ក្រសួងបរិស្ថាន នាំយកសម្ភារសង្គ្រោះបឋម ដែលជាអំណោយរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ច័ន្ទមុន្នី ជូនដល់សហគមន៍តំបន់ការពារធម្មជាតិរលាក់កងជើង ដើម្បីបង្កើនសុវត្ថិភាពភ្ញៀវទេសចរណ៍
កំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងារក្រសួងបរិស្ថាន ដឹកនាំដោយ ឯកឧត្តម កែន សេរីរដ្ឋា អគ្គនាយកនៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃនាយកដ្ឋានជីវភាពសហគមន៍ នាយកដ្ឋានទេសចរណ៍ធម្មជាតិ និងមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បាននាំយកសម្ភារសង្គ្រោះបឋម ដែលជាអំណោយដ៌ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ច័ន្ទមុន្នី ជូនដល់គណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិរលាក់កងជើង (គោលដៅលំហែបៃតងខ្នងផ្សារ) ដែលស្ថិតក្នុងភូមិសាស្ត្រ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។
សម្ភារដែលក្រុមការងារបានប្រគល់ជូននាឱកាសនេះ រួមមាន៖
១. កាបូបផ្ទុកបរិក្ខារ និងថ្នាំពេទ្យសង្គ្រោះបឋម (First Aid Kits) ចំនួន ០៥ ឈុត
២. ស្នែងសម្រាប់សង្គ្រោះ និងបញ្ជូនអ្នករបួស (ហ្វ្រង់ការ) ចំនួន ០២ គ្រឿង
មានប្រសាសន៍ក្នុងពិធីសំណេះសំណាលនាឱកាសនោះ ឯកឧត្តមអគ្គនាយក បានពាំនាំនូវការសាកសួរសុខទុក្ខ និងក្តីនឹករលឹកយ៉ាងជ្រាលជ្រៅពីសំណាក់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជូនដល់គណៈកម្មការ និងសមាជិកសហគមន៍តំបន់ការពារធម្មជាតិទាំងអស់។ ឯកឧត្តមអគ្គនាយក បានណែនាំ និងបង្ហាញពីសម្ភារនីមួយៗ ដល់ប្រជាសហគមន៍ និងគូសបញ្ជាក់ថា សម្ភារដែលប្រគល់ជូននេះ គឺសម្រាប់ប្រើប្រាស់ក្នុងកិច្ចសង្គ្រោះបន្ទាន់ផ្សេងៗ ក្នុងអំឡុងពេលនាំភ្ញៀវទេសចរណ៌កម្សាន្តនៅក្នុងតំបន់។ បន្ថែមពីនេះ ឯកឧត្តមអគ្គនាយក និងក្រុមការងារ ក៏បានស្វែងយល់ពីការប្រើប្រាស់ និងគ្រប់គ្រងអាគារ និងហេដ្ឋារចនាសម្ព័ន្ធគោលដៅលំហែបៃតងខ្នងផ្សារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី និងលោកជំទាវផងដែរ។
ជាការឆ្លើយតប សមាជិកសហគមន៍តំបន់ការពារធម្មជាតិរលាក់កងជើង ក៏បានសម្តែងនូវសេចក្តីរំភើប ត្រេកអរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ច័ន្ទមុន្នី ដែលជានិច្ចកាល តែងតែយកចិត្តទុកដាក់ និងគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ សហគមន៍បានចាត់ទុកថា ការផ្តល់នូវអាគារ និងហេដ្ឋារចនាសម្ព័ន្ធគោលដៅលំហែបៃតងខ្នងផ្សារនេះ គឺជាការផ្តល់នូវដង្ហើមសេដ្ឋកិច្ច បង្កើតការងារ បង្កើនប្រាក់ចំណូលដល់សហគមន៍ ក៏ដូចជាបានប្រែក្លាយ តំបន់ដាច់ស្រយាលខ្នងផ្សារនេះទៅជាគោលដៅលំហែបៃតង ដ៏ពេញនិយមរបស់អ្នកទេសចរណ៍ជាតិ និងអន្តរជាតិ ។ សហគមន៍បានប្តេជ្ញាចិត្តថែរក្សា និងប្រើប្រាស់សម្ភារសង្គ្រោះទាំងនេះ ឱ្យចំគោលដៅ និងមានប្រសិទ្ធភាពខ្ពស់បំផុត ។
មុននឹងបញ្ចប់កម្មវិធី ឯកឧត្តមអគ្គនាយក និងក្រុមការងារក៏បានចុះត្រួតពិនិត្យមើលការថែទាំហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ក្នុងទីតាំងលំហែបៃតងខ្នងផ្សារផងដែរ រួមមាន៖ បញ្ជរផ្តល់ព័ត៌មាន បន្ទប់សង្គ្រោះបឋម បន្ទប់ទឹក និងទីតាំងចំណតយានយន្ត៕





