ការប្រគល់-ទទួលសម្ភារៈបរិក្ខារចក្ខុរោគរបស់មូលនិធិហ្វ្រេដហូឡូ ជូនដល់មន្ទីរពេទ្យបង្អែកស្រុក-ខេត្តចំនួន ៦ នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពត កែប និងតាកែវ តាមរយៈមន្ទីរពេទ្យព្រះអង្គឌួង
លោកសាស្ត្រាចារ្យរង លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង និងលោក បាក់ តូក្យូ នាយកប្រចាំតំបន់អាស៊ាន នៃមូលនិធិហ្វ្រេដហូឡូ ដោយមានការរួមដំណើរដោយលោកស្រីសាស្ត្រាចារ្យជំនួយ ជុកម៉ុល កុសុម៉ា នាយិការង និងលោក នង ម៉ានិត នាយករង នៅថ្ងៃទី២៧ ខែវិច្ឆិកា បាន អញ្ជើញចុះទៅប្រគល់សម្ភារៈបរិក្ខារចក្ខុរោគ ដែលជាជំនួយឧបត្ថម្ភរបស់មូលនិធិហ្វ្រេដហូឡូ (The Fred Hollows Foundation) សម្រាប់គាំទ្រដល់ការអនុវត្តគម្រោងថែទាំសុខភាពភ្នែក (Eye Care Program)។ ការប្រគល់នេះបានប្រព្រឹត្តទៅដោយមានការចូលរួមទទួលដោយលោកជំទាវ យូ សុគន្ធ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពត ឯកឧត្តម ម៉ែន សុធីរ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកែប លោកឱសថការី ផាន់ វ៉ាន់ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តតាកែវ។ ការផ្តល់ជំនួយសម្ភារៈបរិក្ខារនេះ គឺជាការរួមចំណែកដ៏សំខាន់ក្នុងការពង្រឹងសមត្ថភាពផ្តល់សេវាពិនិត្យពិគ្រោះជំងឺភ្នែក ព្រមទាំងលើកកម្ពស់គុណភាពសេវាថែទាំសុខភាពភ្នែកជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព និងទូលំទូលាយ។ មន្ទីរពេទ្យបង្អែកស្រុក-ខេត្តចំនួន ៦ ដែលទទួលបានសម្ភារៈបរិក្ខារចក្ខុរោគរួមមាន មន្ទីរពេទ្យបង្អែកឈូក មន្ទីរពេទ្យបង្អែកកំពង់ត្រាច មន្ទីរពេទ្យខេត្តកែប មន្ទីរពេទ្យបង្អែកអង្គរកា មន្ទីរពេទ្យបង្អែកកោះអណ្តែត និងមន្ទីរពេទ្យបង្អែកគិរីវង់។
ឯកឧត្តមសាស្រ្តាចារ្យ រង លូ លីឃាង បានថ្លែងថា សម្ភារៈបរិក្ខារចក្ខុរោគទាំងនេះ ត្រូវបានប្រគល់ជូនមន្ទីរពេទ្យបង្អែកស្រុក-ខេត្តចំនួន ៦ នៃមន្ទីរសុខាភិបាលរដ្ឋបាលខេត្តកំពត ខេត្តកែប និងខេត្តតាកែវ ខាងលើនេះ មានគោលបំណងលើកកម្ពស់គុណភាពសេវាពិនិត្យ និងព្យាបាលជំងឺភ្នែកនៅតាមមន្ទីរពេទ្យបង្អែកក្នុងមូលដ្ឋាន ឱ្យកាន់តែមានប្រសិទ្ធភាព និងបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការទទួលបានសេវាថែទាំសុខភាពភ្នែកដោយផ្ទាល់នៅជិតលំនៅឋាន។
ចំណែកលោកស្រីសាស្ត្រាចារ្យជំនួយ ជុកម៉ុល កុសុម៉ា នាយិការង នៃមន្ទីរពេទ្យព្រះអង្គឌួង បានលើកឡើងថា សម្ភារៈបរិក្ខារដែលយកមកចែកជូននាពេលនេះរួមមាន៖ ឧបករណ៍ពិនិត្យភ្នែក ឧបករណ៍ថតបាតភ្នែក ឧបករណ៍វាស់សម្ពាធភ្នែក ឧបករណ៍ពិនិត្យគំហើញ និងពិនិត្យពីផ្នែកខាងមុខ រហូតដល់ខាងក្រោយនៃភ្នែក ព្រមទាំងឧបករណ៍លាងថង់ទឹកភ្នែក និងឧបករណ៍សម្រាប់ការវះកាត់តូចមួយចំនួនផងដែរ។
ជាមួយគ្នានោះដែរ លោក បាក់ តូក្យូ បានសម្តែងនូវសេចក្តីរីករាយយ៉ាងខ្លាំងចំពោះកិច្ចសហប្រតិបត្តិការជាមួយមន្ទីរពេទ្យព្រះអង្គឌួង ដែលមានសម្ព័ន្ធមេត្រីភាពជាមួយខេត្តទាំង៣ គឺខេត្តកំពត កែប និងតាកែវ ក្នុងការគាំទ្រដល់មន្ទីរពេទ្យខេត្ត ក៏ដូចជាមន្ទីរពេទ្យបង្អែកថ្នាក់ស្រុក រហូតដល់មូលដ្ឋាន។
ជាមួយគ្នានេះដែរ លោកជំទាវ យូ សុគន្ធ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពត ឯកឧត្តម ម៉ែន សុធីរ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកែប និងលោកឱសថការី ផាន់ វ៉ាន់ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តតាកែវ បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមសាស្រ្តាចារ្យរង លូ លីឃាង និងលោក បាក់ តូក្យូ ។ ជំនួយសម្ភារៈបរិក្ខារទាំងនេះ គឺជាការរួមចំណែកដ៏សំខាន់ក្នុងការពង្រឹងសមត្ថភាពផ្តល់សេវាពិនិត្យ និងពិគ្រោះជំងឺភ្នែក ព្រមទាំងលើកកម្ពស់គុណភាពសេវាថែទាំសុខភាពភ្នែកជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព និងទូលំទូលាយ។
ឆ្លៀតក្នុងឱកាសនោះ បន្ទាប់ពីពិធីប្រគល់-ទទួលរួចមក ឯកឧត្តមសាស្ត្រាចារ្យ នាយកមន្ទីរពេទ្យព្រះអង្គឌួង ក៏បានអញ្ជើញចុះពិនិត្យទីតាំង និងវឌ្ឍនភាពនៃការផ្ដល់សេវាសុខាភិបាលនៅតាមមន្ទីរពេទ្យបង្អែកទាំងនោះផងដែរ ដើម្បីផ្តល់ជាយោបល់បន្ថែម ឬជួយឧបត្ថម្ភសម្ភារៈបរិក្ខារផ្សេងៗតាមការចាំបាច់ សំដៅជំរុញការបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឡើងថែមទៀត និងទទួលបានទំនុកចិត្តខ្ពស់ពីពួកគាត់៕


