អាជ្ញាធរសវនកម្មជាតិ បើកសិក្ខាសាលាផ្សព្វផ្សាយអំពីតួនាទី និងភារកិច្ច ដើម្បីពង្រឹងតម្លាភាពនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ៖ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦ សណ្ឋាគារសុខា ខេត្តព្រះសីហនុ បានក្លាយជាទីតាំងរៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់មួយ ក្រោមប្រធានបទ «ការលើកកម្ពស់ការយល់ដឹងអំពីតួនាទី និងភារកិច្ចរបស់អាជ្ញាធរសវនកម្មជាតិ»។
អាជ្ញាធរសវនកម្មជាតិ ក្រោមជំនួយឧបត្ថម្ភថវិកាពីកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីពង្រឹងអភិបាលកិច្ច និងគណនេយ្យភាពក្នុងការប្រើប្រាស់កញ្ចប់ថវិកាជាតិ។
កម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ឯកឧត្តម បណ្ឌិត សួន សិទ្ធី អគ្គសវនកររងនៃអាជ្ញាធរសវនកម្មជាតិ និងលោក មីន កុម្ភៈ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ តំណាងឱ្យ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ។
ក្នុងឱកាសនោះ លោក បណ្ឌិត ឡុង អាទិច្ចបូរា អគ្គលេខាធិការនៃអាជ្ញាធរសវនកម្មជាតិ បានធ្វើបទបង្ហាញយ៉ាងស៊ីជម្រៅស្តីពី «តួនាទី និងភារកិច្ចរបស់អាជ្ញាធរសវនកម្មជាតិ» ដោយផ្តោតសំខាន់លើចំណុចគន្លឹះដូចជា អាណត្តិការងារ ការត្រួតពិនិត្យ និងវាយតម្លៃលើកិច្ចបញ្ជីការគណនេយ្យ សំណុំឯកសារចំណាយ និងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ។ សវនកម្មអនុលោមភាព និងលទ្ធផល ការធានាថាការប្រើប្រាស់ថវិកាគឺស្របតាមច្បាប់ហិរញ្ញវត្ថុ និងមានប្រសិទ្ធភាពសេដ្ឋកិច្ច។ យន្តការកែលម្អ ការផ្តល់អនុសាសន៍ដល់អង្គភាពរងសវនកម្ម ដើម្បីកែសម្រួលចំណុចខ្វះខាត និងទប់ស្កាត់ភាពមិនប្រក្រតីផ្សេងៗ។ ការយល់ដឹងច្បាស់អំពីតួនាទីរបស់អាជ្ញាធរសវនកម្ម មិនមែនជាការចាប់កំហុសនោះទេ ប៉ុន្តែគឺជាការជួយតម្រង់ទិសដើម្បីឱ្យការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកាន់តែមានតម្លាភាព និងជំនឿទុកចិត្ត។
អង្គសិក្ខាសាលាក៏បានបើកវេទិកាពិភាក្សា និងសំណួរ-ចម្លើយ យ៉ាងផុសផុល ដែលអនុញ្ញាតឱ្យមន្ត្រីរាជការ និងតំណាងមន្ទីរជុំវិញខេត្ត បានសាកសួរ និងដោះស្រាយចម្ងល់ផ្ទាល់ៗជាមួយអ្នកជំនាញ។ គោលបំណងចម្បងនៃព្រឹត្តិការណ៍នេះគឺ ពង្រឹងកិច្ចសហការរវាងអាជ្ញាធរសវនកម្មជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ ជំរុញឱ្យការអនុវត្តកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឈានទៅរកភាពជោគជ័យតាមផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។ បង្កើនប្រសិទ្ធភាពក្នុងការប្រើប្រាស់ធនធានរដ្ឋឱ្យចំគោលដៅ ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុឱ្យកាន់តែប្រសើរឡើង។
រូបភាព៖ លោក វុន សុខជា
អត្ថបទ៖ កញ្ញា មឿន ស្រីមុំ



