រដ្ឋមន្ត្រីក្រសួងអប់រំ ជួបសំណេះសំណាលជាមួយគណៈកម្មការគ្រប់គ្រងជំរំ លោកគ្រូ អ្នកគ្រូ នៃជំរំសុវត្ថិភាពតាកឹងបៃតង ខេត្តព្រះវិហារ
ខេត្តព្រះវិហារ៖ នាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំគណៈប្រតិភូក្រសួងអប់រំ យុវជន និងកីឡា ជួបសំណេះសំណាល និងសួរសុខទុក្ខបុគ្គលិកអប់រំ គណៈកម្មការគ្រប់គ្រងជំរំ លោកគ្រូ អ្នកគ្រូ នៃជំរំសុវត្ថិភាពតាកឹងបៃតង ខេត្តព្រះវិហារ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត តំណាងកម្មវិធីស្បៀងអាហារពិភពលោក (WFP) និងដៃគូអភិវឌ្ឍន៍ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះវិហារ តំណាងអាជ្ញាធរមូលដ្ឋាន នាយក នាយិកា លោកគ្រូ អ្នកគ្រូ និងសហគមន៍។
នាឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រួមជាមួយគណៈប្រតិភូ បានចូលរួមសកម្មភាពរៀបចំអាហារជូនសិស្សបរិភោគ នៃកម្មវិធីផ្តល់អាហារតាមសាលារៀនសម្រាប់សិស្សនៅតាមជំរំសុវត្ថិភាព ដែលទទួលបានការគាំទ្រថវិកាពីសប្បុរសជនជប៉ុន តាមរយៈកម្មវិធីស្បៀងអាហារពិភពលោក (WFP), ព្រមទាំងបានពិនិត្យស្ថានភាពថ្នាក់រៀនបណ្ដោះអាសន្ន ហេដ្ឋារចនាសម្ព័ន្ធនានាជុំវិញជំរំ និងមណ្ឌលសុខភាព ដើម្បីវាយតម្លៃពីតម្រូវការជាក់ស្តែង សំដៅបន្តកែលម្អបរិស្ថានសិក្សា និងការរស់នៅរបស់បុគ្គលិកអប់រំ និងសិស្សឱ្យកាន់តែប្រសើរឡើង។ ក្នុងឱកាសនេះដែរ ប្រតិភូក្រសួងអប់រំ យុវជន និងកីឡា បាននាំយកនូវសម្ភារប្រើប្រាស់ សម្ភារសិក្សា គ្រឿងឧបភោគបរិភោគ និងថវិកាឧបត្ថម្ភមួយចំនួន ដែលទទួលបានពីសប្បុរសជន ប្រគល់ជូនគណៈកម្មការគ្រប់គ្រងជំរំ លោកគ្រូ អ្នកគ្រូ ដើម្បីជួយសម្រាលជីវភាព ក៏ដូចជាគាំទ្រដល់ដំណើរការសាលារៀនបណ្ដោះអាសន្ន។
ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានជួបសំណេះសំណាលយ៉ាងស្និទ្ធស្នាលជាមួយគណៈកម្មការគ្រប់គ្រងជំរំ លោកគ្រូ និងអ្នកគ្រូ ដោយបានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការលះបង់ និងកិច្ចខិតខំប្រឹងប្រែងបន្តបំពេញភារកិច្ចបង្រៀនសិស្សនៅគ្រប់កាលៈទេសៈ ព្រមទាំងបានផ្តាំផ្ញើនូវការថ្លែងអំណរគុណដល់មាតាបិតា និងអាណាព្យាបាលសិស្សទាំងអស់ ដែលបានបន្តបញ្ជូនកូនមកទទួលការអប់រំ ទោះបីជាការរស់នៅជួបការលំបាក ខណៈជម្លោះព្រំដែនជាមួយប្រទេសថៃមិនទាន់បញ្ចប់ ដោយគូសបញ្ជាក់ថា ការអប់រំត្រូវតែបន្តប្រកបដោយភាពធន់ និងនវានុវត្តន៍។
លទ្ធផលដ៏ល្អប្រសើរជាទីមោទនៈ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦ នេះ របស់សិស្សានុសិស្សនៅខេត្តជាប់ព្រំដែនទាំង៣ គឺ ព្រះវិហារ ឧត្តរមានជ័យ និងបន្ទាយមានជ័យ គឺជាសក្ខីភាពយ៉ាងច្បាស់បង្ហាញពីការខិតខំប្រឹងប្រែងតស៊ូរៀនសូត្រ ដោយបានប្រែក្លាយការឈឺចាប់ទៅជាកម្លាំងជំរុញ ព្រមទាំងឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងបង្រៀនយ៉ាងសកម្មរបស់លោកគ្រូ អ្នកគ្រូ និងការគាំទ្រលើកទឹកចិត្តយ៉ាងល្អពីសំណាក់គ្រួសារ អាណាព្យាបាល និងសហគមន៍ ក្នុងការលើកកម្ពស់គុណភាពអប់រំ និងការអភិវឌ្ឍធនធានមនុស្ស ដែលជាខឿនដ៏រឹងមាំក្នុងការការពារប្រទេសជាតិពីការរំលោភបំពាន។
ជាថ្មីម្តងទៀត ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះការបន្តជួយគាំទ្រពីសំណាក់អង្គការកម្មវិធីស្បៀងអាហារពិភពលោក (WFP) និងសប្បុរសជនពីគ្រប់មជ្ឈដ្ឋាន ដែលបានចូលរួមចំណែកជាមួយក្រសួងអប់រំ យុវជន និងកីឡា ដល់ការលើកកម្ពស់វិស័យអប់រំ ព្រមទាំងសុខុមាលភាពរបស់ប្រជាពលរដ្ឋដែលកំពុងរស់នៅតាមជំរំក្នុងមណ្ឌលសុវត្ថិភាព និងគាំទ្រដល់ដំណើរការសាលារៀនបណ្ដោះអាសន្ន ដោយបានរំលេចអំពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការបន្តសហការជាមួយភាគីពាក់ព័ន្ធទាំងអស់ ដើម្បីបង្កើតបរិយាកាសអប់រំកាន់តែល្អប្រសើរ ឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ដែលឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការធានាសុខសន្តិភាព និងស្ថិរភាពសង្គម ឆ្ពោះទៅកាន់ការអភិវឌ្ឍជាតិប្រកបដោយចីរភាព៕



