ឯកឧត្តមបណ្ឌិត អ៉ឹម កុច បានគាំទ្រដល់សិស្សានុសិស្សនិងនិស្សិតមកពីសាលារដ្ឋនិងឯកជនស្វែងយល់អំពីឱកាសសិក្សាទៅប្រទេសអូស្ត្រាលី។
ភ្នំពេញ៖ក្រសួងអប់រំយុវជននិងកីឡានិងសភាពាណិជ្ជកម្មកម្ពុជា នាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦គាំទ្រលើកទឹកចិត្តដល់ សិស្សានុសិស្ស និងនិស្សិតមកពីសាលារដ្ឋ និងឯកជនកម្ពុជាក្នុងពិធីរៀបចំពិព័រណ៍ការសិក្សានេះ ដែលចង់ទៅបន្តការសិក្សា នៅប្រទេសអូស្ត្រាលី កម្មវិធីសិក្សានេះទទួលបានការទទួលស្គាល់ និងគាំទ្រយ៉ាងត្រឹមត្រូវពី ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា, វិទ្យាស្ថាន ANIBT, ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងសាកលវិទ្យាល័យដៃគូនានានៅអូស្ត្រាលី ដោយមានកិច្ចសហការជាមួយដៃគូហិរញ្ញវត្ថុ និងធនាគារ ក្នុងការផ្តល់កម្ចីសិក្សាដល់សិស្សានុសិស្សដែលមានបំណងចង់ទៅសិក្សានៅប្រទេសអូស្ត្រាលីផងដែរ។
កម្ពុជាជាប្រទេសដែលកំពុងមានការអភិវឌ្ឍជាលំដាប់ តាមរយៈការកែទម្រង់ស៊ីជម្រៅលើគុណភាពបង្រៀន និងការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធអប់រំ។ គ្រឹះស្ថានឧត្តមសិក្សាកាន់តែច្រើនត្រូវបានបង្កើតឡើងទាំងនៅរាជធានី និងតាមបណ្តាខេត្ត ជាពិសេសគឺការបង្កើតកិច្ចសហប្រតិបត្តិការអន្តរជាតិ។ ជាក់ស្តែង ការរៀបចំពិព័រណ៍ការសិក្សានេះ គឺជាការបង្កើតឱកាសថ្មីៗដល់យុវជនកម្ពុជា ក្នុងការស្វែងយល់ពីជម្រើសសិក្សា ដើម្បីត្រៀមខ្លួនកំណត់មាគ៌ាសិក្សាឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារជាតិ និងអន្តរជាតិ។
គូសបញ្ចាក់ថាសិស្សានុសិស្ស និងនិស្សិត បានចាត់ទុកពិព័រណ៍ការសិក្សាទៅប្រទេសអូស្ត្រាលីថាមានសារៈសំខាន់ណាស់ ដើម្បីស្វែងយល់អំពីឱកាសសិក្សា និងការអភិវឌ្ឍអនាគតនៅប្រទេសអូស្ត្រាលី ក្នុងគោលបំណងត្រៀមខ្លួនកំណត់នូវផែនការសិក្សាឱ្យបានច្បាស់លាស់ ក្នុងការចាប់យកចំណេះដឹង ឬជំនាញថ្មីៗ ដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុងស្រុក និងអន្តរជាតិ។
លោកឈនឈុនឡេង ស្ថាបនិក និងជាអគ្គនាយកនៃក្រុមហ៊ុន អុី-ស្គូល (ខេមបូឌា) បានលើកឡើងពីគោលបំណងនៃថា ការរៀបចំពិព័រណ៍នេះគឺស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧ ក្នុងការបណ្តុះបណ្តាលធនធានមនុស្សឌីជីថល។ លោកអគ្គនាយកបានបន្ថែមថា ការទៅសិក្សានៅប្រទេសអូស្ត្រាលីតាមរយៈ អុី-ស្គូល មានលក្ខណៈពិសេសត្រង់ថា សិស្សត្រូវរៀនត្រៀមខ្លួនជាមួយ អុី-ស្គូល ជាមុនសិន ទើបអាចចេញទៅសិក្សាបាន ដែលវិធីនេះអាចជួយសន្សំសំចៃថវិកាបានប្រមាណ ៥ ម៉ឺនដុល្លារសហរដ្ឋអាមេរិច។
