ឯកឧត្តម នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំពិភាក្សា និងផ្តល់ធាតុចូលលើសេចក្តីព្រាងគោលនយោបាយជាតិស្តីពីការអភិវឌ្ឍទូរទស្សន៍ឌីជីថល និងសេចក្តីព្រាងច្បាប់ស្តីពីរបបសារព័ត៌មាន

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានដឹកនាំកិច្ចប្រជុំពិភាក្សា និងផ្តល់ធាតុចូលលើសេចក្តីព្រាងគោលនយោបាយជាតិស្តីពីការអភិវឌ្ឍទូរទស្សន៍ឌីជីថល និងសេចក្តីព្រាងច្បាប់ស្តីពីរបបសារព័ត៌មាន ដើម្បីពិនិត្យកែលម្អខ្លឹមសារ និងត្រៀមរៀបចំដាក់ឱ្យពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធ។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនារសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលប្រជុំព្រះវិហារ ទីស្តីការក្រសួងព័ត៌មាន ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធ ដើម្បីពិនិត្យពិភាក្សាលម្អិតលើខ្លឹមសារនៃឯកសារសំខាន់ៗទាំងពីរ។

ក្នុងដំណើរការនៃកិច្ចប្រជុំ បានពិនិត្យ និងផ្តល់ធាតុចូលលើ សេចក្តីព្រាងគោលនយោបាយជាតិស្តីពីការអភិវឌ្ឍទូរទស្សន៍ឌីជីថល និង សេចក្តីព្រាងច្បាប់ស្តីពីរបបសារព័ត៌មាន ដោយផ្តោតលើការពង្រឹងខ្លឹមសារ ឱ្យមានភាពច្បាស់លាស់ ស្របតាមតម្រូវការនៃការអភិវឌ្ឍវិស័យព័ត៌មាន និងបរិបទនៃការផ្លាស់ប្តូរបច្ចេកវិទ្យា និងប្រព័ន្ធផ្សព្វផ្សាយនាពេលបច្ចុប្បន្ន។

ការពិនិត្យ និងផ្តល់ធាតុចូលលើសេចក្តីព្រាងទាំងនេះ គឺជាដំណាក់កាលសំខាន់មួយក្នុងការរៀបចំឯកសារឱ្យកាន់តែមានភាពគ្រប់ជ្រុងជ្រោយ មុននឹងដាក់ចូលក្នុងសិក្ខាសាលាពិគ្រោះយោបល់ជាមួយក្រសួង ស្ថាប័ន អ្នកជំនាញ និងភាគីពាក់ព័ន្ធ ដើម្បីប្រមូលធាតុចូលបន្ថែម និងធានាថា គោលនយោបាយ និងច្បាប់ដែលត្រូវរៀបចំឡើង មានភាពសមស្រប និងឆ្លើយតបនឹងការអភិវឌ្ឍវិស័យព័ត៌មាននៅកម្ពុជា។

តាមរយៈការដឹកនាំ និងពិនិត្យយ៉ាងយកចិត្តទុកដាក់នេះ ក្រសួងព័ត៌មានបន្តផ្តោតលើការរៀបចំក្របខណ្ឌគោលនយោបាយ និងច្បាប់ឱ្យមានភាពច្បាស់លាស់ ស្របតាមស្ថានភាពជាក់ស្តែង និងអាចគាំទ្រដល់ការអភិវឌ្ឍវិស័យព័ត៌មានឱ្យកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបនឹងការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល៕