ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួល បន្ទុកជាអគ្គនាយកធនាគារ ARDB បានអញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាចែករំលែកស្ដីពី “Global Trends Affecting the Cambodia Economy” ដែលបានឧទ្ទេសនាមដោយ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការផ្តល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម(គ.ផ.គ.ព.)

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងសិក្ខាសាលាចែករំលែកលើកទី៣ ស្តីពី “Global Trends Affecting the Cambodian Economy” របស់មជ្ឈមណ្ឌល អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន សម្រាប់ការស្រាវជ្រាវ និងបណ្ដុះបណ្ដាល។ សិក្ខាសាលានេះត្រូវបានឧទ្ទេសនាមដោយ ឯកឧត្តមសាស្ត្រាចារ្យ បណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការផ្តល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម (គ.ផ.គ.ព.) និងមានការអញ្ជើញចូលរួមពីគណៈគ្រប់គ្រង ទីប្រឹក្សា សមាជិកក្រុមការងារស្រាវជ្រាវ បុគ្គលិកនៃធនាគារ ARDB ក្រុមការងារនៃគណៈកម្មាធិការផ្ដល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម (គ.ផ.គ.ព.) ព្រមទាំងសាស្ត្រាចារ្យ អ្នកស្រាវជ្រាវ និងនិស្សិតមកពីបណ្តាសាកលវិទ្យាល័យ និងវិទ្យាស្ថាននានា សរុបចំនួន ១៨០រូប (ទាំងផ្ទាល់ និងតាមប្រព័ន្ធអនឡាញ)។

សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងចែករំលែកចំណេះដឹងស្ដីពីការវិវត្តនៃនិន្ននាការសំខាន់ៗជុំវិញសកលលោក ដោយផ្ដោតលើស្ថានភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងភូមិសាស្ត្រនយោបាយ ដែលបានលេចឡើង និងជះឥទ្ធិពលមកលើសេដ្ឋកិច្ចកម្ពុជា។ សិក្ខាសាលាក៏បានរំលេចពីបញ្ហាប្រឈម កាលានុវត្តភាព និងវិធានការឆ្លើយតបដែលសមស្របសម្រាប់កម្ពុជា ក្នុងការទប់ទល់ និងកាត់បន្ថយផលប៉ះពាល់អវិជ្ជមាន និងធានាឱ្យបាននូវភាពប្រកួតប្រជែងផ្នែកពាណិជ្ជកម្ម និងរក្សាភាពធន់នៃសេដ្ឋកិច្ចជាតិផងដែរ។

សិក្ខាសាលានេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ ២០២៦ នៅការិយាល័យកណ្តាលនៃធនាគារ ARDB៕