អាជ្ញាធរខេត្តព្រះសីហនុ ប្តេជ្ញាពង្រឹងការអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព» ឱ្យកាន់តែមានប្រសិទ្ធភាព

ខេត្តព្រះសីហនុ៖ កិច្ចប្រជុំបូកសរុបលទ្ធផល នៃការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦ ត្រូវបានរៀបចំឡើងនៅថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ២០២៦  នៅសាលប្រជុំ ស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ូ សាគុណ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ, ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និង ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ។
​ថ្លែងក្នុងឱកាសនេះ ឯកឧត្តម ម៉ាង ស៊ីណេត មានប្រសាសន៍គូសបញ្ជាក់ថា បច្ចុប្បន្នសភាពការណ៍ពិភពលោក កំពុងបន្តវិវត្តប្រែប្រួលស្មុគស្មាញ និងជះឥទ្ធិពលដល់វិស័យសន្តិសុខ នយោបាយ សេដ្ឋកិច្ច និងមនុស្សធម៌ជាសកល។ ចំពោះប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ប្រទេសយើងបានបន្តបោះជំហានទៅមុខយ៉ាងរឹងមាំ និងមានជីវភាពប្រជាជនល្អប្រសើរជាលំដាប់។
​ទន្ទឹមនេះ យើងក៏នៅមានបញ្ហាប្រឈម និងបទល្មើសថ្មីៗ ដែលទាមទារឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងរៀបចំផែនការដោះស្រាយប្រកបដោយប្រសិទ្ធភាព។ ដើម្បីបន្តពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សង្គម និងកាត់បន្ថយភាពក្រីក្រ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ដែលមានលក្ខណៈសម្បត្តិ ០៧យ៉ាង រួមមាន៖
​១. ផ្តល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត
២. គ្មានបទល្មើសលួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ
៣. មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍
៤. គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ជាពិសេសស្ត្រីនិងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ និងគ្មានក្មេងទំនើង
៥. ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាពនិងប្រសិទ្ធភាព
៦. មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ
៧. ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺឆ្លងរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព។
​ឯកឧត្តម ហ៊ូ សាគុណ បានមានប្រសាសន៍ថ្លែងកោតសរសើរនិងវាយតម្លៃខ្ពស់ ដល់រដ្ឋបាលខេត្តព្រះសីហនុ ដែលបានខិតខំប្រឹងប្រែងទាំងប្រាជ្ញាស្មារតី កម្លាំងកាយ បំពេញតួនាទីបានយ៉ាងល្អប្រសើរគួរជាទីមោទនៈ ខេត្តព្រះសីហនុជាខេត្តដ៏មានសក្តានុពល និងសំខាន់សម្រាប់ប្រទេសកម្ពុជា មានការវិនិយោគលើគ្រប់វិស័យ និងអរគុណដល់តំណាងស្នងការដ្ឋានដែលបានជម្រាបជូនរបាយការណ៍ ស្តីពី ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព រយៈពេល៦ខែ នៃឆមាសទី១ ក្នុងឆ្នាំ២០២៦ ដែលមានភាពល្អប្រសើរច្រើន និងអរគុណចំពោះការខិតខំប្រឹងប្រែង តាមរយៈសេចក្តីរាយការណ៍ សូចនាករអ្វីៗសុទ្ធតែប្រែប្រួល និងមានការកាត់បន្ថយនៅរាល់បទល្មើស និងការមានសណ្តាប់ធ្នាប់របៀបរៀបរយល្អ។
​ឯកឧត្តម ក៏បានបន្ថែមថា ដើម្បីទទួលបាននូវការប្រលងប្រណាំង ភូមិ ឃុំ សង្កាត់ ទទួលបានលទ្ធផលល្អ យើងត្រូវសហការគ្នាយ៉ាងជិតស្និទ្ធ ត្រូវអនុវត្តតាមវិន័យ ភារកិច្ច និងតួនាទីរបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួន និងត្រូវដាក់ចេញនូវផែនការច្បាស់លាស់ ដើម្បីធ្វើយ៉ាងណាថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ក្នុងខេត្តព្រះសីហនុ ឱ្យបានល្អ។ ជាចុងបញ្ចប់ ឯកឧត្តមបានជូនពរដល់ថ្នាក់ដឹកនាំ និងសមាជិកសមាជិកាក្នុងអង្គពិធីទាំងមូលសូមទទួលបានតែសុខភាពល្អ និងសំណាងល្អគ្រប់ប្រការ៕

​អត្ថបទ៖ មនសូត្រ
រូបភាប៖ រដ្ឋបាលខេត្តព្រះសីហនុ