អស្ចារ្យណាស់! រដ្ឋបាលខេត្តព្រះសីហនុ នាំយក «ល្ខោនភ្លេងការព្រះថោងនាងនាគ» ទៅបង្អួតសម្រស់ក្នុងពិព័រណ៍នៅខេត្តកោះកុង
កោះកុង៖ បង្កើតឱ្យមានការចាប់អារម្មណ៍ និងប្លែកភ្នែកយ៉ាងខ្លាំងសម្រាប់ថ្នាក់ដឹកនាំ សាធារណជន ព្រមទាំងប្រជាពលរដ្ឋ ខណៈដែល «ល្ខោនភ្លេងការព្រះថោងនាងនាគ» ដែលជាអត្តសញ្ញាណដ៏លេចធ្លោតំណាងឱ្យខេត្តព្រះសីហនុ បានធ្វើដំណើររាប់សិបគីឡូម៉ែត្រ មកបង្ហាញខ្លួននៅក្នុងទឹកដីខេត្តកោះកុង។
ការដាក់តាំងបង្ហាញនេះ ធ្វើឡើងក្នុងកម្មវិធីពិព័រណ៍អបអរសាទរការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ-ឈ្នះ កោះកុង» នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ នេះ។
ល្ខោនភ្លេងការព្រះថោងនាងនាគ ធ្លាប់តែត្រូវបានប្រគុំ និងសម្តែងឡើងដើម្បីទទួលស្វាគមន៍ថ្នាក់ដឹកនាំ ភ្ញៀវជាតិ និងអន្តរជាតិ ក្នុងកម្មវិធីធំៗប្រចាំខេត្តព្រះសីហនុតែប៉ុណ្ណោះ។ ប៉ុន្តែពេលនេះ ត្រូវបាននាំមកបង្ហាញជូនសាធារណជនទូទៅបានទស្សនាដោយផ្ទាល់នៅខេត្តកោះកុង ។
ដើម្បីផ្សព្វផ្សាយពីអត្តសញ្ញាណវប្បធម៌ដ៏សម្បូរបែបរបស់ខេត្តព្រះសីហនុ ក៏ដូចជារំលេចនូវទំនៀមទម្លាប់ប្រពៃណី នៃពិធីរៀបអាពាហ៍ពិពាហ៍របស់ខ្មែរយើង ដែលមានតាំងពីបុរាណកាលមក។
នៅក្នុងស្តង់ពិព័រណ៍របស់រដ្ឋបាលខេត្តព្រះសីហនុ ក៏មានការដាក់តាំងបង្ហាញនូវផលិតផល និងសមិទ្ធផលសក្តានុពលជាច្រើនទៀត រួមមាន គ្រាប់ដូងប្រេង និងគ្រឿងឧបភោគបរិភោគក្រៀមៗ ទឹកមាត់ និងសំបុកត្រចៀកកាំ សំបកកង់រថយន្ត និងផលិតផលសំខាន់ៗជាច្រើនផ្សេងទៀត។

ដោយ ៖ មន្ទីរព័ត៌មានខេត្តព្រះសីហនុ


