នីតិបញ្ញត្តិ នីតិប្រតិបត្តិ មូលដ្ឋាន និងសាសនា រួមគ្នាផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀននិងApp NoDrug ដល់អន្តរសាសនា ដើម្បីផ្សព្វផ្សាយបន្តក្នុងសហគមន៍។

ខេត្តកំពង់ឆ្នាំង : ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦ តំណាងនីតិបញ្ញត្តិ នីតិប្រតិបត្តិ មូលដ្ឋាន និងវិស័យសាសនា រួមគ្នាបើកពិធីផ្សព្វផ្សាយពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន App NoDrug និងច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀនដល់អន្តរសាសនា ជា គ្រូគង្វាល ឧកញ៉ាខ្នួរ អ៊ិម៉ាំ កឹម  តួន សិទ្ធិចារ្យ បូជាចារ្យ ដើម្បីផ្សព្វផ្សាយបន្តក្នុងសហគមន៍ ។

លោក អ៊ួង យូហាន ប្រធានក្រុមប្រឹក្សាបណ្តាញព្រះវិហារគ្រីស្ទបរិស័ទកម្ពុជា បានថ្លែងលើកឡើងពីភាពមិនអាចខ្វះបាននៃសុខសន្តិភាព សុខដុមនីយកម្មសាសនា សេរីភាពជំនឿ និងលទ្ធផលការងារដែលបានចូលរួមការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនដោយមានការអញ្ជើញចូលរួមពីអន្តរសាសនា “យើងខ្មែរដូចគ្នា ត្រូវតែបង្ការទប់ស្កាត់កុំឲ្យមានបញ្ហាគ្រឿងញៀននៅក្នុងគ្រួសារ និងមិនឱ្យអ្នកណាម្នាក់រងគ្រោះដោយសារគ្រឿងញៀន  ”  ។

ក្នុងនាម ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត ក្នុងឱកាសនោះ  ឯកឧត្តម ជា សុខរិទ្ធ អភិបាលរង និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តកំពង់ឆ្នាំង បានថ្លែងថា គ្រឿងញៀនជាបញ្ហាស្មុគស្មាញ អាចបង្កឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ សន្តិសុខសង្គម ដែលខេត្តខិតខំអនុវត្តតាមគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព ផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន តាមពាក្យស្លោក បីកុំ មួយរាយការណ៍ និងបំផុសឲ្យប្រើកម្មវិធីទូរសព្ទដៃNoDrug  និងការពង្រឹងប្រសិទ្ធភាពការងារផ្សព្វផ្សាយអប់រំពីគ្រោះថ្នាក់នៃគ្រឿងញៀន ” សាសនិកគឺជាបុគ្គលគំរូ និងជាអ្នកដឹកនាំក្នុងសហគមន៍ដ៏សំខាន់ “។

ថ្លែងក្នុងនាម ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងការនោះដែរ  ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ  អគ្គលេខាធិការ កោតសរសើរដល់កិច្ចខិតខំអនុវត្តនូវយុទ្ធសាស្ត្រពហុវិស័យ និងលិខិតបទដ្ឋាននានាប្រយុទ្ធប្រឆាំងគ្រឿងញៀនពិសេសគឺការងារផ្សព្វផ្សាយអប់រំបង្កើនការយល់ដឹងពីគ្រោះថ្នាក់នៃគ្រឿងញៀនដើម្បីកាត់ផ្ដាច់ទីផ្សារជួញដូរគ្រឿងញៀន “គ្មានអ្នកជក់ គឺគ្មានអ្នកលក់ ” និងបន្តផ្សព្វផ្សាយនិងប្រើប្រាស់App NoDrug ដើម្បីយកឈ្មួញជួញដូរគ្រឿងញៀនចេញពីសហគមន៍ ” កុំជឿ កុំជក់ កុំជួញគ្រឿងញៀន “។

ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង បានថ្លែងនូវការកោតសរសើរ អរគុណដល់គ្រប់ភាគីនិងបានលើកឡើងថា បញ្ហាគ្រឿងញៀនគឺជាបញ្ហារួមរបស់យើងទាំងអស់គ្នា មិនមែនជាបញ្ហាផ្ដាច់មុខរបស់ភាគីណាមួយទេ ហើយទាំងអស់គ្នាមានភារកិច្ចរួមគ្នាធ្វើការបង្ការ ទប់ស្កាត់បញ្ហាគ្រឿងញៀននៅក្នុងសហគមន៍ទាំងអស់។ សូមបង្កើនសកម្មភាពផ្សព្វផ្សាយអប់រំពីគ្រោះថ្នាក់នៃគ្រឿងញៀនឲ្យបានទៀងទាត់ក្នុងផ្ទះ សាលារៀន សហគមន៍ សាសនា ”  រួមគ្នាលើកកម្ពស់សុខភាពយុវជន ដើម្បីអនាគតយុវជន ” ។