ផ្លូវបេតុងថ្មី ១ខ្សែ ប្រវែង ៣២០ម៉ែត្រ ក្នុងសង្កាត់លេខ៣ ត្រូវបានស្ថាបនាឡើងដើម្បីលើកកម្ពស់សោភ័ណភាព  និងសម្រួលការធ្វើដំណើរ

ខេត្តព្រះសីហនុ៖  ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹក នាំក្រុមការងារ និងអង្គភាពពាក់ព័ន្ធ ចុះពិនិត្យគម្រោងជួសជុលស្ថាបនាឡើងវិញនូវផ្លូវបេតុងចំនួន ១ខ្សែ ដែលមានទីតាំងស្ថិតនៅផ្លូវឧកញ៉ា ប៉ោ សួន ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ នាថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហាឆ្នាំ២០២៦។

​ផ្លូវបេតុងមួយខ្សែនេះ ជាប្រភេទបេតុងឆ្អឹងដែក មានប្រវែង ៣២០ម៉ែត្រ ទទឹង ៨ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ ព្រមទាំងមានប្រព័ន្ធលូរំដោះទឹកអមសងខាងផ្លូវផងដែរ។ គម្រោងនេះចំណាយថវិកាសាងសង់ប្រមាណ ១៥០,០០០ដុល្លារអាមេរិក (ដប់ប្រាំម៉ឺនដុល្លារ) ដែលជាជំនួយសប្បុរសធម៌របស់លោកជំទាវ ប្រាក់ សុខា ក្នុងការចូលរួមអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងព្រះសីហនុ ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ ជាពិសេសគឺជួយលើកកម្ពស់សោភ័ណភាព និងបរិស្ថានក្រុងឱ្យកាន់តែមានភាពទាក់ទាញ ក្នុងនាមជាទីក្រុងទេសចរណ៍ស្ថិតនៅភាគនិរតីនៃប្រទេសកម្ពុជា។

​ក្នុងឱកាសចុះពិនិត្យនោះដែរ ឯកឧត្តម អភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកជំទាវ ប្រាក់ សុខា ដែលបានបរិច្ចាគថវិកាផ្ទាល់ខ្លួនក្នុងការសាងសង់ផ្លូវបេតុងមួយខ្សែនេះឡើង។ ឯកឧត្តមបានគូសបញ្ជាក់ថា នេះជាសមិទ្ធផលថ្មីមួយទៀត និងជាគំរូនៃការចូលរួមចំណែករវាងវិស័យឯកជនជាមួយរដ្ឋបាលខេត្តព្រះសីហនុ ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ សម្រួលការធ្វើដំណើរ និងលើកកម្ពស់មុខមាត់ក្រុងព្រះសីហនុ ឱ្យក្លាយជាទីក្រុងទេសចរណ៍ដ៏សម្បូរបែប ប្រកបដោយ សក្តានុពល និងជាមជ្ឈមណ្ឌលសេដ្ឋកិច្ច ហិរញ្ញវត្ថុដ៏សំខាន់នៅភាគនិរតីនៃព្រះរាជាណាចក្រកម្ពុជា។
​ជាមួយគ្នានេះដែរ ឯកឧត្តម ក៏បានប្រគល់លិខិតថ្លែងអំណរគុណជូនដល់លោកជំទាវ ប្រាក់ សុខា ដើម្បីជាការលើកទឹកចិត្ត និងទទួលស្គាល់នូវកាយវិការសប្បុរសធម៌ចំពោះសមិទ្ធផលថ្មីមួយនេះផងដែរ។

អត្ថបទ៖ មន សូត្រ