ក្រុមសិទ្ធិមនុស្សព្រមានថាគោលនយោបាយរបស់អ៊ីស្រាអែលដែលកំពុងជំរុញឱ្យប្រព័ន្ធថែទាំសុខភាពនៅតំបន់ West Bank ត្រូវដួលរលំជាបណ្តើរៗហើយ
ចាប់តាំងពីសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសនៅតំបន់ហ្គាហ្សាបានចាប់ផ្តើមជិតបីឆ្នាំមកនេះ អ៊ីស្រាអែលបានដកហូតប្រាក់ចំណូលពន្ធ និងគយរាប់ពាន់លានដុល្លារដែលប្រមូលបានក្នុងនាមអាជ្ញាធរប៉ាឡេស្ទីន ដែលជាស្ថាប័នរដ្ឋាភិបាលដែលគ្រប់គ្រងផ្នែកខ្លះនៃតំបន់ West Bank ដែលកាន់កាប់ដោយអ៊ីស្រាអែល។ បើគ្មានមូលនិធិទាំងនោះទេ អាជ្ញារធរប៉ាឡែស្ទីន ហៅកាត់ថា PA បានតស៊ូដើម្បីបង់ប្រាក់ឱ្យបុគ្គលិកសុខាភិបាល ទិញឱសថ និងគាំទ្រដល់មន្ទីរពេទ្យសាធារណៈ ឱសថស្ថាន និងគ្លីនិក ដែល៧៥% នៃចំនួននេះបានកាត់បន្ថយប្រតិបត្តិការ និងកំពុងដំណើរការតែម្តង ឬពីរដងក្នុងមួយសប្តាហ៍។ ក្នុងពេលជាមួយគ្នានោះដែរ ការវាយឆ្មក់របស់យោធាអ៊ីស្រាអែល និងការកើនឡើងនៃចំណុចត្រួតពិនិត្យថ្មីក៏កំពុងរារាំងសមត្ថភាពរបស់ប្រជាជនប៉ាឡេស្ទីនសម្រាប់ទទួលបានការថែទាំសុខភាពគ្រប់គ្រាន់ ដែលមានផលគំរាមកំហែងដល់អាយុជីវិតរបស់ពួកគេ។
ដោយសារតែប្រជាជនប៉ាឡេស្ទីនមិនអាចគ្រប់គ្រងព្រំដែនផ្ទាល់ខ្លួនបាន គឺត្រូវពឹងផ្អែកលើអ៊ីស្រាអែលដើម្បីប្រមូលពន្ធលើទំនិញដែលចូលទៅក្នុងតំបន់ West Bank តាមរយៈកំពង់ផែអ៊ីស្រាអែលតែម្តង។ ប៉ុន្តែក្រុមសិទ្ធិមនុស្សបានចោទប្រកាន់អ៊ីស្រាអែលថាបានប្រើប្រាស់មូលនិធិនេះអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ដើម្បីធ្វើជាអាវុធនៃមធ្យោបាយដាក់សម្ពាធនយោបាយទូទៅ។ រដ្ឋមន្ត្រីក្រសួង ហិរញ្ញវត្ថុអ៊ីស្រាអែល លោក Bezalel Smotrich បានផ្អាកផ្ញើប្រាក់ចំណូលប្រចាំខែទៅឱ្យ PA កាលពីឆ្នាំមុន ហើយគិតត្រឹមខែមិថុនានេះ អ៊ីស្រាអែលបានដកហូតថវិកាយ៉ាងហោច ណាស់ ២.៥ពាន់លានដុល្លារពី PA ដែរ ចាប់តាំងពីឆ្នាំ២០២៣ មក! នេះបើយោងតាមក្រុមវិបត្តិអន្តរជាតិ។ ការិយាល័យរបស់លោក Smotrich និងការិយាល័យរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu មិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយ ម្តងហើយម្តងទៀតរបស់អ្នកសារព័ត៌មាន AP នោះទេ។ ដោយកាលពីដើមឆ្នាំនេះ អ៊ីស្រាអែលបានដកហូតអាជ្ញាប័ណ្ណរបស់អង្គការមនុស្សធម៌ជាង១០ដង ក្នុងនោះមានអង្គការគ្រូពេទ្យគ្មានព្រំដែន ដែលត្រូវបានគេស្គាល់ដោយអក្សរកាត់បារាំងថា MSF៕

សម្រួលអត្ថបទ៖ សុផារិន្ទ





