ធនាគារជាតិនៃកម្ពុជា សហការជាមួយ ក្រសួងកិច្ចការនារី និងអង្គការ Women’s World Banking បានរៀបចំសិក្ខាសាលា និងកិច្ចសន្ទនា ស្ដីពី “បរិយាបន្នហិរញ្ញវត្ថុសម្រាប់ស្រ្តីនៅកម្ពុជា” នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោកស្រី Angelique Timmer នាយកតំបន់អាស៊ីអាគ្នេយ៍នៃអង្គការ Women’s World Banking។ សិក្ខាសាលានេះ មានការចូលរួមពីតំណាងក្រសួង-ស្ថាប័ន សមាគម និងអង្គការពាក់ព័ន្ធ ក្នុងគោលបំណងកំណត់នូវយន្តការក្នុងការអនុវត្ត និងជំរុញបរិយាបន្នហិរញ្ញវត្ថុសម្រាប់ស្រ្តី ក៏ដូចជានាំមកនូវសក្តានុពលសម្រាប់ការពង្រឹងសេដ្ឋកិច្ចដល់ស្រ្តី ព្រមទាំងផ្ដល់ឱកាសដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដើម្បីបង្កើតនូវផលិតផលនិងសេវាហិរញ្ញវត្ថុ ឱ្យស្របតាមតម្រូវការរបស់ស្រ្តី។
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជាបានចាត់ទុកស្ត្រីដើរតួនាទីស្នូលក្នុងសេដ្ឋកិច្ចនៅក្នុងសង្គមកម្ពុជាដោយរាប់បញ្ចូលតាំងពីការគ្រប់គ្រងហិរញ្ញវត្ថុគ្រួសារ រហូតដល់ការប្រកបអាជីវកម្មនិងការចូលរួមក្នុងវិស័យកសិកម្មនិងពាណិជ្ជកម្មផងដែរ។
លោកជំទាវ បណ្ឌិត បានមានប្រសាសន៍បន្តថា«ដើម្បីរក្សា និងពង្រឹងការចូលរួមចំណែកទាំងនេះ ស្ត្រីចាំបាច់ត្រូវមានលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុ ដែលសមស្របទៅនឹងតម្រូវការ និងគាំទ្រដល់សកម្មភាពសេដ្ឋកិច្ចរបស់ពួកគាត់។ ទោះជាយ៉ាងណា ការទទួលបានសេវាតែមួយមុខគឺមិនទាន់គ្រប់គ្រាន់នោះទេ។ បរិយាបន្នហិរញ្ញវត្ថុដែលមានអត្ថន័យគ្រប់គ្រាន់ទាមទារឱ្យស្ត្រីអាចប្រើប្រាស់សេវាទាំងនេះ ដោយមានប្រសិទ្ធភាព មានលទ្ធភាពធ្វើការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុដោយផ្អែកលើព័ត៌ មានច្បាស់លាស់ ចេះគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ និងបង្កើតនូវសុខុមាលភាពហិរញ្ញវត្ថុឱ្យកាន់តែរឹងមាំសម្រាប់ខ្លួនឯង និងគ្រួសារ»។
លោកជំទាវ បណ្ឌិត បានបន្តថាតម្រូវការហិរញ្ញវត្ថុរបស់ស្ត្រីមានភាពខុសៗគ្នាទៅតាមកម្រិតប្រាក់ចំណូល មុខរបរ ទីតាំង ភូមិសាស្ត្រ និងស្ថានភាពរស់នៅ។ ស្ត្រីជាសហគ្រិនអាចនឹងត្រូវការប្រភពទុន និងការគាំទ្រ អាជីវកម្មដែលសមស្រប ខណៈដែលស្ត្រីជាកសិករ អាចនឹងត្រូវការឥណទានតាមរដូវកាល សេវាសន្សំ និងសេវាធានារ៉ាប់រងលើការធ្វើកសិកម្ម។ចំណែកស្ត្រីនៅតំបន់ជនបទ ស្ត្រីនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងស្ត្រីមានពិការភាព អាចជួបប្រទះនូវឧបសគ្គបន្ថែមផ្សេងៗ ដូចនេះ គោលនយោបាយ និងសេវាហិរញ្ញវត្ថុចាំបាច់ ត្រូវតែឆ្លើយតបទៅនឹងតម្រូវការចម្រុះរបស់ស្ត្រី។
