មន្ត្រីទូរទស្សន៍ជាតិកម្ពុជា ២រូប ចូលរួមអនុវេទិកានៃវេទិកាប្រព័ន្ធផ្សព្វផ្សាយអាស៊ី-ប៉ាស៊ីហ្វិក នៅទីក្រុង Zhuhai សាធារណរដ្ឋប្រជាមានិតចិន

មន្ត្រីទូរទស្សន៍ជាតិកម្ពុជា (ទទក) ចំនួន ២រូប បានអញ្ជើញចូលរួមក្នុងកិច្ចពិភាក្សានៃអនុវេទិកា ក្នុងក្របខ័ណ្ឌវេទិកាប្រព័ន្ធផ្សព្វផ្សាយអាស៊ី-ប៉ាស៊ីហ្វិក (Asia-Pacific Media Forum) ដែលប្រព្រឹត្តទៅនៅទីក្រុងZhuhai ខេត្ត Guangdong សាធារណរដ្ឋប្រជាមានិតចិន។

អនុវេទិកានេះបានប្រមូលផ្តុំអ្នកជំនាញសារព័ត៌មាន ថ្នាក់ដឹកនាំស្ថាប័នប្រព័ន្ធផ្សព្វផ្សាយ និងបញ្ញវន្តអន្តរជាតិ ដើម្បីផ្លាស់ប្តូរទស្សនៈលើប្រធានបទសំខាន់ៗ រួមមាន៖

កិច្ចពិភាក្សាស្តីពីកិច្ចសន្ទនាឆ្ពោះទៅរកការឯកភាពគ្នា៖ តើកិច្ចសន្ទនាប្រកបដោយសមភាព និងការផ្លាស់ប្តូរយុវជន អាចពង្រឹងមូលដ្ឋានគ្រឹះនៃការឯកភាពគ្នាសម្រាប់កិច្ចសហប្រតិបត្តិការអាស៊ី-ប៉ាស៊ីហ្វិកយ៉ាងដូចម្តេច?ដោយផ្តោតលើការកសាងទំនុកចិត្ត និងការផ្សារភ្ជាប់ទំនាក់ទំនងយុវជនក្នុងតំបន់។

កិច្ចពិភាក្សាស្តីពីការតភ្ជាប់ឆ្ពោះទៅរកការរួមរស់ជាមួយគ្នា៖ តើកិច្ចសហការក្នុងឧស្សាហកម្ម និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនដ៏សម្បូរបែប អាចកំណត់ទិដ្ឋភាពថ្មីសម្រាប់ការចូលរួមវប្បធម៌អាស៊ី-ប៉ាស៊ីហ្វិកយ៉ាងដូចម្តេច?ដែលពិភាក្សាពីការជំរុញសេដ្ឋកិច្ច វប្បធម៌ និងការយល់ដឹងពីគ្នាទៅវិញទៅមក។

ព្រមទាំងបទបង្ហាញពិសេសដើម្បីអបអរសាទរខួប ៣០ឆ្នាំនៃពិព័រណ៍អាកាសចរណ៍ចិន (Airshow China) ដែលជាព្រឹត្តិការណ៍បង្ហាញពីការរីកចម្រើននៃវិស័យអាកាសចរណ៍ និងបច្ចេកវិទ្យា។

ការចូលរួមរបស់តំណាងទូរទស្សន៍ជាតិកម្ពុជានាឱកាសនេះ គឺដើម្បីពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ផ្លាស់ប្តូរបទពិសោធន៍វិជ្ជាជីវៈសារព័ត៌មាន និងពង្រីកការផ្សព្វផ្សាយវប្បធម៌ទៅវិញទៅមកឱ្យកាន់តែទូលំទូលាយ។