០ ខែឧសភា ឆ្នាំ២០២៦។ ក្នុងឱកាសនោះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំរដ្ឋបាលខេត្តក្រចេះ រដ្ឋបាលស្រុកស្នួល និងតំណាងក្រុមហ៊ុនជាច្រើនរូប ដើម្បីឈ្វេងយល់ និងពិនិត្យលទ្ធភាពក្នុងការផ្ដល់ការគាំទ្រ ក៏ដូចជាកិច្ចសហការបន្ថែម សំដៅឆ្លើយតបនឹងសំណូមពរ និងតម្រូវការរបស់ក្រុមហ៊ុន។
ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន ថាកូ អាហ្គ្រី (THACO AGRI) ដែលបានបោះទុនវិនិយោគលើការដាំដុះដំណាំកសិកម្មលើផ្ទៃដីដ៏ធំ ដែលផ្ដល់ឱកាសការងារដល់កម្មករនិយោជិតប្រមាណជាង ២ ម៉ឺននាក់ ជាមួយនឹងលក្ខខណ្ឌការងារល្អ អនុលោមតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តយ៉ាងត្រឹមត្រូវ ជាពិសេស ក្រុមហ៊ុនបានផ្ដល់របបសន្តិសុខសង្គមពេញលេញជូនបងប្អូនកម្មករ។ បន្ថែមពីនោះ ក្រុមហ៊ុនក៏មានការផ្ដល់អាហារ ៣ ពេល ផ្ដល់កន្លែងស្នាក់នៅ អគ្គិសនីប្រើប្រាស់ប្រចាំថ្ងៃ និងទឹកស្អាតដោយឥតគិតថ្លៃ មានមន្ទីរពេទ្យសម្រាប់ព្យាបាល និងពិនិត្យសុខភាពតាមកាលកំណត់ ការហ្វឹកហ្វឺន និងបណ្ដុះបណ្ដាលបុគ្គលិកថ្មី មានហាងលក់ទំនិញ ផ្ទះថែទាំកុមារ និងសាលាសម្រាប់ក្មេងរៀន ដើម្បីឱ្យបងប្អូនទទួលបានចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារ និងរួមចំណែកដ៏មានតម្លៃក្នុងការជួយកសាងសេដ្ឋកិច្ចជាតិ។ ក្រៅពីនេះ ក្រុមហ៊ុនក៏មានរៀបចំសកម្មភាពកម្សាន្ត និងពិធីផ្សេងៗ ដូចជា ពិធីមង្គលការ ពិធីខួបកំណើត ព្រឹត្តិការណ៍ និងសកម្មភាពវប្បធម៌ ព្រមទាំងការលេងកីឡាជាដើម។ ជាមួយនេះ ក្រុមហ៊ុនពិតជាមានបទពិសោធល្អៗផ្នែកកសិ-ឧស្សាហកម្មប្រកបដោយបច្ចេកទេសទំនើប ហើយកំពុងនាំយកមកអនុវត្ត និងចែករំលែក ដែលពិតជាមានសារៈសំខាន់ចំពោះកម្ពុជា ដែលធ្លាប់តែធ្វើកសិកម្មតាមបែបបុរាណ។ ជាយុទ្ធសាស្ត្ររយៈពេលវែង ក្រុមហ៊ុនបានផ្ដោតលើ «ការអភិវឌ្ឍបុគ្គលិកមូលដ្ឋាន» ដើម្បីផ្ទេរបច្ចេកទេស និងអភិវឌ្ឍបុគ្គលិកគ្រប់គ្រងបន្តវេន។
