ព្រះរាជក្រឹត្យថ្មីនឹងតម្រូវឱ្យគ្រូបង្រៀនគ្រប់កម្រិតស្ថិតក្នុង «ក្របខណ្ឌ ក» ចាប់ពីឆ្នាំ២០២៧

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដាក់ចេញនូវ «ព្រះរាជក្រឹត្យថ្មីស្តីពីលក្ខន្តិកៈអង្គគ្រូបង្រៀន» ដែលជាជំហានកំណែទម្រង់ស៊ីជម្រៅមួយក្នុងគោលបំណងពង្រឹងសមត្ថភាពគ្រូបង្រៀន និងលើកកម្ពស់គុណភាពវិស័យអប់រំនៅទូទាំងប្រទេស ដោយកំណត់អនុវត្តផ្លូវការចាប់ពីឆ្នាំ២០២៧ តទៅ។

ព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ នៅវិទ្យាស្ថានជាតិអប់រំ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុងពិធី បើកសិក្ខាសាលាផ្សព្វផ្សាយ «ព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈ នៃអង្គគ្រូបង្រៀន» ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម ជុក មុន្នី រដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈ និងជាប្រធានអនុគណៈកម្មាធិការគ្រប់គ្រងធនធានមនុស្ស ស្ថាប័ន និងបៀវត្ស តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និង ក្រសួងមុខងារសាធារណៈ លោក លោកស្រីអភិបាលរង នៃគណៈអភិបាលរាជធានី ខេត្ត ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ប្រធានមន្ទីរមុខងារសាធារណៈ នាយក នាយិកា លោកគ្រូ អ្នកគ្រូ និងបុគ្គលិកអប់រំពាក់ព័ន្ធ។

សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងដោយក្រសួងមុខងារសាធារណៈ និងក្រសួងអប់រំ យុវជន និងកីឡា ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងត្រៀមសម្រាប់ការអនុវត្តខ្លឹមសារនៃព្រះរាជក្រឹត្យថ្មី ក្នុងគោលដៅលើកកម្ពស់គុណភាពអប់រំ និងផ្តល់អត្ថប្រយោជន៍ដល់មន្រ្តីរាជការ ពិសេសអង្គគ្រូបង្រៀន ដែលជាផ្នែកមួយដ៏សំខាន់នៃកំណែទម្រង់វិស័យអប់រំនៅកម្ពុជា។ «ព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈ នៃអង្គគ្រូបង្រៀន» ត្រូវបានរៀបចំឡើងដោយផ្អែកលើស្ថានភាពបច្ចុប្បន្នក្នុងវិស័យអប់រំ វិស័យមុខងារសាធារណៈ និងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា សំដៅគាំទ្រការគ្រប់គ្រងមន្ត្រីរាជការស៊ីវិលក្នុងវិស័យអប់រំ ឱ្យមានប្រសិទ្ធភាពខ្ពស់ ជួយជំរុញការផ្តល់សេវាអប់រំ ប្រកបដោយគុណភាព ប្រសិទ្ធភាព សមធម៌ និងបរិយាបន្ន ឆ្លើយតបទៅនឹងតម្រូវការសេដ្ឋកិច្ចសង្គម។

​នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយ ឯកឧត្តម ជុក មុន្នី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានឱ្យដឹងថា ចាប់ពីឆ្នាំ២០២៧ តទៅ ការជ្រើសរើសគ្រូបង្រៀនថ្មីគ្រប់កម្រិតសិក្សា ចាប់តាំងពីមត្តេយ្យសិក្សា បឋមសិក្សា រហូតដល់មធ្យមសិក្សា នឹងត្រូវបញ្ចូលទៅក្នុង «ក្របខណ្ឌ ក» ទាំងអស់។ បន្ថែមពីនេះ គ្រូបង្រៀនគ្រប់រូបតម្រូវឱ្យឆ្លងកាត់ការបណ្តុះបណ្តាលគរុកោសល្យជាចាំបាច់ ។

​ទាក់ទិននឹងការផ្លាស់ប្តូរនេះដែរ ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានគូសបញ្ជាក់ថា គ្រូបង្រៀនបច្ចុប្បន្នដែលស្ថិតក្នុង «ក្របខណ្ឌ ខ» និង «ក្របខណ្ឌ គ» ក៏មានឱកាសប្រឡង ឬអភិវឌ្ឍសមត្ថភាពដើម្បីដំឡើងមក «ក្របខណ្ឌ ក» ដូចគ្នាផងដែរ។

ទោះជាយ៉ាងណា ឯកឧត្តមបានសង្កត់ធ្ងន់ថា ការផ្លាស់ប្តូរនេះមិនមែនជាការទទួលបានដោយស្វ័យប្រវត្តិនោះទេ ពោលគឺក្រសួងនឹងរៀបចំការវាយតម្លៃសមត្ថភាព និងលក្ខខណ្ឌកំណត់យ៉ាងច្បាស់លាស់។

ការកែទម្រង់លក្ខន្តិកៈថ្មីនេះ ត្រូវបានគេមើលឃើញថា ជាការផ្លាស់ប្តូរមួយនៃប្រព័ន្ធអប់រំនៅកម្ពុជា ដែលដើរចេញឆ្ងាយពីអតីតកាលនៃការអនុវត្តរូបមន្ត «អ្នកចេះច្រើនបង្រៀនអ្នកចេះតិច អ្នកចេះតិចបង្រៀនអ្នកមិនចេះ» មកជារចនាសម្ព័ន្ធអប់រំដែលមានស្តង់ដារ និងជំនាញវិជ្ជាជីវៈខ្ពស់។

លោកគ្រូ អ្នកគ្រូ ដែលបានចូលរួមក្នុងពិធីផ្សព្វផ្សាយបានសម្តែងការគាំទ្រយ៉ាងខ្លាំងចំពោះព្រះរាជក្រឹត្យថ្មីនេះ ដោយលើកឡើងថា នេះជាការលើកទឹកចិត្ត និងផ្តល់អត្ថប្រយោជន៍ផ្ទាល់ដល់នាយកសាលា និងគ្រូបង្រៀន ព្រមទាំងរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតមូលដ្ឋានគ្រឹះអប់រំដ៏រឹងមាំសម្រាប់សិស្សានុសិស្សដែលជាទំពាំងស្នងឫស្សីនាពេលអនាគត៕