ឯកឧត្តម ឧកញ៉ាងួនម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា ការអភិវឌ្ឍធនធានមនុស្សនៅតែជាកត្តាស្នូលក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងបង្កើនភាពប្រកួតប្រជែងរបស់ជាតិ។ កម្ពុជាត្រូវការយុវជនជំនាន់ថ្មីដែលមានចំណេះដឹង ជំនាញបច្ចេកទេស សមត្ថភាពឌីជីថល និងទស្សនវិស័យសកល។ សភាពាណិជ្ជកម្មកម្ពុជា តែងតែគាំទ្រយ៉ាងពេញទំហឹងដល់ការអភិវឌ្ឍធនធានមនុស្ស ព្រោះវាជាកម្លាំងចលករដ៏សំខាន់សម្រាប់ប្រទេសជាតិ និងវិស័យឯកជន។ ឯកឧត្តមឧកញ៉ាក៏បានសម្តែងការកោតសរសើរដល់ដៃគូសហការទាំងអស់ ដែលបានបង្កើតវេទិកាដ៏មានតម្លៃនេះឡើង ក្នុងការតភ្ជាប់យុវជនកម្ពុជាទៅនឹងឱកាសអប់រំកម្រិតអន្តរជាតិ។
ឯកឧត្តមបណ្ឌិតអ៉ឹមកុច រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ព្រឹត្តិការណ៍នេះមានសារៈសំខាន់ណាស់ក្នុងការនាំយកស្ថាប័នអប់រំមកជួបផ្ទាល់ជាមួយមាតាបិតា និងសិស្សនិស្សិត ដើម្បីជួយពួកគាត់ក្នុងការជ្រើសរើសផ្លូវសិក្សា និងអាជីពដោយផ្អែកលើព័ត៌មានពិតប្រាកដ។ ឯកឧត្តមក៏បានគូសបញ្ជាក់ថា កម្ពុជាឱ្យតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ និងមិត្តភាពដ៏យូរអង្វែងជាមួយប្រទេសអូស្ត្រាលី ដែលបានរួមចំណែកពង្រឹងសមត្ថភាពស្ថាប័ន និងបណ្តុះបណ្តាលមូលធនមនុស្សកម្ពុជាឱ្យមានជំនាញ និងទស្សនវិស័យជាអន្តរជាតិ។
នៅក្នុងព្រឹត្តិការណ៍នេះផងដែរ ក៏មាន ការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា ដែលជានិច្ចកាលតែងតែជំរុញ និងសម្របសម្រួលទំនាក់ទំនងផ្នែកអប់រំ រវាងប្រទេសទាំងពីរ ព្រមទាំងផ្តល់កិច្ចសហប្រតិបត្តិការលើការបង្កើតឱកាសអាហារូបករណ៍ និងការទិដ្ឋាការសិក្សាសម្រាប់សិស្ស-និស្សិតកម្ពុជា។ ជាមួយគ្នានេះ វិទ្យាស្ថាន ANIBT (Australian National Institute of Business and Technology) ដែលជាគ្រឹះស្ថានអប់រំផ្នែកធុរកិច្ច និងបច្ចេកវិទ្យាឈានមុខគេមួយនៅប្រទេសអូស្ត្រាលី ក៏បានចូលរួមយ៉ាងសកម្មក្នុងការផ្តល់ព័ត៌មានលម្អិតអំពីកម្មវិធីសិក្សា បច្ចេកទេសបណ្តុះបណ្តាលកម្រិតស្តង់ដារ និងអាហារូបករណ៍ពិសេសៗ ជូនដល់សិស្ស-និស្សិតកម្ពុជាដែលបំណងចង់ទៅបន្តការសិក្សានៅបរទេស។