លោកជំទាវ បណ្ឌិត បានបន្ថែមថាលើសពីនេះ ការលើកកម្ពស់សុខុមាលភាពហិរញ្ញវត្ថុរបស់ស្ត្រី គឺជាកត្តាចាំបាច់ក្នុងការជួយឱ្យពួកគាត់អាចគ្រប់គ្រងហិរញ្ញវត្ថុរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព ទប់ទល់នឹងវិបត្តិហិរញ្ញវត្ថុដែលអាចកើតមានដោយមិនបានរំពឹងទុក ចាប់យកឱកាសសេដ្ឋកិច្ច និងសម្រេចបាននូវសុវត្ថិភាពហិរញ្ញវត្ថុប្រកបដោយចីរភាពសម្រាប់ខ្លួនឯងនិងគ្រួសារ។
លោកជំទាវបណ្ឌិត បានបញ្ជាក់ថាការសម្រេចបាននូវគោលដៅនេះ មិនត្រឹមតែតម្រូវឱ្យមានលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងតម្រូវឱ្យមានចំណេះដឹង ទំនុកចិត្ត និងសមត្ថភាពក្នុងការប្រើប្រាស់សេវាទាំងនោះប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវផងដែរ។
លោកជំទាវ បណ្ឌិត បានឱ្យដឹងទៀតថាលើសពីនេះបរិយាបន្នហិរញ្ញវត្ថុរបស់ស្ត្រីមិនត្រឹមតែជាបញ្ហានៃឱកាសដែលទទួលបានស្មើគ្នាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការវិនិយោគលើភាពធន់នៃសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់កម្ពុជាផងដែរ។ នៅពេលដែលស្ត្រីអាចទទួលបានសេវាហិរញ្ញវត្ថុដែលសមស្រប និងអាចចាប់យកឱកាសសេដ្ឋកិច្ចបាន ពួកគាត់នឹងមានលទ្ធភាព និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការពង្រីកអាជីវកម្ម គាំទ្រគ្រួសារ និងពង្រឹងសមត្ថភាពក្នុងការទប់ទល់នឹងវិបត្តិ និងហានិភ័យហិរញ្ញវត្ថុដែលអាចកើតមានដោយមិនបានរំពឹងទុក។
យោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់ធនាគារជាតិនៃកម្ពុជា (២០២៥) នៅក្នុងវិស័យធនាគារ ចំនួនស្ត្រីដែលបានប្រើប្រាស់សេវាឥណទានមានប្រមាណ៥៣% និងចំនួនស្ត្រីដែលមានប្រាក់បញ្ញើមានប្រមាណ៥១%។ ចំណែកនៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ចំនួនស្ត្រីដែលបានប្រើប្រាស់សេវាឥណទានមានប្រមាណ៦៧% និងចំនួនស្ត្រីដែលមានប្រាក់បញ្ញើមានប្រមាណ៦៤%។ ទោះបីជាតួលេខទាំងនេះ បង្ហាញពីការចូលរួមយ៉ាងសកម្មរបស់ស្ត្រីយ៉ាងណាក៏ដោយ យើងក៏ត្រូវធានាផងដែរថាពួកគាត់អាចទទួលបានផលិតផលដែលសមស្របសម្រាប់ប្រើប្រាស់ ប្រើប្រាស់សេវាហិរញ្ញវត្ថុប្រកបដោយសុវត្ថិភាព និងសម្រេចបានលទ្ធផលហិរញ្ញវត្ថុវិជ្ជមានផងដែរ។
បច្ចុប្បន្ន ធនាគារជាតិនៃកម្ពុជានិងក្រសួង-ស្ថាប័នពាក់ព័ន្ធកំពុងរៀបចំ «យុទ្ធសាស្ត្រជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុ ២០២៦-២០៣០» ដោយចាត់ទុកបរិយាបន្នហិរញ្ញវត្ថុសម្រាប់ស្ត្រីជាអាទិភាពសំខាន់មួយ។


