ខេត្តកណ្តាល ៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ព្រមទាំងមន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរក្រុងតាខ្មៅ បានអញ្ជើញចុះពិនិត្យដោយផ្ទាល់ នៅទីតាំងការដ្ឋានសាងសង់ និងកែលម្អច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង ដែលស្ថិតនៅក្នុងភូមិសាស្ត្រសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
គម្រោងសាងសង់ និងកែលម្អច្រាំងស្ទឹងព្រែកត្នោតនេះ មិនត្រឹមតែជួយការពារការបាក់ស្រុតច្រាំងស្ទឹងនៅរដូវវស្សាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សោភ័ណភាព និងបរិស្ថានជុំវិញក្រុងតាខ្មៅ ឱ្យកាន់តែមានភាពស្រស់បំព្រងថែមមួយកម្រិតទៀតផងដែរ។
ឯកឧត្តម គួច ចំរើន បានណែនាំ និងផ្តាំផ្ញើដល់ក្រុមការងារសាងសង់ ត្រូវយកចិត្តទុកដាក់ ខ្ពស់ ក្នុងការសាងសង់ច្រាំងស្ទឹង ដោយអនុវត្តឲ្យបានត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេស សំដៅធានាបាននូវសុវត្ថិភាព និងមានគុណភាពរឹងមាំល្អ ព្រមទាំងសាងសង់ឲ្យសម្រេចរួចរាល់ជាស្ថាពរតាមផែនការដែលបានគ្រោងទុក។
គួររំលឹកផងដែលថា តាមមន្ត្រីជំនាញបច្ចេកទេសគម្រោងស្ថាបនាកែលម្អច្រាំងស្ទឹងព្រែកត្នោតប៉ែកខាងត្បូងស្ទឹង ក្នុងក្រុងតាខ្មៅ នេះមានប្រវែងសួនសាធារណៈ ៥៩០ម៉ែត្រ និងគ្រឿងបង្គំថ្មីប្រវែង ៤៥០ម៉ែត្រ។ ក្នុងនោះបានរៀបចំចំនួន ៣ ថ្នាក់ ដែលគម្រោងនេះគ្រោងនឹងបញ្ចប់ការសាងសង់ ១០០% នៅចុងឆ្នាំ២០២៦ ខាងមុខនេះ៕





