ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញជួបសំណេះសំណាលជាមួយសិស្សពូកែនិទ្ទេស A ចំនួន ៣៦នាក់ មកពីខេត្តក្រចេះ ដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦

(ភ្នំពេញ)៖ នារសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានអញ្ជើញជួបសំណេះសំណាលជាមួយសិស្សពូកែដែលទទួលបាននិទ្ទេស A ចំនួន ៣៦ នាក់ មកពីខេត្តក្រចេះ ក្នុងសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦ ព្រមទាំងមានការអញ្ជើញចូលរួមពីនាយកសាលា និងមាតាបិតា អាណាព្យាបាលរបស់សិស្ស នៅទីស្តីការក្រសួងព័ត៌មាន។

ពិធីសំណេះសំណាលនេះមានការអញ្ជើញចូលរួមពីឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន ឯកឧត្តម ស ចំរ៉ុង ឯកឧត្តម អុឹម ចាន់ថុល តំណាងរាស្ត្រមណ្ឌលខេត្តក្រចេះ ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ ព្រមទាំងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានទាំង ៧ ស្រុក នៃខេត្តក្រចេះ។

ក្នុងឱកាសនេះ ឯកឧត្តម នេត្រ ភក្ត្រា បានអបអរសាទរចំពោះសិស្សានុសិស្សទាំង ៣៦ នាក់ ដែលទទួលបានលទ្ធផលសិក្សាល្អប្រសើរ និងបាននាំមកនូវកិត្តិយសជូនក្រុមគ្រួសារ សាលារៀន សហគមន៍ និងខេត្តក្រចេះ តាមរយៈការខិតខំប្រឹងប្រែងរៀនសូត្រ រហូតទទួលបាននិទ្ទេស A ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។

ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា សមិទ្ធផលដែលសិស្សានុសិស្សសម្រេចបាន គឺជាមោទនភាពសម្រាប់សិស្សផ្ទាល់ មាតាបិតា អាណាព្យាបាល និងគ្រូបង្រៀន ដែលបានយកចិត្តទុកដាក់គាំទ្រ និងបណ្តុះបណ្តាលពួកគេឱ្យទទួលបានជោគជ័យក្នុងការសិក្សា។ ជោគជ័យនេះក៏ជាកម្លាំងចិត្តដ៏សំខាន់សម្រាប់សិស្សានុសិស្សក្នុងការបន្តការសិក្សា និងកសាងអនាគតរបស់ខ្លួនឱ្យកាន់តែប្រសើរឡើង។

ជាមួយគ្នានេះ ឯកឧត្តម នេត្រ ភក្ត្រា បានជំរុញ និងលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ឱ្យបន្តខិតខំប្រឹងប្រែងរៀនសូត្រ ពង្រឹងចំណេះដឹង និងអភិវឌ្ឍជំនាញរបស់ខ្លួនឱ្យកាន់តែប្រសើរឡើង ដោយមិនត្រូវស្កប់ស្កល់ត្រឹមសមិទ្ធផលដែលសម្រេចបាននាពេលនេះឡើយ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ការទទួលបាននិទ្ទេស A គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការបន្តការសិក្សា និងការអភិវឌ្ឍសមត្ថភាព មិនមែនជាគោលដៅចុងក្រោយនៃជីវិតសិក្សានោះទេ។

ឯកឧត្តមរដ្ឋមន្ត្រីបានលើកទឹកចិត្តឱ្យសិស្សានុសិស្សកំណត់គោលដៅអនាគតឱ្យបានច្បាស់លាស់ បន្តសិក្សាស្វែងយល់ចំណេះដឹងថ្មីៗ បណ្តុះទម្លាប់ល្អ និងប្រកាន់ខ្ជាប់នូវវិន័យ ការតស៊ូព្យាយាម និងការទទួលខុសត្រូវ ដើម្បីត្រៀមខ្លួនសម្រាប់ការសិក្សាថ្នាក់ឧត្តមសិក្សា និងការប្រកួតប្រជែងក្នុងទីផ្សារការងារ។ ការអភិវឌ្ឍចំណេះដឹង និងជំនាញជាបន្តបន្ទាប់ នឹងជួយបង្កើនឱកាសក្នុងការសម្រេចក្តីសុបិន និងកសាងអនាគតប្រកបដោយជោគជ័យ។

តាមរបាយការណ៍របស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តក្រចេះ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ មានបេក្ខជនចូលរួមប្រឡងសរុបចំនួន ២.៦៦០ នាក់ ក្នុងនោះស្រី ១.៤៣៩ នាក់។ បេក្ខជនប្រឡងជាប់មានចំនួន ២.២៤៥ នាក់ ក្នុងនោះស្រី ១.២៨០ នាក់ ស្មើនឹងអត្រាជាប់ ៨៤,៤០%។ ក្នុងចំណោមបេក្ខជនប្រឡងជាប់ សិស្សទទួលបាននិទ្ទេស A មានចំនួន ៣៦ នាក់ ក្នុងនោះស្រី ១៧ នាក់។

ក្នុងឱកាសនោះដែរ ឯកឧត្តម ពេជ្រ ប៊ុនធិន តំណាងរាស្ត្រមណ្ឌលខេត្តក្រចេះ ក៏បានចូលរួមអបអរសាទរ និងលើកទឹកចិត្តដល់សិស្សានុសិស្សឱ្យបន្តខិតខំរៀនសូត្រ តស៊ូព្យាយាម និងមានជំនឿចិត្តលើសមត្ថភាពរបស់ខ្លួន ដើម្បីសម្រេចបាននូវគោលដៅដែលបានកំណត់ និងក្លាយជាធនធានមនុស្សប្រកបដោយចំណេះដឹង សមត្ថភាព និងគុណធម៌ សម្រាប់ចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ។

ក្នុងឱកាសនេះដែរ សិស្សពូកែដែលទទួលបាននិទ្ទេស A ទាំង ៣៦ នាក់ បានទទួលអំណោយពីគណៈអធិបតី ដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួន ១ លានរៀល។ ជាមួយគ្នានេះ លោក Ryan Zheng អគ្គនាយកក្រុមហ៊ុន Honor Device (Cambodia) Co., Ltd. ក៏បានចូលរួមឧបត្ថម្ភកាសស្តាប់ និងប្រអប់អនុស្សាវរីយ៍ជូនដល់សិស្សានុសិស្សទាំងអស់ផងដែរ។

ការផ្តល់អំណោយនេះជាការចូលរួមលើកទឹកចិត្ត និងផ្តល់តម្លៃដល់សិស្សានុសិស្សដែលមានស្នាដៃសិក្សាល្អ ព្រមទាំងជាកម្លាំងចិត្តជំរុញឱ្យពួកគេបន្តខិតខំរៀនសូត្រ អភិវឌ្ឍសមត្ថភាព និងប្រើប្រាស់ចំណេះដឹងរបស់ខ្លួនឱ្យមានប្រយោជន៍ ដើម្បីកសាងអនាគតរបស់ខ្លួន គ្រួសារ និងសង្គមជាតិ៕