ខេត្តព្រះសីហនុ៖ សិក្ខាសាលាស្ដីពី «ការបង្កើតមាតិកាដោយស្មាតហ្វូនរដូវកាលបៃតង សម្រាប់អាជីវកម្ម និងអ្នកបង្កើតមាតិកា» ត្រូវបានរៀបចំឡើងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម មហាំម៉ាត់ យូណេះ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាតំណាងក្រុមការងារជំរុញយុទ្ធនាការទេសចរណ៍ក្នុងរដូវកាលបៃតង និងលោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី ជាអាជីវករ អ្នកបង្កើតមាតិកា ជាសិក្ខាកាមជាច្រើនរូប។
លោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ បានមានការសំណេះសំណាលជាមួយអង្គសិក្ខាកាម ដោយបញ្ជាក់ថា ការសិក្សាស្វែងយល់ពីរបៀបបង្កើតមាតិកាតាមរយៈស្មាតហ្វូន គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់អាជីវករ និងអ្នកបង្កើតមាតិកា ក្នុងការជួយផ្សព្វផ្សាយពីសក្ដានុពលវិស័យទេសចរណ៍របស់ខេត្តព្រះសីហនុ ក៏ដូចជាប្រទេសកម្ពុជាទាំងមូល។
លោកអភិបាលរងបានបន្ថែមទៀតថា ខេត្តព្រះសីហនុសម្បូរទៅដោយតំបន់ទេសចរណ៍ដ៏សម្បូរបែប រួមមាន ឆ្នេរសមុទ្រ កោះ តំបន់ព្រែកទឹកសាប ព្រៃកោងកាង និងទឹកធ្លាក់ រួមជាមួយហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនដ៏ទំនើប ដូចជាផ្លូវល្បឿនលឿន អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ និងកំពង់ផែទឹកជ្រៅ ដែលផ្ដល់ភាពងាយស្រួលបំផុតដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
នាឱកាសនោះ ឯកឧត្តម មហាំម៉ាត់ យូណេះ បានមានប្រសាសន៍ថា ការបង្កើតមាតិកាគឺជាចលករដ៏សំខាន់ក្នុងការជំរុញចលនាទេសចរណ៍ក្នុងស្រុក ជួយឱ្យភ្ញៀវទេសចរស្វែងយល់ពីគោលដៅថ្មីៗ និងចូលរួមគាំទ្រផលិតផល ក៏ដូចជាសេវាកម្មទេសចរណ៍របស់សហគមន៍។ ទាំងនេះនឹងរួមចំណែកប្រែក្លាយកម្ពុជា ទៅជាគោលដៅទេសចរណ៍ដែលភ្ញៀវអាចមកទស្សនាបានគ្រប់រដូវកាល និងចង់ត្រឡប់មកកម្សាន្តម្ដងហើយម្ដងទៀត។ ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានផ្ដាំផ្ញើដល់សិក្ខាកាមទាំងអស់ សូមផលិតមាតិកាណាដែលផ្ដល់ផលប្រយោជន៍ដល់ខ្លួនឯង គ្រួសារ អាជីវកម្មផ្ទាល់ខ្លួន និងសង្គមជាតិ ជាពិសេសការផ្សព្វផ្សាយពីភាពទាក់ទាញរបស់កម្ពុជានារដូវកាលបៃតង ក្រោមទស្សនទានសំខាន់ៗទាំង ៦ ចំណុច រួមមាន៖ «គួរឃើញ គួរស្នាក់នៅ គួរភ្លក្ស គួរទស្សនា គួរសាកល្បង និងគួរទិញ»៕
អត្ថបទ៖ កញ្ញា មឿន ស្រីមុំ
រូបភាព៖ ហ៊ួត


