ឯកឧត្ដម ឈិន កេតនា អញ្ជើញជាអធិបតីភាពក្នុងពិធីពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង និងបន្តចុះពិនិត្យការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅទីស្នាក់ការ

នៅព្រឹកថ្ងៃសុក្រ ទី៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្ដម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំមេលំ និងឃុំផ្សារ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុង «ពិធីពិនិត្យ ព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋនៅ ឃុំមេលំ និងឃុំផ្សារ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង» ដែលពិធីនេះបានប្រព្រឹត្តទៅនៅសាលាបឋមសិក្សាមេលំ។

កម្មវិធីនេះត្រូវបានរៀបចំឡើងក្រោមកិច្ចសហការរវាងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំទាំង២ អាជ្ញាធរដែនដី និងអង្គការព័ន្ធកិច្ចគ្រឹស្ទបរិស័ទកម្ពុជា ដែលមានទីស្នាក់ការនៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នៃព្រះរាជាណាចក្រកម្ពុជា និងដោយមានការអញ្ជើញចូលរួមពី លោក ចេង ចាន់ដូណា អភិបាលនៃគណៈអភិបាលស្រុកបរិបូរណ៌

លោក កេត សុយា មេឃុំមេលំ និងលោក ផាង វាសនា មេឃុំផ្សារស្តីទី ,លោក ហ៊ុន សុខុម ប្រធានអង្គការព័ន្ធកិច្ចគ្រឹស្តបរិស័ទកម្ពុជា, លោក ម៉ៃ ម៉េអឺរ៉ូហ្វើ តំណាងម្ចាស់ជំនួយ នៃអង្គការព័ន្ធកិច្ចគ្រឹស្តបរិស័ទកម្ពុជា, លោក វេជ្ជបណ្ឌិត ហោ តុលា អ្នកគ្រប់គ្រងកម្មវិធីនៃអង្គការព័ន្ធកិច្ចគ្រឹស្តបរិស័ទកម្ពុជា ,ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានឃុំមេលំ និងឃុំផ្សារ ជាពិសេសវេជ្ជបណ្ឌិត គ្រូពេទ្យ និស្សិត និងបុគ្គលិកអង្គការព័ន្ធកិច្ចគ្រឹស្តបរិស័ទកម្ពុជា រួមមាន ជនជាតិខ្មែរ អាម៉េរិក និងវៀតណាម ដែលបានអញ្ជើញមកផ្តល់សេវាក្នុងកម្មវិធីពិនិត្យ ព្យាបាលជំងឺទូទៅ ចែកថ្នាំ វាស់ភ្នែក ចែកវ៉ែនតា ពិនិត្យសុខភាពមាត់ធ្មេញ និងអេកូស្ត្រីមានផ្ទៃពោះដោយឥតគិត ថ្លៃ ជូនលោកតា លោកយាយ លោកអ៊ំ ពូ មីង និងបងប្អូន ប្រជាពលរដ្ឋនៅភូមិនានាក្នុងឃុំមេលំ និងឃុំផ្សារ រយៈ ពេល ២ថ្ងៃ គឺថ្ងៃសុក្រ ទី៧ និងថ្ងៃសៅរ៍ ទី៨ ខែសីហា ឆ្នាំ២០២៦។

បន្ទាប់ពីបានស្ដាប់មតិស្វាគមន៍ និងរបាយការណ៍ដោយ លោក ចេង ចាន់ដូណា អភិបាលស្រុកបរិបូរណ៍ និងលោក ហ៊ុន សុខុម ប្រធានអង្គការពន្ធកិច្ចគ្រីស្ទបរិស័ទកម្ពុជា

