សមាគមគ្រូពេទ្យកុមារកម្ពុជា សន្និសីទប្រចាំឆ្នាំស្តីពីវេជ្ជសាស្រ្តកុមារ លើកទី២៩

នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦ សមាគមគ្រូពេទ្យ កុមារកម្ពុជា បានរៀបចំសន្និសីទប្រចាំឆ្នាំវេជ្ជសាស្ត្រកុមារ លើកទី២៩” ក្រោមប្រធានបទ “រួមគ្នាជំរុញវឌ្ឍនភាព ការថែទាំ ព្យាបាលកុមារ និងទារកទើបកើត” នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ។ សន្និសីទនេះមានការចូលរួម ជាអធិបតីភាពពី លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល។ 

ឯកឧត្តមសាស្ត្រាចារ្យរង ហេង សុទ្ធី អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យកុមារកម្ពុជាអាណត្តិទី៨ បានបង្ហាញនូវរបាយការណ៍របស់សមាគមឲ្យឃើញថា សមាគមតែងតែបានចូល រួមជាប្រចាំក្នុងការរួមគ្នា ផ្តួចផ្តើមឱ្យមានការបណ្តុះបណ្តាលផ្សេងៗ ចែករំលែកចំណេះដឹង ធ្វើនវានុវត្តន៍ជំនាញដល់សមាជិក សមាជិកា ក៏ដូចជាដល់បុគ្គលិកនៅតាមមន្ទីរពេទ្យជាតិ ថ្នាក់ក្រោមជាតិ ព្រមទាំងដល់មន្ទីរពេទ្យឯកជន និងប្អូនៗនិស្សិតបន្ត វេន។ កិច្ចការនេះបានផ្តល់នូវអត្ថប្រយោជន៍ធំធេង ដល់អ្នកចូលរួមទទួលបានចំណេះដឹង ដើម្បីអនុវត្តការងារតាមនិយាម ប្រតិបត្តិ។ បន្ថែមពីនេះ សិក្ខាកាមអាចយកចំណេះដឹងដែលបានពីវគ្គសិក្សាផ្សេងៗ ទៅអនុវត្តការងារប្រចាំថ្ងៃដោយសុក្រិត្យ ភាព រួមនឹងការខិតខំអភិវឌ្ឍខ្លួនឯងផងដែរ តាមរយៈការស្រាវជ្រាវ រៀនសូត្រពីមិត្តភក្តិក្នុងនិងក្រៅប្រទេសបន្ថែមទៀតដើម្បី ផ្តល់ជាប្រយោជន៍ធំធេងក្នុងការព្យាបាលអ្នកជំងឺ។

ប្រធានបទដ៏សំខាន់ថ្ងៃនេះ “រួមគ្នាជំរុញវឌ្ឍនភាពនៃការថែទាំ ព្យាបាលកុមារ និងទារកទើបកើត គឺតម្រូវឱ្យវេជ្ជ បណ្ឌិតម្នាក់ៗ ត្រូវបន្តការអភិវឌ្ឍន៍នូវចំណេះដឹងជំនាញ បង្កើនសមត្ថភាពវិជ្ជាជីវៈជាមួយនឹងការទំនាក់ទំនងល្អ ធ្វើការងារជា ក្រុម មានភាពរវៀសរវៃ គិតទុកជាមុននូវស្ថានភាព ដែលអាចកើតមានឡើង ដើម្បីយើងបានត្រៀមទុកជាស្រេច នូវដំណោះ ស្រាយទាន់ពេលវេលាក្នុងករណីចាំបាច់ (Early Recognition – Early Response and Treatment)។ ជាមួយគ្នានេះ ក្នុង នាមជាអ្នកបម្រើសេវាសុខាភិបាល យើងគ្រប់គ្នាគប្បីបន្តការខិតខំប្រឹងប្រែង ដើម្បីឱ្យបានរីកចម្រើន មានការផ្លាស់ប្តូរជាវិជ្ជមាន នវានុវត្តន៍ឱ្យទាន់ប្រទេសជិតខាង ក្នុងតំបន់ និងសកលលោក ជាពិសេសវិជ្ជាជីវៈវេជ្ជសាស្ត្រកុមារ និងទារក ដែលជាផ្នែកមួយ ដ៏សំខាន់របស់ការងារសុខភាព។

លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានផ្តល់នូវអនុសាសន៍មួយចំនួនដល់ សមាជិក សមាជិកា នៃសមាគមគ្រូពេទ្យកុមារកម្ពុជា ដូចតទៅ៖

ត្រូវប្រកាន់ខ្ជាប់នូវវិន័យ ក្រមសីលធម៌ ប្រកបដោយសុច្ឆន្ទៈ មោះមុត ភាពស្មោះត្រង់ និងការទទួលខុសត្រូវខ្ពស់ដើម្បី ជាការផ្តល់នូវតម្លៃ ទំនុកចិត្តដល់ក្រុមការងារ អ្នកជំងឺ និងក្រុមគ្រួសារ

ត្រូវតែជាអ្នកដែលអាចប្រាស្រ័យទាក់ទងបាន ចេះឈឺឆ្អាល និងផ្តល់នូវការគាំទ្រគ្នាទៅវិញទៅមកដោយភាពស្មោះ ត្រង់ដើម្បីផលប្រយោជន៍រួម គឺការបម្រើសេវាសុខភាពប្រកបដោយគុណភាពខ្ពស់ សុវត្ថិភាព និងផាសុកភាពជូនអ្នកជំងឺរបស់យើង។ ត្រូវតែតម្កល់ផលប្រយោជន៍ និងសុវត្ថិភាពរបស់អ្នកជំងឺជាចម្បង (Patient Centered Care and Patient Safety)។ អ្នកជំងឺនឹងមិនមានសុវត្ថិភាពទេ ប្រសិនបើខ្វះការយកប្តីទុកដាក់ពីក្រុមគ្រូពេទ្យ (No Patient Safety if No Patient Care)

បន្តជំរុញការចុះមូលដ្ឋានសុខាភិបាល ដោយក្តាប់ឲ្យជាប់នូវតម្រូវការចាំបាច់ ដើម្បីជួយជំរុញនិងបង្កើនគុណភាព សុវត្ថិភាពនៃការព្យាបាលជំងឺកុមារ

បន្តឧបត្ថម្ភដល់ការធ្វើវិក្រឹត្យការ ឬការបណ្តុះបណ្តាលរយៈពេលខ្លី ដល់គ្រូពេទ្យនៅតាមមូលដ្ឋាន សម្រាប់ការបន្តធ្វើ កម្មសិក្សានៅមន្ទីរពេទ្យជាតិនានា

បន្តពង្រឹង និងពង្រីកនូវវិសាលភាពនៃការបណ្តុះបណ្តាលបន្តផ្នែកវេជ្ជសាស្រ្តកុមារ ឱ្យកាន់តែមានគុណភាព ប្រសិទ្ធ ភាព សុវត្ថិភាព សមធម៌ និងគ្របដណ្តប់ទូទាំងប្រទេសដល់គ្រូពេទ្យកុមារ

ចូលរួមសហការជាមួយអង្គភាពសុខាភិបាលផ្សេងទៀត ក្នុងការបណ្តុះបណ្តាល និងស្រាវជ្រាវអំពីវេជ្ជសាស្រ្តកុមារ ដើម្បីធានាធ្វើយ៉ាងណាឱ្យកុមារគ្រប់រូប ទទួលបានសេវាប្រកបដោយគុណភាព សុវត្ថិភាព ព្យាបាលទាន់ពេលវេលា រួមចំណែកលើកកម្ពស់សុខភាពកុមារឱ្យកាន់តែប្រសើរ។

ជាបញ្ចប់លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានផ្តាំផ្ញើឱ្យសមាជិក សន្និសីទទាំងអស់ជាគ្រូពេទ្យកុមារមកពីមន្ទីរពេទ្យនានា ពីខេត្ត និងក្រុង ឱ្យពាំនាំនូវចំណេះដឹងថ្មីៗនេះ ដើម្បីចូលរួមក្នុងការ ផ្តល់នូវសេវាព្យាបាលកុមារៗយើងឱ្យមានប្រសិទ្ធិភាព គុណភាព និងសុវត្ថិភាព ហើយយកចិត្តទុកដាក់ជាប់ជានិច្ច ក្នុងការ ប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈពេទ្យ ហើយសំណូមពរឱ្យសិក្ខាកាមទាំងអស់ផ្សព្វផ្សាយដល់សហភាតរៈ ផ្សេងទៀត ដើម្បីធ្វើឱ្យកាន់តែប្រសើរ ក្នុងការផ្តល់សេវាសុខភាពជូនប្រជាជនយើង៕