មន្ត្រីទូរទស្សន៍ជាតិកម្ពុជា ២រូប ធ្វើទស្សនកិច្ចសិក្សាឈ្វេងយល់ពីមន្ទីរពិសោធន៍ថាមពលគ្មានកាបូន និងអនុស្ថានីយអគ្គិសនីវៃឆ្លាត CSG នៅតំបន់ Hengqin ប្រទេសចិន
មន្ត្រីទូរទស្សន៍ជាតិកម្ពុជា ចំនួន ២រូប បានអញ្ជើញធ្វើទស្សនកិច្ចសិក្សាស្វែងយល់អំពីការអភិវឌ្ឍបច្ចេកវិទ្យាថាមពលបៃតង និងប្រព័ន្ធអគ្គិសនីឆ្លាតវៃ របស់ក្រុមហ៊ុន China Southern Power Grid (CSG) នៅទីក្រុង Zhuhai ខេត្ត Guangdong សាធារណរដ្ឋប្រជាមានិតចិន។
ក្នុងដំណើរទស្សនកិច្ចនេះ មន្រ្តីទាំង២រូបបានចុះឈ្វេងយល់ផ្ទាល់ពីទីតាំងសំខាន់ៗចំនួនពីរ រួមមាន៖
មន្ទីរពិសោធន៍ថាមពលរួម Hengqin Digital Zero-Carbon Island Shared Laboratory (CSG)៖ ជាវេទិកាស្រាវជ្រាវថាមពលឆ្លងតំបន់ដំបូងគេបង្អស់សម្រាប់តំបន់ Guangdong-Hong Kong-Macao Greater Bay Area (GBA)។ មន្ទីរពិសោធន៍នេះ ឈានមុខគេលើការស្រាវជ្រាវប្រព័ន្ធថាមពលខ្យល់ ការបញ្ជូនថាមពលកម្រិតទាប ព្រមទាំងការប្រើប្រាស់បច្ចេកវិទ្យា AI ក្នុងការវិនិច្ឆ័យបញ្ហា និងការគ្រប់គ្រងប្រសិទ្ធភាពថាមពលឆ្លាតវៃ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ថាមពលគ្មានកាបូន (Zero-Carbon)។
អនុស្ថានីយអគ្គិសនី ២២០ គីឡូវ៉ុល Qinyun (220 kV Qinyun Substation – CSG)៖ ជាហេដ្ឋារចនាសម្ព័ន្ធថាមពលដ៏រឹងមាំក្នុងការផ្គត់ផ្គង់អគ្គិសនីតភ្ជាប់ទៅកាន់តំបន់ម៉ាកាវ (Macao) តាមរយៈខ្សែបណ្តាញចំនួន ៣ ខ្សែ។ អនុស្ថានីយនេះបានបង្ហាញពីសមិទ្ធផលបច្ចេកវិទ្យាទំនើបចុងក្រោយ ដោយបានដាក់ពង្រាយប្រព័ន្ធ IoT ប្រើប្រាស់សត្វឆ្កែរ៉ូបូត (Robot Dogs), យន្តហោះដ្រូន (Drones) និងប្រព័ន្ធឧបករណ៍ចាប់សញ្ញា (Sensors) ដោយភ្ជាប់ជាមួយក្បួនដោះស្រាយ AI ដើម្បីត្រួតពិនិត្យ និងការពារឧប្បត្តិហេតុដោយស្វ័យប្រវត្តិតាមអាកាស និងលើដី ធានាបាននៅស្ថេរភាព និងប្រសិទ្ធភាពខ្ពស់ក្នុងការផ្គត់ផ្គង់ថាមពលឆ្លងព្រំដែន។
ដំណើរទស្សនកិច្ចនេះ បានផ្តល់នូវបទពិសោធន៍ និងចំណេះដឹងថ្មីៗយ៉ាងទូលំទូលាយអំពីការរួមបញ្ចូលគ្នារវាងបច្ចេកវិទ្យាឌីជីថល AI និងការអភិវឌ្ឍវិស័យថាមពលបៃតងប្រកបដោយចីរភាព។