និង លោក ម៉ៃ ម៉េអឺរ៉ូហ្វើ (Mike Meierhofer) តំណាងម្ចាស់ជំនួយនៃអង្គការព័ន្ធកិច្ចគ្រឹស្ទបរិស័ទកម្ពុជា ដែលបានថ្លែងនៅក្នុងកម្មវិធីរួចមក ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ឈិន កេតនា បានមានប្រសាសន៍សំណេះសំណាលសម្តែងនូវក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមការងារនៃអង្គការព័ន្ធកិច្ចគ្រឹស្ទបរិស័ទកម្ពុជា ដែលបានស្ម័គ្រចិត្តមកផ្តល់សេវាពិនិត្យ ព្យាបាលជំងឺទូទៅ ជូនប្រជាពលរដ្ឋក្នុងឃុំទាំងពីររយៈពេល ២ថ្ងៃ ដោយឥតគិតថ្លៃ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានរំលឹកពីប្រវត្តិសាស្ត្រនៃការឆ្លងកាត់ដំណាក់កាលសង្គ្រាម និងរបបប្រល័យពូជសាសន៍ ដែលធ្វើឱ្យប្រជាជនកម្ពុជារងទុក្ខវេទនាយ៉ាងខ្លាំង ព្រមទាំងបានបញ្ជាក់ដោយក្តីរំភើបថា ឯកឧត្ដម ក៏មានលោកតា លោកយាយបង្កើត និងសាច់ញាតិដែលមានស្រុកកំណើតនៅឃុំមេលំនេះផងដែរ។

ឯកឧត្តម បានគូសបញ្ជាក់ថា ការផ្តល់សេវាសុខភាពនាពេលនេះ គឺជាការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ ស្របតាមការយកចិត្តទុកដាក់ និងការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែគិតគូរដល់សុខទុក្ខ និងជីវភាពរបស់ប្រជាពលរដ្ឋនៅជនបទ ដើម្បីកាត់បន្ថយភាពក្រីក្រ និងការចំណាយលើការព្យាបាលជំងឺ។

ចុងបញ្ចប់ ឯកឧត្ដម បានជូនពរដល់ក្រុមការងារ អាជ្ញាធរ ក្រុមគ្រូពេទ្យ និងប្រជាពលរដ្ឋទាំងអស់ ឱ្យមានសុខភាពល្អ និងទទួលបានពរទាំងបួនប្រការ ព្រមទាំងបានប្រកាសបើកយុទ្ធនាការពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋជាផ្លូវការ។

តមក នៅថ្ងៃដដែលនោះដែរ ឯកឧត្ដម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិអន្តរជាតិ បានដឹកនាំ ឯកឧត្ដម ដែលជាអគ្គលេខាធិការរង ឯកឧត្តមដែលជាទីប្រឹក្សា និងសមាជិក សមាជិកា នៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិអន្តរជាតិ បានអញ្ជើញបន្តដំណើរចុះពិនិត្យមើលអាគារទីស្នាក់ការ ដែលកំពុងជួសជុល ព្រមទាំងរៀបចំដំណើរការសាងសង់ហេដ្ឋារចនាសម្ព័ន្ធបន្ថែម។

ក្នុងឱកាសអញ្ជើញពិនិត្យការដ្ឋានសាងសង់និងជួសជុលនោះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានជួបសំណេះសំណាលយ៉ាងជិតស្និទ្ធជាមួយក្រុមជាង និងកម្មករសាងសង់ទាំងអស់ ដោយបានសាកសួរសុខទុក្ខ និងបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់លើលក្ខខណ្ឌការងារ និងសុវត្ថិភាពក្នុងការសាងសង់។ ជាមួយគ្នានេះដែរ ឯកឧត្ដម បានផ្តល់អនុសាសន៍ និងណែនាំដល់ក្រុមជាងឱ្យខិតខំប្រឹងប្រែងយកចិត្តទុកដាក់ពន្លឿនការសាងសង់ឱ្យបានឆាប់រហ័ស ដើម្បសម្រេចឱ្យទាន់ពេលវេលាដែលបានកំណត់ ប៉ុន្តែត្រូវធានាឱ្យបានដាច់ខាតនូវគុណភាព បច្ចេកទេស និងបទដ្ឋានសាងសង់ឱ្យបានត្រឹមត្រូវ និងរឹងមាំ។

នៅក្នុងឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានចាត់ចែងសម្រាប់ទូទាត់លើការទិញសម្ភារៈសាងសង់ចាំបាច់បន្ថែម ព្រមទាំងចែកជូននូវអំណោយមួយចំនួន និងការឧបត្ថម្ភថវិកាលើកទឹកចិត្តដល់ក្រុមជាង សរុបថវិកានិងចំណាយផ្សេងៗ ចំនួន ៩.៩១០.០០០រៀល ។