ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ដឹកនាំកិច្ចប្រជុំ គ.ស.ហ. ពិភាក្សាលើសេចក្តីព្រាងគោលនយោបាយជាតិសំខាន់ៗចំនួន ៣ សម្រាប់តម្រង់ទិសវិស័យឧស្សាហកម្ម និងការងាររយៈពេល ១០ឆ្នាំខាងមុខ
នាព្រឹកថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០២៦, នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តម
អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ.) បានដឹកនាំកិច្ចប្រជុំ គ.ស.ហ. ដើម្បីពិភាក្សាលើរបៀបវារៈពាក់ព័ន្ធនឹងវិស័យឧស្សាហកម្ម និងវិស័យការងារចំនួន ៣ រួមមាន៖ «សេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ ២០២៦-២០៣៥», «សេចក្តីព្រាងគោលនយោបាយជាតិស្ដីពីការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ ២០២៦-២០៣៥» និង «សេចក្តីព្រាងគោលនយោបាយជាតិស្ដីពីមុខរបរ និងការងារ ឆ្នាំ ២០២៦-២០៣៥» ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី
ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌, ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម
វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា, ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួង ស្ថាប័នពាក់ព័ន្ធ ។
ដូចមានរំលេចក្នុង យុទ្ធសាស្ត្របញ្ចកោណ–ដំណាក់កាលទី ១, ទិសដៅគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា បានផ្ដល់អាទិភាពទៅលើការធ្វើពិពិធកម្មសេដ្ឋកិច្ច, ការអភិវឌ្ឍមូលធនមនុស្ស និងការធ្វើបរមភាវូបនីយកម្មផលលាភប្រជាសាស្ត្រ គួបផ្សំនឹងនិន្នាការប្រែប្រួលយ៉ាងឆាប់រហ័សនៃរចនាសម្ព័ន្ធសង្គម-សេដ្ឋកិច្ច បានចង្អុលបង្ហាញឱ្យមានការរៀបចំ «សេចក្តីព្រាងគោលនយោបាយ» ទាំងបីខាងលើ សំដៅធ្វើបច្ចុប្បន្នភាពទៅលើឯកសារគោលនយោបាយដំណាក់កាលមុនដែលបានបញ្ចប់ហើយ ក៏ដូចជាតម្រង់ទិសគោលនយោបាយក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្ម និងការងារនៅកម្ពុជាសម្រាប់រយៈពេល ១០ឆ្នាំទៅមុខ ។


