រដ្ឋបាលខេត្តក្រចេះណែនាំឲ្យអាជ្ញាធរត្រៀមជួយអន្តរាគមន៍ ខណៈកម្ពស់ទឹកទន្លេមេគង្គឡើងជិតដល់កម្រិតប្រកាសអាសន្ន

ខេត្តក្រចេះ ៖ គិតត្រឹមវេលាម៉ោង ៧ ព្រឹក ថ្ងៃទី ២១ ខែសីហា ឆ្នាំ២០២៦ នេះ ទឹកបានហក់ឡើងដល់កម្ពស់ ២១.៣៧ ម៉ែត្រ នៅសល់ប្រមាណតែ ០.៦៣ម៉ែត្រ ទៀតតែប៉ុណ្ណោះ នឹងឡើងដល់កម្ពស់ទឹកប្រុងប្រយ័ត្ន ស្ថិតនៅកម្ពស់ ២២.០០ ម៉ែត្រ រដ្ឋបាលខេត្តក្រចេះបានចេញណែនាំជាបន្ទាន់ដល់អាជ្ញាធរមូលដ្ឋាន ត្រូវពង្រឹងប្រសិទ្ធភាពនៃការតាមដាន ត្រៀមបង្ការ អន្តរាគមន៍ ឆ្លើយតបគ្រោះទឹកជំនន់ទន្លេមេគង្គ ជំនន់ទឹកភ្លៀង និងហានីភ័យគ្រោះធម្មជាតិក្នុងភូមិសាស្ត្រខេត្តក្រចេះ។

ដើម្បីធានាបាននូវការ ប្រតិបត្តិការផែនការត្រៀមបម្រុងឆ្លើយតបគ្រោះអាសន្នទឹកជំនន់ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានធ្វើការណែនាំ ដូចខាងក្រោម៖

១. ត្រួតពិនិត្យ និងចាត់តាំងឱ្យមានផែនការត្រៀម កម្លាំង មធ្យោបាយ និងធនធានសម្ភារ ដើម្បីឆ្លើយតប និងសង្គ្រោះបន្ទាន់ក្នុងគ្រោះទឹកជំនន់ទន្លេមេគង្គ និងគ្រោះទឹកជំនន់ទឹកភ្លៀងឱ្យបានទាន់ពេលវេលា។

២. បន្តតាមដាន ត្រួតពិនិត្យជាបន្តបន្ទាប់នូវមុខសញ្ញាគ្រោះថ្នាក់ហានិភ័យ ដែលអាចគំរាមកំហែង ដល់ ប្រជាពលរដ្ឋងាយរងគ្រោះ ដូចជា៖ ទឹកជំនន់ លង់ទឹក រន្ទះបាញ់ ខ្យល់កន្ត្រាក់ និងបាក់ច្រាំង។

៣-បង្កើនកិច្ចសហការជាប់ជាប្រចាំ ជាមួយលេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ដើម្បីផ្តល់ព័ត៌មាន និងធ្វើរបាយការណ៍ ស្តីពីស្ថានភាពគ្រោះមហន្តរាយក្នុងមូលដ្ឋានបានទាន់ ពេលវេលា និងបញ្ចូលទៅក្នុងប្រព័ន្ធរបាយការណ៍ទាន់ហេតុការណ៍ PRISM។

៤. គ្រប់ឃុំ សង្កាត់ និងភូមិទាំងអស់ ត្រូវបំពេញទម្រង់ប្រមូលរបាយការណ៍ ស្តីពីផលប៉ះពាល់នឹងតម្រូវការ ដែលត្រូវប្រើប្រាស់សម្រាប់បញ្ចូលក្នុងប្រព័ន្ធ PRISM។

៥. ណែនាំដល់អាជ្ញាធរឃុំ សង្កាត់ ភូមិ រៀបចំ និងសម្អាតទីទួលសាធារណៈ និងទីទួលសុវត្ថិភាព ដែល មានស្រាប់ សម្រាប់ត្រៀមជម្លៀសប្រជាពលរដ្ឋ និងសត្វពាហនៈ។

៦. សហការជាមួយអាជ្ញាធរមូលដ្ឋាន អង្គការដៃគូរ វិស័យឯកជន ដើម្បីត្រៀមលក្ខណៈឆ្លើយតប ឬត្រូវ ជម្លៀស ប្រជាពលរដ្ឋទៅស្នាក់នៅទីទួលសុវត្ថិភាពបណ្តោះអាសន្ន។

៧. ត្រូវក្តាប់សភាពការណ៍ឱ្យបានជាប់ជាប្រចាំ ចាត់តាំងអនុវត្តក្នុងដែនសមត្ថកិច្ចទទួលខុសត្រូវ ហើយ ត្រូវធ្វើសេចក្តីរាយការណ៍ និងសុំគោលការណ៍ដឹកនាំអនុវត្តជាបន្ទាន់ពី ឯកឧត្តមអភិបាលខេត្ត និង ជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ក្នុងករណីចាំបាច់៕