ពីជំហានរត់មួយៗ ទៅជាក្តីសង្ឃឹមសម្រាប់កុមារ៖ អ្នកចូលរួមប្រមាណជិត ២ ០០០នាក់ រួមគ្នាប្រមូលថវិកា ១០៤លានរៀល ជូនមូលនិធិមន្ទីរពេទ្យគន្ធបុប្ផា,

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា រាល់ជំហានរត់របស់យើងថ្ងៃនេះ គឺជាជំហាននៃក្តីសង្ឃឹម សម្រាប់កុមារដែលត្រូវការការគាំទ្រ ការយកចិត្តទុកដាក់ និងឱកាសក្នុងជីវិត។
ការរត់ថ្ងៃនេះ មិនមែនគ្រាន់តែជាសកម្មភាពកីឡា ឬសុខភាពប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាញពីស្មារតីសាមគ្គីភាព សេចក្តីស្រឡាញ់ និងការទទួលខុសត្រូវរួមចំពោះកុមារ។ កុមារគឺជាអនាគតរបស់គ្រួសារ សហគមន៍ និងប្រទេសជាតិ។ ការវិនិយោគលើកុមារ គឺជាការវិនិយោគលើអនាគតរបស់យើងទាំងអស់គ្នា។

នេះជាការថ្លែងរបស់ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញជាអធិបតីក្នុងព្រឹត្តការណ៍រត់ដើម្បីមនុស្សធម៌ក្រោមប្រធានបទ «ដើម្បីកុមារ ដើម្បីអនាគតយើង» ដែលមានចូលរួមយ៉ាងច្រើនកុះករពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កីឡាករ កីឡាការិនី យុវជន និងសាធារណជន ប្រមាណ ជិត ២ពាន់នាក់ ដោយប្រមូលបានថវិកាចំនួន ១០៤,០០០,០០០រៀល ដើម្បីប្រគល់ជូន មូលនិធិគន្ធបុប្ផាកម្ពុជា សម្រាប់គាំទ្រដល់ការព្យាបាល និងថែទាំសុខភាពកុមារកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្មវិធីរត់ «ដើម្បីកុមារ ដើម្បីអនាគតយើង» នាពេល នេះ បានបង្ហាញថា ពេលយើងរួមដៃគ្នា យើងអាចបង្កើតផលវិជ្ជមានសម្រាប់ជីវិតកុមារ និងសង្គម។ រាល់ជំហានរត់របស់យើងថ្ងៃនេះ គឺជាជំហាននៃក្តីសង្ឃឹម សម្រាប់កុមារដែលត្រូវការការគាំទ្រ ការយកចិត្តទុកដាក់ និងឱកាសក្នុងជីវិត។

«កម្មវិធីរត់ដើម្បីមនុស្សធម៌ (Run for Charity)» លើកទី២ ក្រោមប្រធានបទ៖ «ដើម្បីកុមារ ដើម្បីអនាគតយើង» រៀបចំឡើងដោយក្រសួងព័ត៌មាន និងស្ថាប័នសារព័ត៌មាន ASEAN Top ដោយមានការចូលរួមគាំទ្រពីវិស័យឯកជន ដោយបានធ្វើឡើងនៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ នាបរិវេណ សួនអេកូផាក (Eco Park) នៃបុរី ប៉េង ហួត បឹងស្នោរ ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្ត្រា ។

កម្មវិធីរត់នៅឆ្នាំនេះ ត្រូវបានផ្តួចផ្តើមឡើងក្នុងគោលបំណងដើម្បីអបអរទិវាកុមារអន្តរជាតិ និងដើម្បីចូលរួមប្រមូលថវិកាគាំទ្រដល់មូលនិធិគន្ធបុប្ផា និងចូលរួមលើកកម្ពស់សុខុមាលភាពសង្គម៕