ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អញ្ជើញចុះពិនិត្យស្រះទឹក ជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងចុះពិនិត្យទីតាំងផ្លូវដែលប្រជាពលរដ្ឋស្នើសុំពង្រីកផ្លូវ ក្នុងឃុំពន្លៃ ស្រុកអង្គរបូរី ខេត្តតាកែវ។
ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង និងក្រុមការងារ រួមជាមួយអាជ្ញាធររដ្ឋបាលឃុំ បានអញ្ជើញចុះពិនិត្យស្រះទឹកសាមគ្គីក្នុងភូមិពន្លៃខាងជើង ឃុំពន្លៃ ស្រុកអង្គរបូរី ខេត្តតាកែវ ដើម្បីពិភាក្សារៀបចំសណ្តាប់ធ្នាប់ជុំវិញបរិវេណស្រះ និងលើកកម្ពស់សោភ័ណភាព ព្រមទាំងអនាម័យក្នុងភូមិ-ឃុំ ឱ្យកាន់តែប្រសើរឡើង។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ក៏បានអញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងក្មួយៗកុមារា កុមារីនៅសាលាបឋមសិក្សាសំរោងពន្លៃ និងបានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់លោកគ្រូ អ្នកគ្រូ ក្នុងការបំពេញតួនាទីបណ្តុះបណ្តាល និងអប់រំកុមារា កុមារី ព្រមទាំងបានលើកទឹកចិត្តដល់សិស្សានុសិស្សឱ្យខិតខំរៀនសូត្រក្រេបជញ្ជក់នូវចំណេះដឹង គោរពវិន័យសាលា និងស្តាប់ដំបូន្មានលោកគ្រូ អ្នកគ្រូ ដើម្បីក្លាយជាកូនល្អ សិស្សល្អ និងពលរដ្ឋល្អក្នុងសង្គម។ ជាមួយគ្នានេះ ឯកឧត្ដមបណ្ឌិតក៏បានពាំនាំសម្ភារសិក្សាជូនសិស្សានុសិស្សដែលជាការចូលរួមចំណែកជួយសម្រាលបន្ទុកអាណាព្យាបាល និងជំរុញទឹកចិត្តកុមារឱ្យបន្តការសិក្សាផងដែរ។
ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិត បានបន្តចុះពិនិត្យមើលទីតាំងដីដែលប្រជាពលរដ្ឋស្នើសុំពង្រីកផ្លូវ ដើម្បីសម្របសម្រួលដល់ការធ្វើដំណើរ ការរស់នៅ និងបង្កលក្ខណៈងាយស្រួលដល់ការប្រកបមុខរបរប្រចាំថ្ងៃរបស់ពលរដ្ឋឱ្យកាន់តែរលូន។
ជាកិច្ចបញ្ចប់ អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋ បានសម្តែងនូវក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមបណ្ឌិត ដែលបានចុះជួយរៀបចំសណ្តាប់ធ្នាប់ សម្របសម្រួលដោះស្រាយបញ្ហាជូនពលរដ្ឋ និងឧបត្ថម្ភគាំទ្រដល់មូលដ្ឋានដោយផ្ទាល់។ ពួកគាត់បានគូសបញ្ជាក់ទាំងអារម្មណ៍ក្តុកក្តួល និងរំភើបថា កាយវិការយកចិត្តទុកដាក់ដ៏ស្និទ្ធស្នាលនេះ បានបង្កើននូវកម្លាំងចិត្ត និងផ្តល់ភាពកក់ក្តៅយ៉ាងធំធេងសម្រាប់ប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំមូលដ្ឋានទាំងអស់៕


