ឯកឧត្តម គីម វីរ: ទទួលជំនួបពិក្សាការងារលើវិស័យគ្រប់គ្រងគ្រោះមហន្តរាយជាមួយលោក Alain Aeschlimann ទីប្រឹក្សាអង្គភាពសន្តិសុខ និងការគ្រប់គ្រងវិបត្តិ នៃទីស្នាក់ការកណ្តាលគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម (ICRC) ទីក្រុងហ្សឺណែវ និងគណៈប្រតិភូ នៅទីស្តីការគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។

នៅរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម គីម វីរៈ អនុប្រធាន និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គ.ជ.គ.ម. បានទទួលជួបពិភាក្សាការងារជាមួយលោក Alain Aeschlimann ទីប្រឹក្សាអង្គភាពសន្តិសុខ និងការគ្រប់គ្រងវិបត្តិ នៃទីស្នាក់ការកណ្តាលគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម (ICRC) ទីក្រុងហ្សឺណែវ និងគណៈប្រតិភូ នៅទីស្តីការគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។

ក្នុងជំនួបនេះ ឯកឧត្តម គីម វីរៈ បានថ្លែងអំណរគុណចំពោះ ICRC ដែលបានបន្តគាំទ្រ និងធ្វើជាដៃគូយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការងារមនុស្សធម៌ និងការពង្រឹងសមត្ថភាពគ្រប់គ្រងគ្រោះមហន្តរាយនាពេលកន្លងមក។

ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់ និងវាយតម្លៃអំពីបទពិសោធន៍ដែលទទួលបានពីការឆ្លើយតបមនុស្សធម៌ក្នុងអំឡុងពេលស្ថានភាពតានតឹងតាមព្រំដែនកម្ពុជា-ថៃ ដោយបានគូសបញ្ជាក់ថា ការសម្របសម្រួលប្រកបដោយប្រសិទ្ធភាពរវាងស្ថាប័នរាជរដ្ឋាភិបាល និងដៃគូមនុស្សធម៌ គឺជាកត្តាសំខាន់ក្នុងការផ្តល់ជំនួយទាន់ពេលវេលាដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់។

ឯកឧត្តម គីម វីរៈ បានជម្រាបជូនគណៈប្រតិភូ ICRC ថា ក្នុងអំឡុងពេលវិបត្តិព្រំដែនកម្ពុជា-ថៃ គ.ជ.គ.ម. បានដើរតួនាទីស្នូលក្នុងការសម្របសម្រួលការផ្តល់ជំនួយមនុស្សធម៌ជូនប្រជាពលរដ្ឋភៀសសឹក។

ជាលទ្ធផលនៃកិច្ចប្រជុំ ភាគីទាំងពីរបានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើការត្រៀមបង្ការ និងការឆ្លើយតបគ្រោះអាសន្ន ការចែករំលែកបទពិសោធន៍ និងមេរៀនដែលទទួលបានពីការឆ្លើយតបមនុស្សធម៌ ការពង្រឹងយន្តការសម្របសម្រួល និងការកសាងភាពធន់របស់សហគមន៍ ដើម្បីធានាថា ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយ ទទួលបានជំនួយប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា។

ឯកឧត្តម គីម វីរៈ បានបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់ គ.ជ.គ.ម. ក្នុងការបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូមនុស្សធម៌នានា ដើម្បីលើកកម្ពស់សមត្ថភាពគ្រប់ភាគីពាក់ព័ន្ធក្នុងការគ្រប់គ្រងគ្រោះមហន្តរាយ និងការពារសុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា។