អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្នអញ្ជើញជាអធិបតីក្នុងពិធី «វេទិកាផ្សព្វផ្សាយសមិទ្ធផលអាណត្តិទី ១ របស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និងសន្និសីទមូលបត្រប្រចាំឆ្នាំ ២០២៦»

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) បានគូសបញ្ជាក់ថា វិស័យហិរញ្ញវត្ថុមិនមែនធនាគារ បានរីកចម្រើនយ៉ាងឆាប់រហ័ស និងរួមចំណែកយ៉ាងសំខាន់ដល់សេដ្ឋកិច្ចជាតិ ក្នុងអាណត្តិទី១ របស់ អ.ស.ហ. ខណៈទ្រព្យសកម្មសរុបរបស់វិស័យនេះ បានកើនឡើងពីប្រមាណជាង ៣ ប៊ីលានដុល្លារអាម៉េរិក ក្នុងឆ្នាំ ២០២១ រហូតដល់ប្រមាណជាង ៩ ប៊ីលានដុល្លារអាម៉េរិក ក្នុងឆ្នាំ ២០២៥ ដែលស្មើនឹងប្រមាណជាង ១៨% នៃផលិតផលក្នុងស្រុកសរុប (ផ.ស.ស.)។

ការលើកឡើងរបស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ធ្វើឡើងក្នុង «វេទិកាផ្សព្វផ្សាយសមិទ្ធផលអាណត្តិទី ១ របស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និងសន្និសីទមូលបត្រប្រចាំឆ្នាំ ២០២៦» នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦នេះ ។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានគូសបញ្ជាក់ថាក្នុងរយៈពេល ៥ ឆ្នាំនៃអាណត្តិទី ១ របស់ អ.ស.ហ. វិស័យហិរញ្ញវត្ថុមិនមែនធនាគារ បានបង្ហាញពីការរីកលូតលាស់យ៉ាងឆាប់រហ័ស និងកំពុងដើរតួនាទីកាន់តែសំខាន់ក្នុងប្រព័ន្ធហិរញ្ញវត្ថុជាតិ។ កំណើននេះមិនត្រឹមតែឆ្លុះបញ្ចាំងតាមរយៈទំហំវិស័យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កើតគុណប្រយោជន៍ និងគុណតម្លៃដល់សង្គម-សេដ្ឋកិច្ចកម្ពុជា។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានកត់សម្គាល់ថា តាមរយៈកំណើនទ្រព្យសកម្មសរុបដ៏សម្បើម បានឆ្លុះបញ្ចាំងពីការគាំទ្រសកម្មភាពសេដ្ឋកិច្ច ការវិនិយោគ និងការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិជារួម។

លេីសពីនេះ វិស័យនេះបានរួមចំណែកយ៉ាងសកម្មក្នុងការបង្កើតការងារ និងការអភិវឌ្ឍមូលធនមនុស្ស ដោយចំនួនការងារបានកើនទ្វេដង ពីប្រមាណ ៨ ពាន់នាក់ ក្នុងឆ្នាំ ២០២១ រហូតដល់ប្រមាណ ១៦ ពាន់នាក់ ក្នុងឆ្នាំ ២០២៥។ ការអភិវឌ្ឍជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ក៏បានរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍទីផ្សារការងារផ្នែកហិរញ្ញវត្ថុនៅកម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១។

បន្ថែមពីលើនេះ វិស័យហិរញ្ញវត្ថុមិនមែនធនាគារបានពង្រីកលទ្ធភាពទទួលបានសេវា និងរួមចំណែកកាន់តែទូលំទូលាយក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ តាមរយៈប្រព័ន្ធសន្តិសុខសង្គម ផលិតផលធានារ៉ាប់រង និងការបង្កើតឱកាសវិនិយោគ។ វិស័យនេះក៏បានពង្រឹងគុណភាព និងភាពជឿជាក់នៃព័ត៌មានហិរញ្ញវត្ថុ អភិបាលកិច្ចសាជីវកម្ម និងគណនេយ្យភាព ព្រមទាំងបានគាំទ្រដល់តម្រូវការហិរញ្ញប្បទានបន្ទាន់ និងការអភិវឌ្ឍលំនៅឋានសមរម្យ។ ការរីកចម្រើនទាំងអស់នេះ ពិតជាបានជួយបង្កើនជម្រើស និងឱកាសសម្រាប់ប្រជាពលរដ្ឋទូទៅ ម្ចាស់អាជីវកម្ម និងវិនិយោគិន ព្រមទាំងបានរួមចំណែកពង្រឹងបរិយាកាសធុរកិច្ច និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាប្រកបដោយចីរភាព។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន មានប្រសាសន៍ ថា ការបន្តពង្រឹង និងពង្រីកវិស័យហិរញ្ញវត្ថុ ជាពិសេសវិស័យហិរញ្ញវត្ថុមិនមែនធនាគារ គឺជាគ្រឹះដ៏សំខាន់ និងរឹងមាំ ដើម្បីធានាថាកំណើនសេដ្ឋកិច្ចត្រូវបានគាំទ្រដោយប្រព័ន្ធហិរញ្ញវត្ថុដែលមានស្ថិរភាព សុវត្ថិភាព ភាពធន់ និងអាចឆ្លើយតបប្រកបដោយប្រសិទ្ធភាពខ្ពស់ទៅនឹងវិបត្តិ និងការវិវត្តយ៉ាងឆាប់រហ័សនៃសភាពការណ៍ក្នុងតំបន់ និងលើសកលលោក។ វិស័យមូលបត្រ ជាផ្នែកមួយនៃវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ក៏ជាប្រភពហិរញ្ញប្បទានដ៏សំខាន់ និងជាច្រកដ៏ចាំបាច់ក្នុងការរុញចរន្តសាច់ប្រាក់ចូលក្នុងសេដ្ឋកិច្ចជាតិ សំដៅចូលរួមចំណែកគាំទ្រដល់ការជំរុញកំណើនសេដ្ឋកិច្ច ការអភិវឌ្ឍសង្គម និងការបង្កើតឱកាសការងារកាន់តែច្រើន៕