សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ នាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋងាយរងគ្រោះ និងមានជីវភាពខ្វះខាតចំនួន ៣គ្រួសារ
ខេត្តព្រះសីហនុ៖ ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ បានចាត់ឱ្យ លោកជំទាវ ប្រាក់ ច័ន្ទសុខា ហិរញ្ញិកគណៈកម្មាធិការសាខា ដឹកនាំមន្ត្រីប្រតិបត្តិ និងអនុសាខាក្រុង ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋដែលមានជីវភាពទីទ័លក្រ និងជួបការលំបាកចំនួន ៣គ្រួសារ រស់នៅក្នុងក្រុងព្រះសីហនុ។
ប្រជាពលរដ្ឋដែលទទួលបានជំនួយមនុស្សធម៌នាពេលនេះ រួមមាន៖ គ្រួសារទី១ ជាគ្រួសារមានអ្នកជំងឺប្រចាំកាយ និងមានកូនបីក្នុងបន្ទុក រស់នៅភូមិ១ សង្កាត់២ ក្រុងព្រះសីហនុ។គ្រួសារទី២ ជាគ្រួសារទារកទើបសម្រាលដែលត្រូវម្តាយរត់ចោល រស់នៅភូមិ១ សង្កាត់២ ក្រុងព្រះសីហនុ។ គ្រួសារទី៣ ជាគ្រួសារមានជីវភាពទីទ័លក្រខ្លាំង រស់នៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ។
អំណោយដែលបានផ្តល់ជូនគ្រួសារមានជំងឺប្រចាំកាយ និងគ្រួសារទារក ទទួលបានអង្ករ ២៥គីឡូក្រាម, ត្រីខ ១យួរ, មី ១កេស, ទឹកត្រី ១យួរ, កន្ទេល ១, ឃីត ១ (មុង១ ភួយ១ ក្រមា១ សារុង១) និងថវិកាចំនួន ៣០ម៉ឺនរៀល (ដោយឡែកគ្រួសារទារក ទទួលបានឃីតទារកចំនួន ១បន្ថែមទៀត)។ សម្រាប់គ្រួសារទីទ័លក្រ៖ ទទួលបានអង្ករ ២៥គីឡូក្រាម, ត្រីខ ១យួរ, មី ១កេស, ទឹកត្រី ១យួរ, កន្ទេល ១, ឃីត ១ (មុង១ ភួយ១ ក្រមា១ សារុង១) និងថវិកាចំនួន ៥ម៉ឺនរៀល។
អត្ថបទ៖ ម៉ារ៉ាឌី
ប្រភព៖ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ






