ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញធ្វើជីវមាត្រដោយផ្ទាល់ ក្នុងយុទ្ធនាការជំរឿនមន្ត្រីជាក់ស្តែង នៅក្រសួងបរិស្ថាន ដែលជាក្រសួងគោលដៅទី២៤
ព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ គណៈកម្មការជំរឿនមន្ត្រី បានបន្តបេសកកម្មចុះធ្វើជីវមាត្រ និងផ្ទៀងផ្ទាត់ទិន្នន័យមន្ត្រីជាក់ស្តែង នៅទីស្តីការក្រសួងបរិស្ថាន ដែលជាក្រសួងគោលដៅទី២៤ នៃយុទ្ធនាការថ្នាក់ជាតិមួយនេះ។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញធ្វើជីវមាត្រ និងផ្ទៀងផ្ទាត់ទិន្នន័យដោយផ្ទាល់ និងជាការបង្ហាញពីការគាំទ្រយ៉ាងពេញទំហឹង ចំពោះគោលនយោបាយកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល ក្នុងការស្វែងរកទិន្នន័យកម្លាំងមន្ត្រីពិតប្រាកដ និងច្បាស់លាស់។
ស្មារតីនៃការចូលរួមយ៉ាងសកម្មនេះ បានស្តែងចេញតាមរយៈវត្តមានយ៉ាងកុះកររបស់ថ្នាក់ដឹកនាំ ទីប្រឹក្សា ជំនួយការ មន្ត្រីរាជការ ព្រមទាំងមន្ត្រីជាប់កិច្ចសន្យាទាំងអស់ចំណុះទីស្តីការក្រសួងបរិស្ថាន ដែលបានអញ្ជើញមកបង្ហាញខ្លួន និងផ្ទៀងផ្ទាត់ប្រវត្តិរូបផ្ទាល់ខ្លួន។
យុទ្ធនាការជំរឿននៅក្រសួងបរិស្ថាននេះ ត្រូវបានដឹកនាំអនុវត្តដោយផ្ទាល់ពី ឯកឧត្តម អែវ ប៊ុនថុល រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការជំរឿនមន្ត្រី ដោយមានការចូលរួមសហការពីតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុផងដែរ។
ដំណើរការផ្ទៀងផ្ទាត់ និងស្កែនជីវមាត្រនេះ ត្រូវអនុវត្តយ៉ាងម៉ត់ចត់បំផុត ស្របតាមកាលវិភាគដែលបានកំណត់រយៈពេល ២ថ្ងៃ (ថ្ងៃទី២៩-៣០ ខែកញ្ញា ឆ្នាំ២០២៦) ដោយប្រៀបធៀបទិន្នន័យប្រវត្តិរូបជាមួយនឹងឯកសារសម្គាល់ខ្លួនផ្លូវការ ដូចជាប័ណ្ណសម្គាល់ខ្លួនមន្ត្រីរាជការ ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដើម្បីធានាបាននូវភាពត្រឹមត្រូវ តម្លាភាព និងទទួលបានទិន្នន័យរួមមួយដែលច្បាស់លាស់ ឯកភាពគ្នាបាន។