ឆ្លើយតបនឹងសំណូមពររបស់ក្រុមហ៊ុនអំពីកង្វះកម្លាំងពលកម្ម ឯកឧត្តម ហេង សួរ បានណែនាំឱ្យបន្តកិច្ចសហការជាមួយ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ក្នុងការផ្សព្វផ្សាយជ្រើសរើសកម្មករតាមរយៈវេទិកាការងារ ជាពិសេសផ្ដោតលើខេត្តត្បូងឃ្មុំ ដោយរំលេចពីប្រាក់ឈ្នួល និងអត្ថប្រយោជន៍ជាច្រើនដូចគ្នានឹងការងារនៅតាមរោងចក្រ សហគ្រាសផងដែរ។ ចំណែកឯការបណ្ដុះបណ្ដាលកម្លាំងពលកម្មជំនាញបន្ថែម ឯកឧត្តមបានណែនាំឱ្យអគ្គនាយកដ្ឋាន TVET និងវិទ្យាស្ថានជំនាញ ផ្ដល់កិច្ចសហការជាមួយក្រុមហ៊ុន ដោយបញ្ជូនគ្រូមកបណ្ដុះបណ្ដាលនៅសាលាផ្ទាល់របស់ក្រុមហ៊ុន ជាពិសេសការអនុវត្តកម្មវិធី TVET ១,៥ លាននាក់ ដើម្បីផ្ដល់ជំនាញជូនកម្មករនិយោជិតផ្ទាល់នៅទីនេះ។ ទន្ទឹមនឹងនេះ ក្រសួងក៏នឹងពិចារណាប្រសិនបើស្តង់ដាបណ្ដុះបណ្ដាលរបស់សាលានៅក្នុងក្រុមហ៊ុនស្របតាមលក្ខណវិនិច្ឆ័យរបស់ក្រសួង នោះក្រសួងនឹងជួយចេញវិញ្ញាបនបត្របញ្ជាក់កម្រិតជូន។ ឯកឧត្តមក៏បានជំរុញឱ្យមានការអនុវត្តគំរូទទួលស្គាល់ជំនាញ និងការសិក្សាផ្អែកលើការងារ (WBL) នៅក្នុងក្រុមហ៊ុន។
ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យបេឡាជាតិសន្តិសុខសង្គម និងអគ្គនាយកដ្ឋានការងារ មន្ទីរការងារខេត្តក្រចេះ ត្រូវផ្ដល់សេវាជូនក្រុមហ៊ុនតាមតម្រូវការជាក់ស្ដែងឱ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីបង្កលក្ខណៈងាយស្រួលដល់ក្រុមហ៊ុន ក៏ដូចជាបងប្អូនកម្មករនិយោជិតផងដែរ ក្នុងខណៈដែលក្រុមហ៊ុនកំពុងពង្រីកផែនការវិនិយោគ និងមានតម្រូវការកម្លាំងពលកម្មប្រមាណ ៧ ពាន់នាក់ក្នុងឆ្នាំនេះ។
សូមបញ្ជាក់ថា ក្រុមហ៊ុន THACO AGRI បានចាប់ផ្ដើមអនុវត្តយុទ្ធសាស្ត្រវិនិយោគដោយផ្អែកលើគោលការណ៍សរីរាង្គ និងមេត្រីភាពបរិស្ថានក្នុងទ្រង់ទ្រាយធំផ្នែកកសិ-ឧស្សាហកម្ម (ដើមកៅស៊ូ ដំណាំហូបផ្លែ ជាពិសេសផ្លែចេក) សាងសង់រោងចក្រកែច្នៃ និងចិញ្ចឹមសត្វ កាលពីឆ្នាំ ២០១៩ លើផ្ទៃដីអាជីវកម្មជាង ៩ ម៉ឺនហិកតានៅក្នុងប្រទេសកម្ពុជា វៀតណាម និងឡាវ ដែលក្នុងនោះ នៅកម្ពុជាមានផ្ទៃដីចំនួន ៤៣ ៧៦៤ ហិកតា រួមមាន៖ នៅស្រុកស្នួល ខេត្តក្រចេះ ចំនួន ១០ ៧០៨ ហិកតា និងស្រុកកូនមុំ ស្រុកលំផាត់ និងក្រុងបានលុង ខេត្តរតនគិរី ចំនួន ៣៣ ០៥៦ ហិកតា។ ក្រុមហ៊ុននាំចេញផលិតផលប្រកបដោយគុណភាពខ្ពស់តាមស្តង់ដាអន្តរជាតិទៅកាន់ប្រទេសជប៉ុន ចិន និងហុងកុងជាដើម ជាមួយនឹងទស្សនវិស័យក្លាយជាក្រុមហ៊ុនកសិកម្មឈានមុខគេនៅអាស៊ីក្នុងឆ្នាំ ២០២៧ ដោយពង្រីកទីផ្សារទៅកាន់ប្រទេសកូរ៉េ តំបន់មជ្ឈិមបូព៌ា និងអាស៊ីកណ្ដាល៕



