សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ នាំយកអំណោយមនុស្សធម៌ជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋមានជំងឺគីសនៅជើង និងមានជីវភាពខ្វះខាត ក្នុងក្រុងកំពង់សោម
ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២៦ នេះ ដោយមានការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋពីសំណាក់ ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានចាត់ឱ្យក្រុមការងារសាខា និងអនុសាខា រួមមាន លោក សែជូ សិទ្ធិជោតិ លេខាធិការគណៈកម្មាធិការសាខា លោក គាំ សុខុម នាយកសាខា លោក នួន ប៊ុនថុល ប្រធានគណៈកម្មាធិការអនុសាខាក្រុងកំពង់សោម ព្រមទាំងអ្នកស្ម័គ្រចិត្ត បានរួមគ្នានាំយកអំណោយមនុស្សធម៌របស់សាខាខេត្ត ទៅប្រគល់ជូនប្រជាពលរដ្ឋម្នាក់ឈ្មោះ លោក អ៊ីន សាឡេះ អាយុ ៣៧ឆ្នាំ ដែលកំពុងមានជំងឺដុះដុំគីសនៅជើង និងមានជីវភាពខ្វះខាតខ្លាំង បច្ចុប្បន្នរស់នៅភូមិបត់គគីរ សង្កាត់អូរឧកញ៉ាហេង ក្រុងកំពង់សោម ខេត្តព្រះសីហនុ។
មានប្រសាសន៍ក្នុងឱកាសនោះ លោក សែជូ សិទ្ធិជោតិ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ក្ដីនឹករលឹក និងក្តីអាណិតអាសូរក្រៃលែងពីសំណាក់ ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានគណៈកម្មាធិការសាខាខេត្ត ជាពិសេសពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។
លោកបានបញ្ជាក់ថា សម្តេចប្រធានតែងតែគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះថ្នាក់ផ្សេងៗ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយណាមួយឡើយ ស្របតាមទិសស្លោក «កាកបាទក្រហមកម្ពុជាមាននៅគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា ដោយមិនទុកនរណាម្នាក់ចោលឡើយ»។
ដើម្បីជួយសម្រាលការលំបាកក្នុងជីវភាពប្រចាំថ្ងៃ អំណោយដែលបានផ្ដល់ជូនគ្រួសាររងគ្រោះ រួមមាន៖ អង្ករ ១បាវ ស្មើនឹង ២៥ គ.ក មី ១កេស ទឹកត្រី ១យួរ ទឹកសុទ្ធ ១យួរ កន្ទេល១ ឃីត១ (មុង១ ភួយ១ ក្រមា១ សារុង១) អនុសាខាក្រុងកំពង់សោមឧបត្ថម្ភថវិកាចំនួន ៤០មុឺនរៀល និងថវិកាសាខាខេត្តឧបត្ថម្ភចំនួន ៥០ម៉ឺនរៀល ៕
ប្រភព: សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ





